អូស្ត្រាលីមានការប្តេជ្ញាចិត្តខ្ពស់ចំពោះដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
(ភ្នំពេញ)ទូតអូស្ដ្រាលីប្រចាំកម្ពុជា បង្ហាញក្ដីបារម្ភជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា ដោយថា ការចង់រំលាយគណបក្សប្រឆាំង នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាឆ្នាំក្រោយ ខណៈដែលនីតិវិធីនៃការធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរំលាយគណបក្សនេះ ត្រូវបានសភា លើកមកពិនិត្យ។
ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃទី ១១ តុលាម្សិលមិញ ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា បានលើកឡើងថា បណ្ដឹងសុំ រំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ បានបង្កឲ្យមានក្ដីបារម្ភជាបន្ដបន្ទាប់ និងវាជាជំហានដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។
កាលពីថ្ងៃទី៦តុលាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានប្តឹង ទៅតុលាការកំពូល ដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស តាមពាក្យបណ្តឹងរបស់គណបក្សដែលគ្មានក្នុងសភា ចំនួន២។
រដ្ឋាភិបាលអូស្ដ្រាលី យល់ថា ចេតនាចង់រំលាយគណបក្សសង្គ្រោះជាតិ គឺជាដំណើរវិលថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យខ្មែរ ដែលវានឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០១៨ ដែល ត្រូវតែមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ដូចនេះ អូស្ដ្រាលី ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានបរិយាកាសនយោបាយល្អប្រសើរមួយ ដែលធានាដល់សិទ្ធិពលរដ្ឋ សិទ្ធិបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពរបស់គណបក្សប្រឆាំង ដែលថា មានសារៈសំខាន់ នៅក្នុងសង្គមប្រជាធិបតេយ្យ។
គួរបញ្ចាក់ថា នៅថ្ងៃទី ១២ តុលានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីវិសោធនកម្ម ច្បាប់បោះឆ្នោតចំនួន៤ បន្ទាប់ពីសមាជិករដ្ឋសភាគណបក្សប្រជាជន ចំនួន ៤៩ រូប បានធ្វើសេចក្តីស្នើឡើង ដើម្បីយកអាសនៈ របស់គណបក្សណាមួយដែលត្រូវបានរំលាយ ដោយតុលាការ ទៅចែកដល់គណបក្សផ្សេងៗទៀត ។
ជាមួយគ្នានេះដែរ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បាននិយាយថា ច្បាប់ទាំង៤ នេះ ដែលរួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានដាក់បញ្ជូនទៅគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ របស់រដ្ឋសភា ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវបន្ត។
ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ កន្លងទៅ សហគមន៍អន្តរជាតិ ដែលរួមមាន សហភាពអឺរុប បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត ធ្លាប់បង្ហាញក្តីព្រួបារម្ភរបស់ខ្លួន និងបានហៅការចាប់ខ្លួនលោក កឹម សុខា នេះថា ជាការគំរាមផ្នែកនយោបាយ និងទទូចឲ្យដោះលែងជាបន្ទាន់ ដើម្បីឲ្យដំណើរការបោះឆ្នោតខាងមុខ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ខណៈចំពោះបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិវិញ ពួកគេក៏បង្ហាញក្តីបារម្ភដែរថា ស្ថានភាពប្រជាធិបតីនៅកម្ពុជា កំពុងតែដើរថយក្រោយ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!