កម្ពុជា ក្លាយជាប្រទេសមួយ ដែលមានអត្រាបាត់បង់ព្រៃឈើរហ័សជាងគេក្នុងពិភពលោក
ភ្នំពេញ៖ អង្គការណាសា ដែលជាស្ថាប័នមួយឃ្លាំមើលការប្រែប្រួល និងការវិវន្ត៍ផែនដី បានបង្ហាញថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលមានអត្រាបាត់បង់ព្រៃឈើរហ័សជាងគេក្នុងពិភពលោក។ យ៉ាងណាចំពោះបញ្ហានេះ ក្រសួងបរិស្ថានមិនទាន់អាចឆ្លើយតបបាននៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ក្រសួងកំពុងសិក្សាលើបញ្ហានេះ ។ រាយការណ៍ដោយលោក ញ៉ែម សំណាង
របាយការណ៍មួយកាលពីថ្ងៃទី១០ ខែមករា របស់អង្គការណាសា ដែលគេស្គាលថា ជាស្ថាប័នឃ្លាំមើលការប្រែប្រួលផែនដី អមដោយរូបភាពពីផ្កាយរណបានបង្ហាញថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាបាត់បង់ព្រៃឈើរហ័សជាងគេក្នុងពិភពលោក។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងអំឡុងពេលមួយទសវត្សកន្លងមកនេះ ទេសភាពព្រៃឈើក្នុងប្រទេសកម្ពុជា ទោះបីក្នុងតំបន់ការពារក៏ត្រូវបានកាប់សំអាតដែរ ហើយភាគច្រើននៃគម្របព្រៃឈើទាំងនោះត្រូវបានកាប់បំផ្លាញ និងដាំជំនួសវិញដោយដំណាំកៅស៊ូ។
យោងតាមអង្គការណាសា NASA Earth Observatory ការផ្លាស់ប្តូររូបភាពទេសភាពព្រៃឈើកម្ពុជាពីសម្បូរបែបទៅកាន់ការរលាយបាត់បង់រូបរាង ត្រូវបានលាតត្រដាងតាមរយៈ ការប្រៀបធៀបរូបភាពពីផ្កាយរណប Landsat នៃព្រៃឈើនៅលើផ្ទៃដីជិតព្រំដែនខេត្តកំពង់ធំ និងកំពង់ចាម ក្នុងកាលបរិច្ឆេទដំបូងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០០០ ធៀបទៅនឹងទិន្នន័យ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដោយបង្ហាញថា ព្រៃឈើត្រូវបានជំនួសដោយក្រឡាចក្រត្រង់ ដូចជាផ្លូវថ្នល់ និងចំការកៅស៊ូទ្រង់ទ្រាយធំ។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានបញ្ជាក់ប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ១៣ មករា នេះថា ក្រសួងមិនទាន់អាចឆ្លើយបំភ្លឺបានទេ នៅពេលនេះ ពីព្រោះក្រសួង កំពុងតែមមាញឹក ត្រួតពិនិត្យរបាយការណ៍ និងធ្វើការផ្ទៀងផ្ទាត់ ដើម្បីឆ្លើយតបទៅនិងអង្គការណាសា។ លោកបញ្ជាក់បន្ថែមផងដែលថា និងធ្វើការឆ្លើយតបនាពេលឆាប់ៗខាងមុខនេះ។
បើតាមអ្នកស្រាវជ្រាវដែលធ្វើការងារជាមួយនឹងទិន្នន័យរូបភាព Landsat និងទិន្នន័យសេដ្ឋកិច្ចផ្សេងទៀត របស់អង្គការណាសា ក៏បានរកឃើញដែរថា ការផ្លាស់ប្តូរតម្លៃកៅស៊ូជាសកល និងកិច្ចព្រមព្រៀងដីសម្បទានសេដ្ឋកិច្ចបានដើរតួនាទីសំខាន់ក្នុងការបង្កើនអត្រាកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ ជាងនេះទៅទៀត ការបាត់បងគម្របព្រៃឈើកម្ពុជានេះ ក៏ដោយសារតែ ដីសម្បទាន ដែលរាជរដ្ឋាភិបាលបានជួលទៅឲ្យអ្នកវិនិយោគក្នុងស្រុក និងបរទេសសម្រាប់ធ្វើកសិកម្មផលិតផលឈើ និងតម្រូវការផ្សេងទៀត។ អ្នកស្រាវជ្រាវ រូបនោះ បញ្ចាក់ដែរថា អត្រាបាត់បង់ព្រៃឈើក្នុងដីសម្បទានមាននៅគ្រប់ទីកន្លែងកើនឡើងពី ២៩% ទៅ១០៥%បើធៀបនឹងដីក្រៅសម្បទាន។
ដោយឡែក អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Maryland និងវិទ្យាស្ថានធនធានពិភពលោកនៃអង្គការឃ្លាំមើលព្រៃឈើពិភពលោកបានប្រើប្រាស់ទិន្នន័យផ្កាយរណប Landsat ដើម្បីតាមដានអត្រាបាត់បង់ព្រៃឈើលើមាត្រដ្ឋានពិភពលោកមួយបង្ហាញថា ប្រទេសជាច្រើនបានបាត់បង់ព្រៃឈើរាប់សិបហិកតាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈកម្ពុជា កំពុងប្រជែងនឹងការកើនឡើងខ្លាំងនៃកាប់បំផ្លាញព្រៃឈើ។
នៅចន្លោះឆ្នាំ២០០១ ដល់ ២០១៤ អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ ១៤,៤%មានន័យថា កម្ពុជាបាត់បង់ព្រៃឈើសរុបជាង ១ លាន ៤ សែន ហិកតា ខណៈដែលប្រទេសដទៃទៀត ដែលបង្កើនអត្រាបាត់បង់ព្រៃឈើរហ័សផង រាប់បញ្ចូល Sierra Leone ត្រឹម ១២.៦% Madagascar ៨.៣% Uruguay ៨.១%) និង Paraguay ៧.៧% ប៉ុណ្ណោះ។
តាមន័យទូលាយ ព្រៃឈើ គឺជាតំបន់ដែលគ្របដណ្តប់ដោយដើមឈើរួមបញ្ចូលដង់ស៊ីតេដើមឈើ កម្ពស់ដើមឈើ ការប្រើប្រាស់ដី ជំហរផ្លូវច្បាប់ និងមុខងារអេកូឡូស៊ី។ អង្គការកសិកម្ម និងស្បៀងអាហារពិភពលោកបានប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០០៦ ព្រៃឈើបានគ្រប់ដណ្តប់ប្រហែល ៣០% នៃផ្ទៃដីរបស់ពិភពលោក ឬស្មើនឹង៤.០០០លានហិកតា។
គួរជម្រាបថា អង្គការណាសា (NASA Earth Observatory) គឺជា គ្រឹះស្ថានបោះពុម្ពផ្សាយសម្រាប់វិទ្យាស្ថានស្រាវជ្រាវអវកាសNASA ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មានបេសកកម្មចែករំលែកជាមួយនឹងសាធារណជននូវ រូបភាព រឿងរ៉ាវ និងការរកឃើញអំពីបរិស្ថានប្រព័ន្ធផែនដី និងបរិយាកាសដែលផុសឡើងពីការស្រាវជ្រាវរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA រាប់បញ្ចូលទាំងបេសកកម្មផ្កាយរណបរបស់ខ្លួនក្នុងការស្រាវជ្រាវនិងគំរូភាព។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!