អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ៖ ក្រើនរំលឺក និងព្រមានដល់មន្រ្តីដែលជាប់ពាក់ព័ន្ធទាំងអស់អោយបន្តការអនុវត្តច្បាប់និងមន្រ្តីមួយចំនួនដែលនៅតែបណ្តែតបណ្តោយអោយមានការលក់ដូរលើចិញ្ចើមថ្នល់ និងដងផ្លូវយ៉ាងរញ៉េរញ៉ៃ និងបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនៅផ្សារដើមគរ និ
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក្រើនរំលឺក និងព្រមានដល់មន្រ្តីដែលជាប់ពាក់ព័ន្ធទាំងអស់អោយបន្តការអនុវត្តច្បាប់និងមន្រ្តីមួយចំនួនដែលនៅតែបណ្តែតបណ្តោយអោយមានការលក់ដូរលើចិញ្ចើមថ្នល់ និងដងផ្លូវយ៉ាងរញ៉េរញ៉ៃ និងបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនៅផ្សារដើមគរ និងផ្សារនាគមាស ខណៈអ្នកវិភាគ លើកឡើកឡើងថា មន្រ្តីដែលជាប់ពាក់ព័ន្ធគួរតែអនុវត្តច្បាប់ឲ្យបានម៉ត់ចត់ និងប្រជាពលរដ្ឋគួរតែចួលរួមអនុវត្តច្បាប់នេះឲ្យបានល្អផងដែរ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះថា ស្ថានភាពរញ៉េរញ៉ៃរបស់អាជីវករលក់ដូរយ៉ាងអណាធិបតេយ្យនៅផ្សារដើមគរ និងផ្សារនាគមាសនៅតែបន្តកើតមានបើទោះបីជាអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្លាប់បានបញ្ជាដោយផ្ទាល់មាត់អោយចាត់វិធានការលុបបំបាត់ការលក់យ៉ាងអណាធិបតេយ្យនេះក្តី។ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ការអនុវត្តការងារនេះមិនអាចនិងមានប្រសិទ្ធភាពបានភ្លាមៗនោះទេ តែប្រសិនបើនៅតែមានករណីនេះនៅតែកើតមានបន្តទៀត ក្រសួងនិងបន្តចាត់វិធានការ និងព្រមទាំងបានក្រើនរំលឹក ដល់មន្រ្តីដែលជាប់ពាក់ព័ន្ធទាំងអស់បន្ថែមទៀត ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
[…គោលដៅសំខាន់ដែលគន្លងមកគឺរដ្ឋបាលភ្នំពេញ បានចាត់វិធានការដោយផ្ទាល់ ត្រូវធ្វើការរៀបចំដោយប្រើរយៈពេលប្រមាណពី សប្ដាហណ៍ បើខ្ញុំមិនច្រឡំទេ គឺរៀបចំការលក់ដូរ ការដាក់តាំងទំនិញការចតការអី ហើយផ្ដោតទៅលើទីតាំងដូចជម្រាមជូនហ្មិញចឹង គឺនៅជុំវិញផ្សារដើមគរ ផ្សារនាគមាសអីជាដើម ហើយក៏ឃើញថាមានប្រសិទ្ឋភាព មានការចង់បានល្អប្រសើរដែរ ហើយធម្មតាទេកិច្ចការយើងត្រូវធ្វើវាជាប្រចាំ បើសិនករណីមានការខ្វះខាត ព្រោះកិច្ចការវាមិនសុទ្ឋតែរលូនសុទ្ឋទេជោគជ័យមួយរយភាគរយដូចការគ្រោងទុកនោះទេ ក៏ប៉ុន្តែនៅពេលដែលយើងឃើញមានការលាប់ ការលាប់ដូចជម្ងឺមានការដាក់តាំង វិញនិងគឺយើងនិងខិតខំ ជម្រុញបន្តទៅអាជ្ញាធរដែលទទូលភារកិច្ចបន្តក្រោយពីយើងរៀបចំបានស្អាតនិង អោយអនុវត្តកិច្ចការនិងបន្តទៀត…]
