ពលរដ្ឋរស់នៅលើអាគារប៊ូលឌីញស បានចាក់ចេញជាបណ្តើរ ៗ ទាំងអាឡោះអាល័យ
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅលើអាគារប៊ូលឌីញស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានរៀបចំឥវ៉ានចាក់ចេញបណ្តើរៗ ក្រោយយល់ព្រមទទួលសំណាងពីក្រុមហ៊ុន បើទោះជាពលរដ្ឋទាំងនោះ បានត្រៀមលក្ខណៈចាក់ចេញ ក៏ពលរដ្ឋខ្លះបានបង្ហាញពីអារម្មណ៍ស្រណោះអាឡោះអាល័យ និងអ្នកខ្លះរីករាយ ស្របពេលដែលពលរដ្ឋប្រមាណជិត២០គ្រួសារទៀត នៅមិនមានផែនការរើចេញនៅឡើយ ដោយពួកគេមិនទាន់ឯកភាពនឹងតម្លៃដែលក្រុមហ៊ុនបានផ្តល់ជូន។
ខណៈរៀបចំសម្ភារៈក្នុងបន្ទប់ស្នាក់នៅជាន់ទី១នៃអគារប៊ូឌីញសបណ្តើរ និយាយបណ្តើរ អ្នកស្រី អ៊ិន សារាម់ អាយុ ៦៩ឆ្នាំ បានរៀបរាប់ថា ក្រុមគ្រួសារអ្នកស្រីបានរស់នៅអគារប៊ូឌីញនេះជាង ៣០ឆ្នាំមកហើយ ដោយបន្សល់ទុកនូវអនុស្សារីយ៍ជាច្រើនរាប់មិនអស់ រួមនឹងការប្រាស្រ័យទាក់ទងគ្នានឹងអ្នកជិតខាង។ អ្នកស្រីបន្តថា ការរៀបចំចាក់ចេញពីអាគារដ៏សំណាស់នេះ បន្ទាប់ពីបានរកផ្ទះថ្មីរស់នៅ ដែលស្ថិតនៅម្តុំវត្តនិរោធ ខណ្ឌច្បារអំពៅ ដែលមានតម្លៃប្រហាក់ប្រហែលនឹងបន្ទប់របស់គាត់ក្នុងអគារប៊ូឌីញសនេះ។
ដោយឡែក អ្នកស្រី សែម មានិត្យ ដែលកំពុងតែរើឥវ៉ានត្រៀមចាក់ចេញដែរនោះ បាននិយាយថា ពួកគាត់ស្ម័គ្រចិត្តព្រមព្រាងលក់បន្ទប់នេះទៅឲ្យក្រុមហ៊ុនអារ៉ាកាវ៉ា ក្នុងតម្លៃ១៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដើម្បីធ្វើការអភិវឌ្ឍអគារវ័យចំណាស់នេះ បើទោះជាថវិកាដែលអ្នកស្រីទទួលបាន នៅពុំទាន់គ្រប់សម្រាប់ទិញផ្ទះថ្មី ខណៈខ្លួននៅស្តាយស្រណោះទីដែលធ្លាប់រស់នៅជាយូរឆ្នាំមកហើយក៏ដោយ។
កាលពីថ្ងៃទី៣០ ឧសភា នៅក្នុងកិច្ចប្រជុំពិភាក្សាពីការអភិវឌ្ឍអគារប៊ូឌីញ«ស» រវាងថ្នាក់ដឹកនាំក្រសួ ជាមួយប្រជាពលរដ្ឋប្រមាណ ៤០០នាក់ នៅទីស្តីការក្រសួងរៀបចំដែនដី មានម្ចាស់សហកម្មសិទ្ធិចំនួន ៤៦៤បន្ទប់ក្នុងចំនួនសរុប ៤៩២បន្ទប់ បានចុះកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនជប៉ុនដែលវិនិយោគលើអគារនេះ។ ដោយក្នុងនោះ លោក ជា សុផារ៉ា បានលើកឡើងថា ពលរដ្ឋដែលយល់ព្រមលក់ អាចចាប់ផ្តើមរើសម្ភារៈចាកចេញបាន ចាប់ពីថ្ងៃទី០៦ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧ ហើយក្រុមការងាររបស់ក្រសួងនិងក្រុមហ៊ុន នឹងផ្ទេរប្រាក់ថ្លៃផ្ទះតាមធនាគារជូនពលរដ្ឋភ្លាមៗនៅពេលដែលពួកគេចាកចេញ ហើយលោកក៏ជួយឧបត្ថម្ភថវិកា ១០០ដុល្លារក្នុងមួយបន្ទប់ សម្រាប់ថ្លៃការដឹកជញ្ជូនសម្ភារៈចេញ ព្រមទាំងរៀបចំពិធីជប់លៀងជូនពលរដ្ឋ នៅថ្ងៃទី១០ខែមិថុនាខាងមុខនេះផងដែរ។
