កិច្ចសហការរវាង មិត្តហ្វូននិងគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ផ្ដល់ផលប្រយោជន៍ដល់មនុស្សរាប់ម៉ឺននាក់
រាជធានីភ្នំពេញ -- ប្រជាជនជាច្រើនម៉ឺននាក់មកពីគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជា បានទទួលផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការលើការងារសង្គមរួមគ្នា រវាងក្រុមហ៊ុនទូរស័ព្ទ មិត្តហ្វូន និងក្រុម
គ្រូពេទ្យស្ម័គ្រចិត្ត TYDA ដែលផ្ដល់សេវាពិនិត្យនិងព្យាបាលសុខភាពដោយឥតគិតថ្លៃដល់ប្រជាជន។ នេះបើតាមការឲ្យដឹងពីតំណាងក្រុមហ៊ុន មិត្តហ្វូន។
មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានចូលរួមសហការជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហៅកាត់ថា TYDA តាំងពីឆ្នាំ២០១៥មកម្ល៉េះ ដើម្បីផ្ដល់សេវា
ពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជា។
យោងតាមមន្ត្រីក្រុមហ៊ុន ឆ្នាំ២០១៧នេះ ប្រជាជនកម្ពុជាប្រមាណ ៦ម៉ឺននាក់ មកពីគ្រប់ទិសទី បានទទួលផលប្រយោជន៍ពីកិច្ចការសង្គមរួមគ្នារបស់ មិត្តហ្វូន និង TYDA។
លោក ញ៉ុង ឌិនថន អគ្គនាយករង ក្រុមហ៊ុន មិត្តហ្វូន មានប្រសាសន៍ថា ក្រុមហ៊ុនសម្ដែងក្ដីរីករាយដែលការចូលរួមសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានជួយលើកកម្ពស់សុខភាពរបស់ប្រជាជន។
លោក ញ៉ុង ឌិនថន ថ្លែងដូច្នេះថា «ប្រជាជន ៦ម៉ឺននាក់ ទទួលប្រយោជន៍ពីកិច្ចការសង្គមដែលយើងធ្វើរួមគ្នាជាមួយ TYDA ចំនួននេះពិតជាគួរឲ្យអស្ចារ្យ។ មិត្តហ្វូន នឹងប្ដេជ្ញាចូលរួមជាមួយបេសកកម្មរបស់ TYDA បន្តទៀត នៅឆ្នាំក្រោយ ដើម្បីផ្ដល់ការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាជន»។
ក្រុមហ៊ុន មិត្តហ្វូន បាននិងកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩ មកម្ល៉េះ ហើយក្រុមហ៊ុនស្ថិតក្នុងចំណោមក្រុមហ៊ុនធំៗបំផុតជាច្រើននៅកម្ពុជា ដែលគាំទ្រដល់សកម្មភាពសង្គមនិងមនុស្សធម៌ នៅក្នុងប្រទេសនេះ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន មានប្រសាសន៍បន្តថា «ចំពោះ មិត្តហ្វូន យើងតែងតែជឿជាក់ថា ការអភិវឌ្ឍមុខជំនួញត្រូវតែដើរទន្ទឹមគ្នានឹងទំនួលខុសត្រូវសង្គម ហើយយើងបាននិងកំពុងធ្វើកិច្ចការដែលរួមចំណែកដល់សង្គម អស់រយៈពេលជិត ១០ឆ្នាំមកហើយ»។
ក្រៅពីសហការលើកិច្ចការសង្គមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA ក្រុមហ៊ុន មិត្តហ្វូន ក៏បាននិងកំពុងអនុវត្តសកម្មភាពជួយសង្គមជាច្រើនទៀតផងដែរ នៅក្នុងវិស័យនានា ដូចជា វេជ្ជសាស្ត្រ អប់រំ កីឡា និងមនុស្សធម៌។ កម្មវិធីទាំងនេះ រួមមាន វាមិនមែនជាសុបិន ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជាពានរង្វាន់ មិត្តហ្វូន អ៊ិនថឹណិតដល់សាលារៀន និងយុទ្ធនាការស្អាត។
ក្រុមហ៊ុន មិត្តហ្វូន បានចូលក្នុងទីផ្សារទូរស័ព្ទចល័តនៅកម្ពុជា តាំងពីឆ្នាំ២០០៩ មកម្ល៉េះ ហើយបច្ចុប្បន្ន បានក្លាយជាក្រុមហ៊ុនឈានមុខគេ ដែលមានអតិថិជនជិត ៩៧% នៃចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!