អ្នកវិភាគ៖ ប្រជាពលរដ្ឋកម្ពុជា គួរក្រឡេកមើលទង្វើដែលពលរដ្ឋវៀតណាម ធ្វើបាតុកម្មក្នុងប្រទេសរបស់គេ ប្រឆាំងការបង្កើតច្បាប់ សម្បទានដី ៩៩ ឆ្នាំអោយក្រុមហ៊ុនចិន
អ្នកវិភាគសង្គម ថាកម្ពុជា គួរតែពិចារណាឡើងវិញ ចំពោះសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋវៀតណាម ដែលស្នើអោយរដ្ឋាភិបាលរបស់ខ្លួនលុបចោលសេចក្តីព្រាង សម្បទានតំបន់កោះ ៩៩ឆ្នាំ ទៅអោយក្រុមហ៊ុនចិន ដែលនេះបង្ហាញពីការចូលរួមរបស់ជាតិសាសន៍គេ ចំពោះការខាតបង់ផលប្រយោជន៍ប្រទេសជាតិ ខណៈដែលដីសម្បទានសេដ្ឋកិច្ចនៅតាមព្រំដែនមួយចំនួន របស់កម្ពុជា ត្រូវបានប្រគល់ទៅអោយក្រុមហ៊ុន ចិន និងវៀតណាមនោះ ពុំសូវមានការចាប់អារម្មណ៍និងខ្វាយខ្វល់ពីផលប៉ះពាល់។
សូមស្តាប់ព័ត៌មានពិស្តារជាសំឡេង
បន្ទាប់ពីមានសកម្មភាពតវ៉ាពីប្រជាពលរដ្ឋវៀតណាម ដែលនាំគ្នាធ្វើបាតុកម្មចំពោះរដ្ឋាភិបាលវៀតណាម គ្រោងនិងធ្វើច្បាប់ផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់បី ទៅអោយបរទេសវិនិយោគបន្តនោះ អ្នកវិភាគសង្គម ប្រជាពលរដ្ឋ នាំគ្នាជម្រុញអោយពលរដ្ឋកម្ពុជា ងាកមកចាប់អារម្មណ៍ និងមានគំនិតជាតិនិយមដូចប្រជាពលរដ្ឋវៀតណាមមានចំពោះការខ្វាយខ្វល់ពីផលប៉ះពាល់ដែលរដ្ឋរបស់ពួកគេយល់ព្រមផ្តល់ដីសម្បទានដល់ក្រុមហ៊ុនបរទេសនោះ។
លោក ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានអោយវិទ្យុសំឡេងយុវជន វីអូវ៉ាយដឹងនៅថ្ងៃនេះថា សកម្មភាពនេះ ជាឧទាហរណ៍សម្រាប់អោយប្រជាពលរដ្ឋកម្ពុជា និងរដ្ឋាភិបាលមើលពិចារណា និងសិក្សាឡើងវិញ ទាក់ទិននិងការសម្រេចផ្តល់ដីសម្បទានក្នុងតំបន់ណាមួយទៅអោយបរទេសវិនិយោគ ដែលត្រូវតែសិក្សាពីផលប៉ះពាល់នានា ដល់ប្រជាពលរដ្ឋក្នុងតំបន់វិនិយោគ និងខាតបង់ដល់ផលប្រយោជន៍ជាតិជាធំនោះ។
លោកបានបន្តដែរថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច នៅតាមតំបន់ព្រំដែនអាចនិងមានបញ្ហាប្រឈម សម្រាប់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ ដែលចាំបាច់ត្រូវតែសិក្សាអោយបានល្អិតល្អន់ មានការពិភាក្សាពីអ្នកពាក់ព័ន្ធចូលរួម កុំអោយមានបញ្ហាដូច ដែនដីគ្រីមៀរបស់ប្រទេសអ៊ុយក្រែន ដែលសព្វថ្ងៃបានបាត់បង់ទៅប្រទេសរុស្ស៊ី។
ការលើកឡើងបែបនេះក៏ព្រោះតែ ពលរដ្ឋវៀតណាមជាច្រើន បានប៉ះទង្គិចនឹងប៉ូលិស នៅប្រទេសវៀតណាម កាលពីសប្ដាហ៍មុន ក្នុងការតវ៉ាប្រឆាំងនឹងគម្រោងតំបន់សេដ្ឋកិច្ចពិសេស ដែលគេជឿថា វិនិយោគទុនចិនជាទទួលបានដីសម្បទាននោះ ហើយចំពោះការតវ៉ានេះ ត្រូវបាន សភាពេញអង្គវៀតណាមសម្រេចបោះឆ្នោតលើកពេលអនុម័តច្បាប់ ស្ដីពីការផ្ដល់ដីសម្បទានរយៈពេល ៩៩ឆ្នាំឲ្យអ្នកវិនិយោគបរទេស សម្រាប់គម្រោងតំបន់សេដ្ឋកិច្ចពិសេស។