បើទោះជាពលរដ្ឋជាង ៩៥ ភាគរយ ព្រមចុះកិច្ចសន្យា និងកំពុងរុះរើសម្ភារៈ ដើម្បីចាក់ចេញទៅកន្លែងថ្មី ក៏នៅមានពលរដ្ឋជិត២០គ្រួសារទៀត នៅតែពុំទាន់សម្រេចចិត្តចាកចេញនៅឡើយ ដោយលើកឡើងថា តម្លៃបន្ទប់ដែលក្រុមហ៊ុនផ្តល់ឲ្យ មិនអាចយកទៅទិញទីតាំងថ្មីសម្រាប់រស់នៅបានទេ។
អ្នកស្រី ហេង ភារុន រស់នៅជាន់ផ្ទាល់ដី ដែលផ្ទះអ្នកស្រីមានបើកអាជីវកម្មលក់ដូរផងនោះ និយាយថា ខ្លួនទៅមិនរើឥវ៉ាន់ទីណាទេ ព្រោះតែសំណងតិចពេក មិនអាចយកទៅទិញផ្ទះ ទិញដីបានទេ។ បើតាមអ្នកស្រីហេង ភារុន បានឲ្យដឹងថា ខ្លួនទទួលបានសំណងតែជាង៣ម៉ឺនដុល្លារ ប៉ុណ្ណោះ ដូចនេះ អ្នកស្រី ស្នើឲ្យក្រុមហ៊ុនដំឡើងបន្តិចទៀត សម្រាប់ខ្លួន ដើម្បីចាក់ចេញ។
បើតាមទំព័រហ្វេសបុករបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតមកដល់ម៉ោងជិត ៤រសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋអគារប៊ូឌីញ ស ជាង ៤០បន្ទប់ស្នាក់នៅ បានទទួល ប្រាក់ទូទាត់រួចរាល់ ក្រោយពីបានប្រគល់បន្ទប់ជូនក្រុមហ៊ុន និងបានចាកចេញពីបន្ទប់ស្នាក់នៅ ទៅតាំងទីលំនៅថ្មី តាមបំណងប្រាថ្នារបស់ពួកគេ។
លោក សៀ ភារម្យ នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន សាទរចំពោះដំណោះស្រាយរបស់ភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដែលនេះគឺជាគំរូមួយដ៏ល្អ សម្រាប់ករណីដទៃទៀត ខណៈលោកជំរុញឲ្យប្រជាពលរដ្ឋដែលនៅសេសសល់ គួរទទួលយកសំណាង ព្រោះពលរដ្ឋភាគច្រើនបានទទួលយកអស់ហើយ។ តែយ៉ាងណា លោកបន្តថា ក្នុងករណីពលរដ្ឋដែលសល់ ជិត ២០ គ្រួសារ ដែលមិនព្រមទទួលយកសំណង បើក្រុមហ៊ុន និងក្រសួង មានការចរចាយ៉ាងណាបន្ថែមទៀត សម្រាប់ពួកគាត់ ក៏ជាការប្រសើ។
គួបញ្ជាក់ថា គម្រោងអភិវឌ្ឍអាគារប៊ូលឌិញស ត្រូវបានរាជរដ្ឋាភិបាលប្រគល់ទៅឲ្យក្រុមហ៊ុនជប៉ុន Arakawa ធ្វើការវិនិយោគសាងសង់ឡើងវិញ ដែលគ្រោងចំណាយថវិកាអស់ប្រមាណ ៧០ ទៅ ៨០លានដុល្លារអាមេរិក រួមមាន ការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអាគារថ្មីមានកម្ពស់ ២១ជាន់៕
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!