លោក ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀង
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ អោយប្រុងប្រយ័ត្នខ្ពស់ចំពោះ ជំនន់ទឹកភ្លៀង ដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃនៅតាមបណ្តាខេត្តមួយចំនួន ខណៈកំរិតទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេក៏កើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរលើហ្វេសប៊ុកផ្លូវការបស់លោក នៅថ្ងៃទី ២៧ កក្តដា នេះថា « ចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ សូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថាហេតុណាមួយកើតឡើង។ និងសូមកុំ បណ្តោយកូនចៅទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។»
លោកក៏បាន អំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែនដីត្រូវ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវ ឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈម នឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹង ដងស្ទឹង និង សមុទ្រជាដើម។
បើតាមការប្រកាសរបស់ក្រសួងធនធានទឹក បានអោយដឹងថា ក្នុងរដូវវស្សាឆ្នាំនេះកម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពលឈ្មោះថា ENSO Neutral Condition ដែលបង្កអោយមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើ អោយទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជាទាំងមូលមានការកើនឡើង។
ដោយឡែក បញ្ហាទឹកជំនន់ទន្លេមេគង្គ ក្រសួងធនធានទឹក និងឧតុនិយម បានក៏បានប្រកាសថា ខេត្តចំនួន២ គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ អាចនឹងឈានដល់កម្រិត ប្រកាសអាសន្ននៅថ្ងៃ២៨ ខែកក្កដា ស្អែកនេះ ឬថ្ងៃខានស្អែក ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅ តាមមាត់ទន្លេ ក្នុងខេត្តទាំងពីរនេះ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានលើកឡើងថា កត្តាដែលធ្វើឲ្យខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ អាចនឹងឈានដល់ការប្រកាសអាសន្ន ដោយសារតែបញ្ហាចំនួន២ គឺទី១៖ បញ្ហាទឹកភ្លៀង និងទី២ ៖ បញ្ហាទឹកទន្លេមេគង្គមានសភាពឡើងខ្លាំង។
អ្នកនាំពាក្យក្រសួងធនធានទឹករូបនេះ ក៏បាន អំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តដែលប្រឈមខ្លាំង និងកំពុងប្រឈម មានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះបញ្ហានេះ ខណៈដែលលោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះ។
ដោយឡែកចំពោះ ខេត្តកំពង់ធំវិញ ត្រូវបានក្រសួង អះអាងថា ត្រូវបង្កើនការប្រុងប្រយ័ត្ន កំឡុងពេលដែលទឹកស្ទឹងសែនមានការកើនឡើងជាបន្តបន្ទាប់ ដោយភ្លៀងធ្លាក់មកនោះ។
ទាក់ទងនេះកាជួយសង្គ្រោះពីសំណាក់អាជ្ញាធរខេត្ត លោកមាស នីអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបានលើកឡើងនៅលើហ្វេសប៊ុករបស់លោក ដោយជម្រុញអោយអាជ្ញាធរពាក់ព័ន្ធប្រុងប្រៀបខ្លួនជាមុន មានទាំងបច្ចេកទេសជួយសង្គ្រោះ សម្ភារៈ អាវពោងសុវត្ថិភាព និងគ្រឿងជំនួយគ្រប់គ្រាន់ដើម្បីបង្កាកុំអោយមានគ្រោះថ្នាក់ជាយថហេតុណាមួយ និងដើម្បីសុវត្ថិភាពដល់ជនរងគ្រោះផងដែរ។
គួបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ។
តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំង ហើយបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ ទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់ ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ស្របពេលដែលប្រទេសជិតខាងមានដូចជា ភូមា វៀតណាម ថៃ កំពុងតែជន់លេចដោយទឹកជំនន់ខ្លាំងផងដែរ៕
ដោយលោក ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!