អ្នកនយោបាយ និងអ្នកវិភាគ លើកឡើងផ្សេងៗគ្នាចំពោះការបង្កើតក្រុមការងារចម្រុះក្នុងការទទួល និងដោះស្រាយបណ្ដឹងតវ៉ាផ្សេងៗនៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
អ្នកនយោបាយ និងអ្នកវិភាគ លើកឡើងថា ការបង្កើតក្រុមការងារចម្រុះក្នុងការទទួល និងដោះស្រាយការតវ៉ាផ្សេងៗពីសំណាក់ប្រជាពលនៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាយន្តការមួយសម្រាប់ការដោះស្រាយបញ្ហាជូនពលរដ្ឋ ក៏ប៉ុន្តែថ្នាក់ដឹកនាំគួរមានការចុះដោយផ្ទាល់ដល់មូលដ្ឋានពលរដ្ឋទើបប្រសើរ។
ដើម្បីដោះស្រាយនូវបញ្ហា ឬ ភាពអយុត្តិធម៌ផ្សេងៗ របស់ពលរដ្ឋដែលតែងតែនាំគ្នាមកធ្វើការតវ៉ា និងសុំការអន្តរាគមន៍ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយជួយដោះស្រាយបញ្ហានៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីនោះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារចម្រុះមូយដើម្បីទទួល និងដោះស្រាយការតវ៉ាផ្សេងៗពីសំណាក់ពលរដ្ឋនៅមុខភូមិគ្រឹះតែម្ដង។
លោក ប៊ុន ហេង សមាជិកក្រុមអ្នកវិភាគវ័យក្មេង លើកឡើងថា ការដែលរដ្ឋាភិបាលក្រុមការងារនេះ មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់ពលរដ្ឋដែលមកតវ៉ានោះទេ ។ លោកបន្ថែមថា នៅពេលបង្កើតក្រុមការងារនេះ អាចនឹងមានការប៉ះពាល់ដល់ការងាររបស់ក្រសួង ឬ ស្ថានប័នពាក់ព័ន្ធ ដោយលោកចោទថា តើក្រសូង ឬ ស្ថាប័នពាក់ព័ន្ធនឹងត្រូវធ្វើការអ្វី? ។
ក្នុងនោះដែរ លោក ប៊ុន ហេង ក៏បានជំរុញអោយក្រុមការងារចម្រុះនេះ គូរតែចុះទៅដល់មូលដ្ឋានរបស់ពលរដ្ឋវិញល្អជាង។
[ ក្រុមការងារនៅតែក្រុងភ្នំពេញនឹង ហើយប្រជាជនឡើងមករញ៉េរញ៉ាយហើយវាអត់មានដំណោះស្រាយអី ហៃអ្វីដែលខ្ញុំមើលឃើញភាគច្រើនអវិជ្ជមានច្រើនជាងវិជ្ជមាន អ្វីដែលខ្ញុំលើកម៉ាប្រាវមិញ តែអាហ្នឹងក្នុងករណីបើសិនហា៎ បើសិនជាក្រុមការងារចម្រុះហ្នឹងអាចធ្វើការងារបានប្រហែលជាអាចបង្កើតហើយត្រូវទៅធ្វើការនៅមូលដ្ឋានវាប្រសើរជាងធ្វើការនៅនេះ ចឹងហា៎វា មើលឃើញទៅ វាអត់មានវិជ្ជមានច្រើន ចឹងសុំអោយរដ្ឋាភិបាលគិតគិតម្ដងទៀត ហើយធ្វើពីតួនាទីរបស់ក្រសួងមួយៗទៅ ថាតើយើងត្រូវរុញធនធានមិចដើម្បីទៅដោះស្រាយបញ្ហាដែលកើតឡើង រឿងនៅស្រុកយើងច្រើនដូចជា រឿងដីធ្លី បញ្ហាបរិស្ថាន ចឹងការបង្កើតនេះវាហាក់ដូចជាឆ្ងាយពីប្រជាពលរដ្ឋពេក គួរនៅជិតពួកគាត់។ ]
