ប្រជាជនរាប់ពាន់នាក់នៅខេត្តកំពង់ធំមកទទួលសេវាពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យ TYDA និងមិត្តហ្វូន
កំពង់ធំ៖ នៅថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ថ្មីៗនេះប្រជាជនចាស់ក្មេងសរុបប្រមាណ ៦០០០នាក់បានមកទទួលសេវាពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» សហការជាមួយនឹងក្រុមហ៊ុនមិត្តហ្វូនដែលបានរៀបចំឡើងនៅបរិវេណវិទ្យាល័យហ៊ុនសែនស្រះបន្ទាយ ដែលស្ថិតនៅក្នុងភូមិស្រះបន្ទាយ ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នៅក្នុងសកម្មភាពដ៏ថ្លៃថ្លាដើម្បីគាំទ្រអំពើមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ TYDA យ៉ាងសស្រាក់សស្រាំ ក្រុមការងារមិត្ដហ្វូនទាំងអស់បានបំពេញភារកិច្ចដោយយកចិត្ដទុកដាក់ខ្ពស់ព្រោះប្រាថ្នាជួយលើកស្ទួយសុខុមាលភាព និងយល់អំពីទុក្ខធុរៈរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ក៏ដូចជាអតិថិជនមិត្ដហ្វូនទូទាំងប្រទេស។
យោងតាមរបាយការណ៍ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដ៏សកម្មមួយនេះបានរាយការណ៍ថា មានប្រជាពលរដ្ឋសរុបទាំងអស់ចំនួន ៥៨០៤នាក់ ដែលបានទទួលពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
TYDA គឺជាសមាគមគ្រូពេទ្យស្ម័គ្រចិត្តមួយដែលតែងតែផ្តល់នូវសេវាថែទាំ ពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលទូទាំងប្រទេសដោយឥតគិតថ្លៃ។ ជារៀងរាល់ខែក្រុមហ៊ុនមិត្តហ្វូន បានសហការជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» តែងតែមានបេសកកម្មទៅតាមតំបន់នីមួយៗ ក្នុងឆន្ទៈផ្តល់នូវសេវាសុខាភិបាលដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋដោយគ្មានការរួញរាជានិច្ចដរាប។
ក្រុមហ៊ុនមិត្តហ្វូនជាប្រតិបត្តិការទូរគមនាគមន៍ដ៏ធំជាងគេក្នុងការគាំទ្រសកម្មភាពមនុស្សធម៍ជាច្រើន តាំងពីខ្លួនបានចាប់ផ្តើមប្រតិបត្តិនៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩។ មិត្តហ្វូនក៏ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលបានចូលរួមចំណែកទីផ្សារច្រើនជាងគេផងដែរនៅក្នុងការបើកអាជីវកម្មរបស់ខ្លួននេះ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!