ក្រុមសង្គមស៊ីវិល សាទរចំពោះការលើកឡើងរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយលោកចាត់ទុកអង្គការសង្គមស៊ីវិល គឺជាដៃគូរយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើនជាមួយរដ្ឋាភិបាលកម្ពុជា
ក្រុមសង្គមស៊ីវិល សាទរចំពោះការលើកឡើងរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយលោកចាត់ទុកអង្គការសង្គមស៊ីវិល គឺជាដៃគូរយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើនជាមួយរដ្ឋាភិបាលកម្ពុជា ខណៈដែលកន្លងទៅនោះ រដ្ឋាភិបាលហាក់មិនបានចាត់ទុកសង្គមស៊ីវិលជាដៃគូដ៏សំខាន់ និងជិតស្និទនោះឡើយ ។
ថ្មីៗនេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងចំពោះមុខឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ថា អង្គការសង្គមស៊ីវិលនៅកម្ពុជា ជាដៃគូរយ៉ាងសំខាន់មួយក្នុងការចូលរួមអភិវឌ្ឍប្រទេស និងដោះស្រាយបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះ។ លោក ស ខេង ក៏បានបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃ គ្រោងនឹងជួបប្រជុំជាមួយអង្គការសង្គមស៊ីវិលទាំងនោះ ក្នុងរយៈពេល ២ដងក្នុងមួយឆ្នាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទាក់ទិននឹងការលើកឡើងបែបនេះដែរ សង្គមស៊ីវិលបានលើកឡើងផ្សេងៗគ្នាផងដែរជុំវិញការលើកឡើងរបស់លោក ស ខេង បែបនេះ។
លោក ថេង សាវឿន ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា CCFC បានគាំទ្រនូវការលើកឡើងរបស់លោក ស ខេង ដោយលោក ថេង សាវឿន បានបញ្ជាក់ថា ការជួបប្រជុំនេះ គឺដើម្បីផ្លាស់ប្ដូរយោបល់គ្នា និងដោះស្រាយបញ្ហានានាដែលកម្ពុជាកំពុងប្រឈមមុខ ។
[…តាមពិតតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ចំពោះអង្គការដៃគូរ អឺអង្គការសង្គមស៊ីវិលជាដៃគូររបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិហ្នឹង គឺជាការលើកឡើងត្រឹមត្រូវ ហើយធាតុពិតអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាជាដៃគូរសំខាន់ក្នុងជួយអភិវឌ្ឍប្រទេសតាំងពីឆ្នាំ១៩៩២ មកទាំងវិស័យសិទ្ធមនុស្ស អភិបាលកិច្ចល្អ វិស័យអប់រំ វិស័យសុខភាព វិស័យកសិកម្ម ជាដើម ក៏ប៉ុន្តែក្នុងដំណាក់កាលបច្ចុប្បន្ន ក្រោយច្បាប់សមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលបានរៀបចំចេញទៅយើងមើលឃើញថា លំហរនៃការធ្វើការរបស់អង្គការសង្គមស៊ីវិលមានលក្ខណរួមតូច ឬរឹតត្បឹតជាងមុន…]
ជាមួយគ្នានេះ លោក ហង្ស វិទូ អ្នកវិភាគបញ្ហានយោបាយ និងសង្គម បានលើកឡើងថា គំនិត និងគោលបំណងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការដែលចង់អោយមានការជួបប្រជុំរវាង សង្គមស៊ីវិល ជាមួយរដ្ឋាភិបាល ឬ ក្រសួងមហាផ្ទៃ ចង់មិនចង់ រដ្ឋាភិបាលគួរតែកុំបង្កើតនូវច្បាប់ណាដែលរឹតត្បឹតដល់សិទ្ធសេរីភាពរបស់អង្គការក្រៅរដ្ឋាភិបាលខ្លាំងពេកទៅបានហើយ។
ក្នុងនោះ លោកអះអាងថា កន្លងទៅរដ្ឋាភិបាលបានបង្កើតច្បាប់ស្ដីពីសមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានរឹតត្បឹតដល់សិទ្ធបញ្ចេញមតិរបស់សង្គមស៊ីវិល ជាដើម ដែលនេះមិនបង្ហាញថាអង្គការសង្គមស៊ីវិល គឺជាដៃគូដ៏ល្អរបស់រដ្ឋាភិបាលនោះឡើយ។
[… ស្នើមួយថាបើសិនបើជាចង់សហការគ្នាជាមួយសង្គមស៊ីវិលជាតិ និងអន្តរជាតិហ្នឹងអោយមានប្រសិទ្ធភាពទាល់តែកុំបង្កើតច្បាប់ហើយអនុវត្តច្បាប់តឹងរឹងពេកចឹងហា៎ ពីព្រោះអង្គការទាំងអស់នេះ គាត់សុទ្ធតែបម្រើអោយផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទេ ចឹងកន្លងមកយើងឃើញច្បាប់អង្គការមួយចំនួនរឹតត្បឹតទៅលើសិទ្ធសេរីភាពបញ្ចេញមតិ ហើយនិងអឺ..ច្បាប់ហ្នឹងបានចូលទៅកកូកកាយផ្ទៃក្នុងរបស់អង្គការហ្នឹងហា៎ ធ្វើអោយអង្គការមួយចំនួនគាត់មិនហ៊ានទៅបង្កើតអង្គការថ្មី សមាគមន៍ច្រើន ហើយវាធ្វើអោយប៉ះពាល់ដល់ភាពឯកជនភាពរបស់គាត់ចឹងហា៎…]
ចំពោះបញ្ហានេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ២៥ តុលា នេះថា នេះជាបំណងរបស់រដ្ឋាភិបាលក្នុងកិច្ចសហការគ្នាជាមួយអង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍជាតិ ដោយអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា អង្គការសង្គមស៊ីវិលទាំងអស់នោះ គឺទទួលបានជំនួយជាថវិការពីបរទេសជាច្រើនដែលអាចជួយចូលរួមអភិវឌ្ឍកម្ពុជាបានយ៉ាងច្រើន ។ លោក ខៀវ សុភ័គ ក៏បន្ថែមដែរថា ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាល ក៏ត្រូវការចាំបាច់ដែលនូវធនធានមនុស្សផងដែរ ដោយអង្គការទាំងនោះមានការគ្រប់គ្រងទៅតាមវិស័យ និងជំនាញផ្សេងៗគ្នា ដែលអាចផ្ដល់នូវបទពិសោធន៍ដល់រដ្ឋាភិបាលបាន។
[…ខ្ញុំគិតថានេះជាប្រសាសន៍ដ៏ត្រឹមត្រូវណាស់របស់សម្ដេចក្រឡាហោម ហើយក៏ដូចជាគោលការណ៍របស់រដ្ឋាភិបាលកម្ពុជាយើងដែរ យើងចាត់ទុកថាអង្គការសង្គមស៊ីវិលគឺជាដៃគូរក្នុងការអភិវឌ្ឍ ហេតុអីយើងបាននិយាយចឹង ព្រោះអង្គការសង្គមស៊ីវិល ពេលខ្លះហាគាត់មានទុនថវិការមូលធនច្រើនជាងរដ្ឋាភិបាលខ្លះផង បើគិតពីវិស័យមួយៗ ឧទាហរណ៍ថា អង្គការសង្គមស៊ីវិលខ្លះគាត់បានទទួលជំនួយពីបរទេសនិយាយរួមរាប់លានដែររាប់លានដុល្លាសហអាមេរិចដែរក្នុងមួយឆ្នាំ ដើម្បីទទួលវិស័យណាមួយ ដូច្នេះយើងគិតថាបើគាត់បានជំនួយពីក្រៅប្រទេសមក យកមកកសាងក្នុងប្រទេសយើងអាហ្នឹងហើយជាដៃគូរអភិវឌ្ឍរបស់កម្ពុជាយើង ត្រូវការមិនត្រឹមតែត្រូវការធនធាននោះទេ យើងត្រូវការធនធានទ្រព្យធនហេ៎ យើងត្រូវការធនធានមនុស្សទៀត ព្រោះអង្គការសង្គមស៊ីវិលគាត់មានជំនាញរបស់គាត់…]
គួររំលឹកដែរថា តាមការបញ្ជាក់របស់លោក ខៀវ សុភ័គ អង្គការសង្គមស៊ីវិលនៅកម្ពុជា មានជាង ៥០០០ អង្គការ សមាគមន៍ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។
គួរបញ្ជាក់ដែរថា ច្បាប់ស្ដីពីសមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល បានចូលជាធរមាននៅឆ្នាំ ២០១៥ ដែលក្នុងច្បាប់នេះ បានរឹតត្បឹតដល់ការបញ្ចេញមតិ និងសកម្មភាពមួយចំនួនដែលតម្រូវអោយអង្គការក្រៅរដ្ឋាភិបាលត្រូវតែមានភាពអព្យាក្រឹត្យ មិនត្រូវលំអៀងជាដាច់ខាត៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!