ទាក់ទិននិងបញ្ហានេះ លោក ហង្ស វិទួ អ្នកវិភាគបញ្ហាសង្គម និង នយោបាយ បានប្រាប់វិទ្យុសំឡេងយុវជន ដែរថា ដើម្បីអោយការងារនេះមានប្រសិទ្ធភាពនោះ លុះត្រាតែមន្រ្តីដែលជាប់ពាក់ព័ន្ធទាំងអស់មានការអនុវត្តច្បាប់អោយបានតឹងរឹងហើយប្រជាពលរដ្ឋទាំងអស់ក៏ត្រូវចូលរួមសហការនៅក្នុងការអនុវត្តច្បាប់នេះផងដែរ ។
[…ខ្ញុំយល់ឃើញថាកន្លែងផ្សារដើមគរនេះ គឺជាកន្លែងមួយដែលយើងមើលមករញេរញៃច្រើន ទាំងអ្នកទាំងអ្នកអីនិងអត់មានសណ្ដាប់ធ្នាប់ទេ ចឹងពួកអ្នកលក់ដូរទាំងអស់នឹងគាត់ក៏ព្យាយាមនៅក្នុងការរៀបចំដែរ តែរៀបចំវាអត់ចេញ ហើយអ្នកក្រោមនិងក៏ព្យាយាមដែរ អញ្ជឹងពេលខ្លះប្រជាពលរដ្ឋយើងនិងក៏ដូចគ្នាដែរ គឺដើម្បីឲ្យច្បាប់មានប្រសិទ្ឋភាពវាលុះត្រាតែ ប្រជាពលរដ្ឋនឹងក៏ចូលរួមដែរកុំចាំបាច់តាគេទាញ កុំចាំបាច់ឲ្យគេប្រើអំពើហិង្សា យើងថាគេនិងប្រើអំពើហិង្សា ដល់ពេលគេយោគយល់វាទៅជាយើងនិងអត់យោគយល់អាជ្ញាធរវិញ វាធ្វើអោយខូចសណ្ដាប់ធ្នាប់ ចឹងទាំងការអនុវត្តច្បាប់ញុមជឿជាក់ថា បើសិនជាកងកម្លាំងគាត់ព្យាយាមនៅក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ឋភាព ច្បាប់និងវានិងមាននឹងមានប្រសិទ្ឋភាពហើយប៉ុន្តែ វាត្រូវអាស្រ័យទៅលើការចូលរួម ការចូលរួមសហការជាមួយនិងប្រជាពលរដ្ឋដែរ…]
សូមរំលឹកថា កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាអោយអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារដើមគរ និងផ្សារនាគមាស ស្របពេលដែលការលក់ទំនិញ ពិសេសការលក់បន្លែផ្លែឈើនៅជុំវិញផ្សារដើមគ និងផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគរ នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ហើយអាជ្ញាធររាជធានីភ្នំពេញក៏បានចុះ រៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយការលក់ដូរជុំវិញផ្សារទាំង ២ ខាងលើអោយបានល្អប្រសើរឡើង ប៉ុន្តែការចុះការរៀបចំនេះមានប្រសិទ្ធភាពបានតែមួយរយៈពេលតែប៉ុណ្ណោះ ឬអាចនិយាយបានថា មួយដង្ហើមចង្រិត ។
គួរបញ្ជាក់ថា ការលក់ទំនិញ ពិសេសការលក់បន្លែផ្លែឈើនៅ ជុំវិញផ្សារដើមគ និងផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក គឺមិនទាន់មានភាពល្អប្រសើរនោះឡើយ ទន្ទឹមនឹងនេះក៍មានការ សំណូមពរពីប្រជាពលរដ្ឋ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៃការលក់ដូរជុំវិញផ្សារទាំងពីរ នេះផងដែរ កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៍បានបញ្ជាយ៉ាងម៉ឺងងម៉ាត់ឲ្យអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ផ្សារដើមគរ និងផ្សារនាគមាសឲ្យបានល្អឡើង គឺចាប់ផ្ដើមពីថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក ប៉ុន្តែមកដល់ពេលនេះ ស្ថានភាពអាជីវករលក់ដូរនៅផ្សារ គឺហាក់មានសភាពនៅដដែល៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!