ពលរដ្ឋ និងសាច់ញាតិតំណាងសហគមន៍ដីធ្លីដែលសមត្ថកិច្ចឃាត់ខ្លួន ប្រមូលផ្តុំតវ៉ានៅមុខសាលាដំនូងខេត្តសៀមរាប
សៀមរាប៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋប្រមាណ៧០នាក់ បានមកតវ៉ាមុខសាលាដំបូងខេត្តសៀមរាប ដើម្បីទាមទារអោយដោះលែងតំណាងសហគមន៍ដីធ្លី ដែលអាជ្ញាធរឃាត់ខ្លួនកាលពីពេលថ្មីៗនេះ ដោយចោទពីបទឆបោកលុយជិត ៣ម៉ឺនដុល្លាពីឈ្មួញរកស៊ីដី។ រាយការបន្តដោយលោក ចក់ ចំរើន
ប្រជាពលរដ្ឋប្រមាណ ៧០នាក់ បានមកតវ៉ាមុខសាលាដំបូងខេត្តសៀមរាប ដើម្បីទាមទារអោយដោះលែងលោក ចាន់ រិទ្ធ តំណាងសហគមន៍ដីធ្លីខេត្តសៀមរាប បន្ទាប់ពីត្រូវអាជ្ញាធរឃាត់ខ្លួនកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០១៧ នៅក្នុងភូមិត្បែងលិច ភូមិត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពីបទឆបោកលុយជិត២ម៉ឺនដុល្លាពីឈ្មួញរកស៊ីដី។
អ្នកស្រី ឃី ភារម្យ ភរិយារបស់លោក ចាន់ រិទ្ធ ដែលអាជ្ញាធរឃាត់ខ្លួន បានប្រាប់វទ្យុសំលេងយុវជន នៅថ្ងៃទី ២៣ មករានេះថា ប្រជាពលរដ្ឋមកប្រមូលផ្តុំគ្នានៅពេលនេះ គឺដើម្បីតវ៉ាអោយតុលាការ និងអាជ្ញាធរមានសមត្តកិច្ចទាំងអស់ ជួយរកយុត្តិធម៌ និងដោះលែងលោកចាន់រិទ្ធអោយនៅក្រៅឃុំ ខណៈដែលប្តីអ្នកស្រី ត្រូវបានជនមិនស្គាល់មុខលួចបាញ់សំលាប់ កាលពីពេលកន្លងទៅ ក្រោយពីមានការគម្រាមពីឈ្មួញឈើ ។
អ្នកស្រី បញ្ចាក់បន្ថែមថា ប្តីអ្នកស្រី ត្រូវបានចោទប្រកាន់ថា បានឆបោកលក់ដី៦កន្លែង នឹងបានយកលុយពីលោក យឹម សារីន ជិត២ម៉ឺនដុល្លា ដែលអ្ចីទាំងនេះ អ្នកស្រីបានអះអាងថា មិនពិតនោះទេ ហើយការមកចាប់ខ្លួន ប្តីអ្នកស្រី ពី៏សំណាក់សមត្តកិច្ច ក៏មិនមានដីការអ្វីមកបញ្ជាក់នោះដែរ ។
លោក រៀម ចន្ទទ្ធី ព្រះរាជអាជ្ញារងខេត្តសៀមរាប បានអះអាងថា ការចាប់ខ្លួនលោក ចាន់ រិទ្ធ គឺមានដីការ និងភស្តុតាងត្រឹមត្រូវ ហើយក្នុងករណីគ្មានភស្តុតាង តុលាការអាចចាប់យកមកឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរងចាំចីតិវិធីរបស់តុលាការ តែក៏មិនទាន់ប្រាកដថា ការឃុំខ្លួននេះ លោលមានទោសនោះទេ។
លោក ចៅ លក្ខវណ្ណា អ្នកឃ្លាំមើលការរំលោភសិទ្ធមនុស្សប្រចាំខេត្តសៀមរាបបានលើកឡើងថា ការចាប់ខ្លួនលោកចាន់ រិទ្ធនេះ ថ្វីត្បិតតែលោកជាតំណាងសហគម៍ក៍ដោយ ប៉ុន្តែវាមិនមែនជាការទាមទារដើម្បីរកដំណោះស្រាយសម្រាប់ប្រយោជន៍សហគម៍រួមនោះទេ តែករណីនេះ ជារឿងផ្ទាល់ខ្លួនរបស់គាត់ ដែលមានឃម្លោះរវាងបុគ្គលនឹងបុគ្គលច្រើនជាងប្រយោជន៍រួមប្រជាពលរដ្ឋក្នុងសហគមន៍របស់គាត់។ យ៉ាងណា លោក ចៅ លក្ខវណ្ណា លើកឡើងបន្តថា លោករងចាំមើលចំណាត់ការរបស់តុលាការ ចំពោះសុំនុំរឿងនេះ ហើយអ្វីដែលសំខាន់ទៀតនោះ លោកចាំឃ្លាំមើលចំពោះចំណាត់ការតុលាការ និងសមត្តកិច្ច ក្នុងករណីជនប្រដាប់អាវុធ បានបាញ់មកលើលោក ចាន់រិទ្ធ នោះថា នឹងដោះស្រាយករណីនេះ ដោយរបៀបណា។
សូមជំរាប់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ផ្ទះរបស់ លោក ចាន់ រិទ្ធ ត្រូវបានជនមិនស្គាល់មុខបាញ់រះជាច្រើនគ្រាប់ ក្រោយឈ្មួញដីធ្លី លោក យឹម សារីន គំរាមសម្លាប់លោក កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ ២០១៦ បន្ទាប់ពីលោកបដិសេធលក់ដីសហគមន៍ដែលកំពុងមានជម្លោះនៅតំបន់ឧទ្យានជាតិភ្នំគូលេន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!