ក្រសួងបរិស្ថាន ប្រតិកម្មចំពោះការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍
ក្រសួងបរិស្ថាន ប្រតិកម្មចំពោះការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ អំពីអត្រានៃការបាត់បង់ព្រៃឈើនៅកម្ពុជា ដោយបានចាត់ទុកថា ការចុះផ្សាយនេះ មានចេតនាទុច្ចរឹត បង្កការភ័ន្តច្រឡំ និងមានរបៀបវារៈនយោបាយនៅពីក្រោយ។
ក្រសួងបរិស្ថាន បានចេញលិខិតមួយច្បាប់ ច្រានចោលនូវការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចំពោះអត្ថបទមួយដែលដាក់ចំណងជើងថា «អត្រានៃការបាត់បង់គម្របព្រៃឈើនៅកម្ពុជាក្នុងឆ្នាំ២០១៦»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ បានចាត់ទុកថា ការចុះផ្សាយរបស់ការសែតភ្នំពេញប៉ុស្តិ៍នេះ មានចេតនាទុច្ចរឹតត បង្កការភ័ន្តច្រឡំ និងមានរបៀបវារៈនយោបាយនៅពីក្រោយរបាយការណ៍មិនពិត ទាក់ទងនឹងគម្របព្រៃឈើនៅកម្ពុជា។
កាលពីថ្ងៃទីអង្គារ ការសែននេះ បានចុះផ្សាយនូវអត្តបទមួយ ដែលមានចំណងជើងថា អត្រានៃការបាត់បង់គម្របព្រៃឈើនៅកម្ពុជាក្នុងឆ្នាំ២០១៦។ ដោយក្នុងនោះ ស្ថាប័ននេះ បានដកស្រងទិន្នន័យ ដែលចេញផ្សាយដោយសាកលវិទ្យាល័យ Maryland ដែលបានតាមដានការបាត់បង់គម្របព្រៃឈើទូទាំងពិភពលោកក្នុងរយៈកាលពី ១៦ ឆ្នាំចុងក្រោយ ដោយប្រើរូបភាពផ្កាយរណប បង្ហាញថា តំបន់ឦសាននៃប្រទេសកម្ពុជានៅតែបន្តមានការកាប់ព្រៃឈើសម្រាប់ការនាំចេញឈើខុសច្បាប់ទៅប្រទេសវៀតណាម។
ការចុះផ្សាយដដែល បានបញ្ចាក់ថា ទិន្នន័យនេះ ក៏បង្ហាញផងដែរចំពោះការបាត់បង់គម្របព្រៃឈើ ពិតជាបានធ្លាក់ចុះក្នុងឆ្នាំ ២០១៤ និង ២០១៥ ដែលឆ្នាំ ២០១៤ ធ្លាក់ចុះ ១៣ ភាគរយ និងឆ្នាំ ២០១៥ ធ្លាក់ចុះ ១៦ ភាគរយ ប៉ុន្តែអត្រាបាត់បង់បានកើនឡើងដល់ ៣០ ភាគរយក្នុងឆ្នាំ ២០១៦ និងមានចំនួនប្រមាណ ២ សែនហិកតានៅក្នុងគម្របព្រៃឈើដែលបាត់បង់ ខណៈជាងពាក់កណ្តាលនៃផ្ទៃដី ២ សែនហិកតាជាគម្របព្រៃក្រាស់ដែលស្រដៀងនឹងព្រៃបៃតងជានិច្ច។
ជាមួយនឹងការដកស្រងទិន្នន័យពីសាកលវិទ្យាល័យ Maryland, កាសែតនេះ ក៏បានដកស្រងប្រភព ដែលរួមមានរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការប្រឆាំងការកាប់ព្រៃឈើ និងលោក កែវ អូម៉ាលីស អ្នកនាំពាក្យរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ដោយបានបដិសេធនូវរបាយការណ៍ ដែលបានរកឃើញនេះ ខណៈដែលពួកគេ បានបដិសេធផ្តល់របាយការណ៍ដល់ភ្នំពេញប៉ុសិ៍។
