អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ៖ នឹងមានការពង្រឹងការអនុវត្តច្បាប់ទៅលើមន្រ្តីផ្នែកចរាចរណ៍បន្ថែមទៀត ដើម្បីទប់ស្កាត់កុំឲ្យនៅតែមានករណីឡានចេញចូលក្រុងដោយសេរី
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លើកឡើងថា នឹងមានការពង្រឹងការអនុវត្តច្បាប់ទៅលើមន្រ្តីផ្នែកចរាចរណ៍បន្ថែមទៀត ដើម្បីទប់ស្កាត់កុំឲ្យនៅតែមានករណីឡានចេញចូលក្រុងដោយសេរី ខណៈអ្នកវិភាគ យល់ឃើញថាចំណាត់ការនេះ គឺមិនមានប្រសិទ្ធភាពឡើយ ហើយក្រសួងហាក់នៅខ្វះការតាមដាន និងការត្រួតពិនិត្យទៅដល់មន្រ្តី ថ្នាក់ក្រោម ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងថា ជុំវិញនិងករណីនៅតែមានឡានធំចូលក្រុងដោយសេរី បើទោះបីជាកន្លងទៅ លោកអភិបាលរាជធានីភ្នំពេញ ព្រមានចាត់ការ និងរឹតបន្តឹងការអនុវត្តច្បាប់ហើយមកនោះ អ្នកនាំពាក្យរូបនេះ បានប្រាប់វិទ្យុសំឡេងយុវជន ថាការងារនេះមិនអាចលុបបំបាត់បានភ្លាមៗនោះឡើយ ក្រសួងនិងបន្តចាត់វិធានការ និងព្រមទាំងបានក្រើនរំលឹកដល់មន្រ្តីដែលជាប់ពាក់ព័ន្ធទាំងអស់បន្ថែមទៀត ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
[…អ្វីដែលយើងត្រូវធ្វើបន្តនោះ គឺពង្រឹកការអនុវត្តច្បាប់របស់សមត្ថកិច្ចដែលឈរជើងនៅតាមច្រកនៅតាមដងផ្លូវនីមួយៗ អោយគាត់អោយពង្រឹកការរឹតបន្តឹងអឺការងារនេះ អញ្ជឹងទទួលស្គាល់ថានៅមានចំនុចខ្វះខាត ខ្លះចឹងហើយបានជាកិច្ចការនេះ យើងត្រូវធ្វើការអប់រំ ការណែនាំ ការក្រើនរំលឹក ជាបន្តបន្ទាប់នៅរាល់ពេលដែលមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពដែលធ្វើដោយអភិបាលរាជធានីភ្នំពេញហ្នឹង គឺអភិបាល លោកតែងតែសង្កត់ធ្ងន់ធ្វើការក្រើនរំលឹក អឺជាពិសេសអាជ្ញាធរ ដែលសមត្ថកិច្ចដែលគាត់នៅឈរជើងនៅតាមដងផ្លូវ អោយពង្រឹងការអនុវត្តការងារឲ្យមានប្រសិទ្ធភាពបន្ថែមទៀត …]
ទាក់ទិននឹងបញ្ហានេះ លោក មាស នី អ្នកស្រាវជ្រាវ និងតាមដានការអភិវឌ្ឍសង្គម យល់ឃើញថា រដ្ឋាភិបាល នៅមានការខ្វះចន្លោះ ចំពោះការត្រួតពិនិត្យ និងការតាមដានចំពោះការអនុវត្តច្បាប់របស់មន្រ្តីថ្នាក់ក្រោម ។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលគួរតែមានយន្តការក្នុងការត្រួតពិនិត្យចំពោះមន្រ្តីថ្នាក់ក្រោម និងទទួលយកការផ្ដល់យោបល់ពីសាធារណៈជន ។
[…បាចំនុចខ្សោយមួយរបស់វិធានការរដ្ឋាភិបាល ទាំងថ្នាក់ក្រសួងទាំងសាលាក្រុងមួយនេះ គឺយើងឃើញថាមានវិធានការច្រើន ដែលដាក់ចេញមក ក៏ប៉ុន្តែខ្វះការត្រួវពិនិត្យ ខ្វះការអង្កេត ដើម្បីតាមដានថាតើ ការអនុវត្តនិងធ្វើទៅបានរឺអត់ហើយណាស់ បាដល់ចឹងទៅការយើងនៅបន្តធ្វើបែបនឹង វាថ្ងៃក្រោយនឹងអាចធ្វើអោយសាធារណៈជនមើលងាយចំណាត់ការរបស់រដ្ឋាភិបាលរបស់សាលាក្រុងណាស់ វិធានការយើងដាក់ហើយក៏ប៉ុន្តែត្រូវមានយន្តការក្នុងការត្រួតពិនិត្យ អាចក្នុងមួយខែអីយើងធ្វើការត្រួតពិនិត្យម្ដង រឺក៏បើសិនវិធានការនិងទើបតែដាក់ថ្មី ៗ មួយអាទិត្យអីទៅយើង ពីអាទិត្យអីទៅយើងចាប់ផ្ដើមមានក្រុមដែលត្រូវចុះតាមអង្កេតមើលម្ដងៗ ហើយទទួលនៅ ការរិៈគន់រឺក៏ការផ្ដល់យោបល់របស់សាធារណៈជនចឹងទៅថាបើសិនជាបងប្អូនណាឃើញមានមិនប្រក្រតីនៅក្នុងវិធានការតាណាមួយ អោយផ្ញើរទៅ ហតឡាញ ប៉ុណ្ណេះ ប៉ុន្នោះចឹងទៅ អានិងវានិងមានដំណើរការល្អហើយយ៉ាងហោចក៏បានម្ដងបន្តិចៗណាស់បា …]
លោក ហង្ស វិទូ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ យល់ឃើញស្រដៀងគ្នាដែរថា ចំណាត់ការរបស់សាលាក្រុង ម្តងជាពីរដង គឺហាក់មិនមានប្រសិទ្ធភាពឡើយ ដែលទាមទារអោយរដ្ឋាភិបាលគួរតែមានការត្រួតពិនិត្យទៅមន្រ្តីថ្នាក់ក្រោមឲ្យបានឌិតដល់ និងមានការអនុវត្តច្បាប់តឹងរឹងចំពោះមន្រ្តីទាំងឡាយណាដែលប្រព្រឹត្តខុស ច្បាប់ និងទទួលយកលុយពីឡានធំៗទាំងអស់នោះ ។
[…ខ្ញុំគិតថាវាអត់មានប្រសិទ្ឋភាពទេ គឺដូចខ្ញុំបានជម្រាបជូនពី ពីដើមមកថាអ្វីដែលធ្វើអោយមានប្រសិទ្ឋភាពវាលុះត្រាតែគាត់និងអនុវត្តតួនាទី តាមដានត្រួតអង្កេតថ្នាក់ក្រោមនិង ព្រោះអនុវត្តមិនមែនថ្នាក់លើអង្គុយក្នុងអោហ្វ៊ីស ទេគឺអ្នកដែលនៅថ្នាក់ក្រោមនិងគាត់ជាអ្នកអនុវត្តចឹងដើម្បីអោយការអនុវត្តនិងមានប្រសិទ្ឋភាពទៅតាមសារាចរណ៍របស់សាលារាជធានី គឺទាល់តែមានការដាក់អង្កេត អោយអ្នកសង្កេតការមួយខ្លាំមើលការអនុវត្តច្បាបើរបស់មន្រ្តីថ្នាក់ក្រោម ចឹងបើសិនជាមន្រ្តីថ្នាក់ក្រោមគាត់មិនអនុវត្តអានិងយើងដាក់ទោសទាន់រដ្ឋបាលឲ្យគាតចឹងវានិងធ្វើអោយប្រសិទ្ឋភាពក្នុងការអនុវត្តច្បាប់និង វាប្រព្រឹត្តទៅយ៉ាងរលូនអញ្ជឹងណាស់ ពិនបើគ្រាន់តែថា ថាចោលទេ ហើយផ្ដាច់ជ្ញាចិត្តបានតាមួយថ្ងៃពីរថ្ងៃ ហើយច្បាប់និងវានឹងអត់មានប្រសិទ្ឋភាពទេគ្រប់គរណីទាំងអស់ …]
គួររំលឹកផងដែរថា បញ្ហានៅតែមានឡានធំចូលក្រុងនេះ អភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់មានចំការជាច្រើនដង មកហើយ ប៉ុន្តែចំណាត់ការនេះ គឺពុំមានប្រសិទ្ឋភាពឡើយ ។
គួរបញ្ជាក់ផងដែរថា ករណីឡានធំៗចេញចូលនេះ គឺបានបង្កជាការកក់ស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ និងធ្វើអោយផ្លូវមានការខូចខាត ហើយក៏អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងផងដែរ ហើយឡានមួយចំនួន ទៀត ដូចជាឡានដឹកខ្សាច់ ឡានដឹកដី មានការដឹកដោយមិនបានគ្របឲ្យបានជិតធ្វើអោយហុយដីចូលទៅភ្នែក អ្នកដែលធ្វើដំណើរពីក្រោយឡានទាំងអស់នោះ បើទោះបីជាមានវិធានការពីថ្នាក់លើអោយទប់ស្កាត់ឡានធំៗទាំងអស់នេះចូលក្រុងនៅពេលថ្ងៃក្តី ក៏ឡានធំៗទាំងអស់នេះបើកបរចូលក្រុងពេលថ្ងៃយ៉ាងសេរីដោយមិនខ្លាច ដែលបង្ហាញថាសំដីរបស់ថ្នាក់លើជាពិសេសអភិបាលក្រុងមានទឹកមាត់សាប មិនអាចធ្វើអ្វីឡានធំទាំងអស់នោះបានទេ ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!