ដោយឡែក លោក ពេជ្រ ស្រស់ ប្រធានគណៈបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់ បានលើកឡើងថា ការបង្កើតក្រុមការងារដើម្បីទទួលពាក្យបណ្ដឹង ហើយយកមកពិនិត្យដោះស្រាយបញ្ហាជូនប្រជាជននឹងទទួលបាននូវផលប្រយោជន៍ជាច្រើនដល់ជនរងគ្រោះ ។ ដោយលោកបញ្ជាក់ថា នេះជាឆន្ទៈមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាជូនប្រជាជនអោយមានប្រសិទ្ធភាព ។
[ បើបង្កើតឡើងក្នុងន័យទទួលពាក្យបណ្ដឹង ហើយយកទៅពិនិត្យដើម្បីដោះស្រាយ អានោះខ្ញុំគិតថាប្រយោជន៍ធំហា៎សម្រាប់ជនរងគ្រោះ តែបើបង្កើតឡើងដើម្បីរាំងខ្ទប់ និងរារាំងកុំអោយមានការបាតុកម្ម ឬធ្វើអ្វីមួយតាមចិត្តពលរដ្ឋខ្ញុំគិតថាវាអត់ប្រយោជន៍ ក៏ប៉ុន្តែទោះបីជាយ៉ាងណាយើងលើកឆន្ទៈ និងលើកទឹកចិត្តដល់ឆន្ទៈរបស់លោកនាយករដ្ឋមន្រ្តីដែលលោកចង់អោយទទួលពាក្យបណ្ដឹងអោយបានច្រើនហើយរហ័សដើម្បីទៅដល់ដៃគាត់ ខ្ញុំលើកទឹកចិត្ត ពីព្រោះពេលខ្លះអាជ្ញាធរនៅថ្នាក់ក្រោមជាតិបិទបាំងរឿងពិត ធ្វើអោយនាយករដ្ឋមន្រ្តីមិនដឹងរឿងពិត ធ្វើអោយពលរដ្ឋរងគ្រោះ។ ]
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានប្រាប់វិទ្យុសំលេងយុវជន នៅថ្ងៃនេះថា នេះជាយន្តការថ្មីមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាលំបាករបស់ពលរដ្ឋអោយមានប្រសិទ្ធភាព និងបង្ហាញពីភាពជិតស្និទ្ធរវាងប្រជាពលរដ្ឋ និងលោកនាយករដ្ឋមន្ត្រី ។
[ គណៈកម្មការ មួយនៅក្នុងការដោះស្រាយ ដោះស្រាយនូវអ្វីដែលជាបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋរបស់ដែលបង្ហាញពីភាពជិតស្និទ្ធរបស់នាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋ អាហ្នឹងជាចំនុចទី១ ចំនុចទី២ គឺប្រសិទ្ធភាព ប្រសិទ្ធភាពយ៉ាងមិច គឺថាក្រុមដែល ដែលអង្គភាពដែលរៀបចំហ្នឹង គេគ្រាន់ធ្វើការសិក្សាទាំងស្រុងទៅលើអ្វីដែលប្រជាពលរដ្ឋលោកលើកឡើងដើម្បីរាយការណ៍ជូនសម្ដេច ហើយអាចដោះស្រាយបានដោះស្រាយ ដោះស្រាយមិនបានគេនឹងធ្វើពាក្យ អង្គភាពហ្នឹងធ្វើពាក្យហ្នឹងជំរាបជូនសម្ដេចដើម្បិសុំការសម្រេចពីនាយករដ្ឋមន្រ្តីនេះឯង។ ]
គួររំលឹកផងដែរថា នៅពេលដែលប្រជាពលរដ្ឋជួនប្រទះនូវការរំលោភបំពានពីអ្នកមានអំណាច ភាពអយុត្តិធម៌ ឬ មានបញ្ហាផ្សេងៗ ពលរដ្ឋតែងតែនាំគ្នាមកធ្វើការតវ៉ានៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំងភូមិគ្រឹះនៅក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីសុំការអន្តរាគមន៍ និងជួយដោះស្រាយបញ្ហាជូនពួកគាត់ ដោយពេលខ្លះក៏មានការរារាំងពីសំណាក់អាជ្ញាធម៌ និងសមត្ថកិច្ចដែលប្រចាំការនៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!