ជាមួយគ្នានេះដែរ លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងដែរថា កម្ពុជាគួរតែយកគំរូពីការចូលរួមយ៉ាងសកម្ម ពីសំណាក់ពលរដ្ឋវៀតណាមដែលខ្វាយខ្វល់ពីផលប៉ះពាល់ដល់សង្គមជាតិរបស់ពួកគេ។ ករណីនេះគឺអាចអោយកម្ពុជា រៀនបានយ៉ាងច្រើនពីគម្រោងក្នុងការផ្តល់ដីសម្បទានដីសេដ្ឋកិច្ចណាមួយទៅអោយបរទេស ត្រូវមានការសិក្សាអោយបានម៉ត់ចត់ និងទទួលយការតវ៉ា និងគោរពមតិប្រជាពលរដ្ឋជាធំ ដើម្បីតម្កល់ផលប្រយោជន៍ជាតិ។
យ៉ាងណាក៏ដោយ លោកថា គេមិនហាមឃាត់នៅក្នុងការផ្តល់ដីសម្បទានទៅអោយបរទេសវិនិយោគនោះឡើយ តែរដ្ឋត្រូវតែធ្វើការសិក្សា និងមានវិធានការអោយបានម៉ត់ចត់ចំពោះដីសម្បទានដែលបានផ្តល់អោយនោះ បើរដ្ឋ គ្រប់គ្រងដីសម្បទាននោះបានតឹងរឹង គឺមិនមានបញ្ហាប្រឈមសម្រាប់ជាតិនោះឡើយ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កន្លងទៅ ក៏បានសម្រេចមិនបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន និងបង្វែរដីទាំងនោះអោយទៅជាដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនប្រជាពលរដ្ឋកម្ពុជាដើម្បីរស់នៅ និងបង្កបង្កើនផលវិញ។ ការថ្លែងរបស់លោកនេះ គឺនៅក្នុងកម្មវិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា ស្ថិតក្នុងខេត្តព្រះវិហារ។
ក្នុងនោះដែរ លោកក៏បានស្នើអោយអាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន និងនៅតាមស្ថាប័នមួយចំនួនគ្រប់គ្រងអោយបានតឹងរឹងជាពិសេស ការសម្បទានធ្វើអោយបាត់បង់ព្រៃឈើពីសំណាក់ឈ្មួយខុសច្បាប់នោះ។
ដោយឡែកសម្រាប់ក្រុមអ្នកសង្កេតការណ៍ឯករាជ្យនិងសកម្មជនការពារព្រៃឈើ កន្លងទៅធ្លាប់បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកដែរថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចខ្លះមិនបានអភិវឌ្ឍន៍ដាំដំណាំកសិ-ឧស្សាហកម្មឲ្យស្របទៅតាមកិច្ចសន្យាជាមួយរដ្ឋាភិបាលនោះឡើយ ជាក់ស្តែងក្រុមហ៊ុនខ្លះប្រើប្រាស់យីហោដីសម្បទានសេដ្ឋកិច្ចដើម្បីកាប់ឈើនិងរុករករ៉ែយ៉ាងមហន្តរាយ ហើយក្រុមហ៊ុនខ្លះទៀតបានយកជនជាតិរបស់ខ្លួន មករស់នៅក្នុងបរិវេណដីសម្បទានរបស់ខ្លួនយ៉ាងច្រើន ដែលការចូលមកនោះមួយចំនួនធំគឺខុសច្បាប់។ ហើយក្នុងសម្បទានមិនមានដំណើរការមួយចំនួននោះ ក៏ត្រូវបានរដ្ឋាភិបាលប្រកាសនិរាករណ៍ចោលផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!