លោក ហ៊ុន សែន ប្រកាសបង្កើត និងអនុវត្តនិធិត្រីចក្រយាន(ស៊ីក្លូ) ចាប់ពីថ្ងៃនេះ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ប្រកាសបង្កើត និងអនុវត្តមូលនិធិត្រីចក្រយាន(ស៊ីក្លូ) ចាប់ពីថ្ងៃទី១៣ ខែមករានេះ ខណៈលោកនាយករដ្ឋមន្ត្រី អះអាងថា មូលនីធិនេះ នឹងបន្តជារៀងរហូត ដើម្បីជួយទ្រទ្រង់ដល់អាជីពអ្នកធាក់ស៊ីក្លូ។ រាយការណ៍បន្តដោយកញ្ញា ឡុង គីមម៉ារីតា
ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសបង្កើត និងអនុវត្តមូលនិធិត្រីចក្រយាន(ស៊ីក្លូ) ចាប់ពីថ្ងៃទី១៣ ខែមករានេះ ដោយអះអាងថា មូលនិធិនេះ នឹងមានជារៀងរហូត ដើម្បីជួយទ្រទ្រង់ដល់អាជីពអ្នកធាក់ស៊ីក្លូ នៅកម្ពុជា។
ការអះអាងយ៉ាងដូច្នេះម្តងទៀត បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍កងទ័ព ដែលកំពុងរៀបចំឡើងនៅ ក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ។
លោកនិយាយថា តាមដែលថវិកា ដែលលោក បានផ្តល់ឲ្យទៅក្នុងមូលនិធិត្រីចក្រយាន (ស៊ីក្លូ)នេះ អាចទ្រទ្រងបានរយៈពេល ២ ឆ្នាំ តែអ្វីដែលលោកចង់បាននោះ គឺលោក ចង់ឲ្យមូលនិធិត្រីចក្រយាន(ស៊ីក្លូ)នេះ បន្តមាន និងបន្តជួយដល់អ្នកធាក់ស៊ីក្លូ នៅកម្ពុជាជារៀងរហូត បើទោះជា មិនស្ថិតក្រោមការគ្រប់គ្រកង់របស់លោកក្នុងពេលខាងមុខក៏ដោយ។
មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រីបាន អំពាវនាវឲ្យក្រុមហ៊ុន ទេសចរណ៍ក្នុងប្រទេសទាំងអស់ ជួយផ្សព្វផ្សាយ ឲ្យភ្ញៀវទេសចរ ចូលរួម ជិះស៊ីក្លូ និងស្នើឲ្យអ្នកធាកស៊ីក្លូទាំងអស់ កុំប្រើប្រាស់គ្រឿងស្រវឹង នៅពេល ធ្វើចរាចរណ៍ នៅតាមដងផ្លូវ។
កាលពីម្សិលមិញកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក៏បានចេញសេចក្តីប្រកាស និងការប្រកាសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការសម្រេចបង្កើត និងអនុវត្តមូលនិធិត្រីចក្រយាន(ស៊ីក្លូ) ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះទៅ ។
បើតាមការលើកឡើងរបស់លោក ហ៊ុន សែន ការមូលនិធិត្រីចក្រយាន(ស៊ីក្លូ)នេះ ជាជំហានដំបូងលោកនឹងទម្លាក់ថវិកា ១០០លានរៀល ហើយនឹងដាក់ប្រចាំខែ ប្រមាណ១០លានរៀលបន្ថែមទៀត ខណៈលោកខ្លួនឯងផ្ទាល់ បានអំពាវនាវ ឲ្យសាធារណជន ចូលរួមផ្តល់ថវិកា សម្រាប់ទ្រទ្រង់ដល់មូលនិធិត្រីចក្រយាន(ស៊ីក្លូ) និងអនុញាតឲ្យអ្នកធាក់ស៊ីក្លូទាំងអស់ អាចព្យាបាលជម្ងឺដោយអត់បង់ថ្លៃ នៅមន្ទីរពេទ្យរដ្ឋទាំងអស់ ចាប់ពីថ្ងៃទី១៣ខែមករានេះទៅផងដែរ។
លោក វន ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញការសាទរ ចំពោះការបង្កើតមូលនិធិ(ស៊ីក្លូ) របស់រដ្ឋាភិបាល ដែលគិតថា នឹងអាចជួយដល់ជួយដល់ជីវភាពរបស់ពួកគាត់ និងអាចជួយឲ្យពួកគាត់ ដែលជាអ្នកធាក់ស៊ីក្លួ មានក្តីសង្ឃឹមជាថ្មី។
ជាមួយនឹងការបង្តើតមូលនិធិ(ស៊ីក្លូ)នេះ លោកនាយករដ្ឋមន្ត្រី កន្លងទៅ ក៏ធ្លាប់ ប្រកាសឲ្យលោក វន ពៅ ចូលរួមជួយដល់មូលនីធិនេះផងដែរ ។ តែបញ្ហានេះ លោក វ៉ន ពៅ អះអាងថា លោក នឹងចូលរួមជួយបង្កើតជាលក្ខខណ្ឌន្តិកៈ បើសិនជាមានការស្នើពិប្រាកដមែន ខណៈរហូតមកបច្ចុប្បន្ន លោកថា ពុំទាន់មានការទាក់ទងណាមួយឲ្យច្បាស់លាស ក្រៅតែពីការលើកឡើងរបស់លោក នាយករដ្ឋមន្ត្រី។
សូមជំរាបថា មូលនីធិនេះ នឹងផ្តល់ឲ្យអ្នកធាក់ស៊ីក្លូ ចាប់ពីថ្ងៃទី ១៣ មករា ឆ្នាំ ២០១៨ ដែលនឹងផ្តល់ជូនដល់សមាជិក ដែលមានកាត់មូលនិធិ ដោយចុះឈ្មោះបេឡាជាតិសន្តិសុខសង្គម ដោយក្នុងមួយថ្ងៃ។ មូលនិធិនេះ នឹងផ្តល់ ជូនអ្នកធាក់ស៊ីក្លូក្នុងម្នាក់ ៧ ពានរៀល និងថ្លៃជួលស៊ីក្លូ ហើយការបើកប្រាក់ឧបត្តម្ភ គឺធ្វើឡើងមួយអាទិត្យម្តង ខណៈមូលនីធិបង្កើតថ្មីនេះ គឺមានជាង ៣០០ ស៊ីក្លូ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!