តែចំពោះការចុះផ្សាយនេះ ក្រសួងបរិស្ថាន បានអះអាងថា កន្លងទៅ អ្នកជំនាញបច្ចេកទេសរបស់ខ្លួន ធ្លាប់បានបកស្រាយគម្របព្រៃឈើ និងធ្វើបទបង្ហាញអំពីវិធីសាស្រ្ត នៃការវាយតម្លៃធនធានគម្របព្រៃឈើនៅកម្ពុជា តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៦ ជូនដល់សារព័ត៌មានឈ្មោះ Shaun Turton របស់កាសែតភ្នំពេញប៉ុស្តិ៍ រួចហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ កន្លងមក។ ដូចនេះ ក្រសួងបរិស្ថាន ចាត់ទុកថា ការចុះផ្សាយនៅក្នុងអត្ថបទនេះ ជាការបំផ្លើសការពិត ដែលបានចុះផ្សាយថា ក្រសួង មិនបានផ្តល់តួលេខទិន្នន័យធនធានគម្របព្រៃឈើឆ្នាំ២០១៦ ទៅកាន់ស្ថាប័ននេះ។
វិទ្យុសំឡេងយុវជន មិនអាចសុំការអត្ថាធិប្បាយ ពីលោក កៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ បានទេ នៅព្រឹកនេះ។ ខណៈលោកស្រី ឆាយ ច័ន្ទនីដា ប្រធានក្រុមអ្នកយកព័ត៌មាននៃកាសែតនេះ សុំមិនធ្វើការអត្ថាធិប្បាយ ដោយបង្វែរសំនួរទៅថ្នាក់លើ។
សូមជំរាប់ថា កាលពីអំឡុង ឆ្នាំ ២០១៦ និងដើមឆ្នាំ ២០១៧ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា ត្រូវបានដាក់ចូលនៅក្នុងគណៈកម្មាធិការបង្ក្រាបការកាប់ឈើខុសច្បាប់ និងការនាំចេញទៅប្រទេសវៀតណាម ហើយគណៈកម្មាធិការនេះ ត្រូវបានផ្តល់ឲ្យនូវឧទ្ធម្ភាគចក្រចំនួន ២ ផងដែរដើម្បីប្រយុទ្ធនឹងពាណិជ្ជកម្មខុសច្បាប់នេះ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ ធានាថា ការបាត់បង់យ៉ាងលឿននៃព្រៃឈើកម្ពុជាត្រូវបានបញ្ចប់។
តែលោក Marcus Hardtke សកម្មជនប្រឆាំងការកាប់ព្រៃឈើជាយូរមកហើយ បានថ្លែងថា ទិន្នន័យថ្មីនេះបង្ហាញថា នៅមានបញ្ហាកាប់ព្រៃឈើនៅឡើយនៅក្នុងឧទ្យានជាតិវីរជ័យ ហើយថាការកាប់ព្រៃឈើបានបំពានទៅលើតំបន់ព្រៃឡង់ពីចុងខាងជើង និងចុងខាងត្បូងនៃតំបន់ព្រៃការពារដែលទើបត្រូវបានកំណត់កាលពីពេលថ្មីៗ។ លោកបានថ្លែងបន្តថា ការថ្លែង និងការសន្យាជាច្រើនចំពោះចំណាត់ការប្រឆាំងនឹងបទល្មើសព្រៃឈើត្រូវបានធ្វើឡើងជាច្រើនឆ្នាំមកហើយ គឺតាំងពីពេលអ៊ុនតាក់មានវត្តមានក្នុងប្រទេសកម្ពុជាម្ល៉េះ ប៉ុន្តែមិនមានលទ្ធផល។ នេះបើតាមការដកស្រងសំដីរបស់លោកពីការសែតភ្នំពេញប៉ុសិ៍៕ រីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!