ក្រុមអ្នកវិភាគ ៖ រដ្ឋាភិបាលគួរមានការពិចារណាអោយបានច្បាស់លាស់លើសំណើវៀតណាមដែលបានស្នើសុំអោយកម្ពុជាបន្តជួយគាំទ្រដល់អនិជន និងអ្នកវិនិយោគវៀតណាមនៅកម្ពុជាអោយស្របច្បាប់ផងដែរនោះ
ក្រុមអ្នកវិភាគ លើកឡើងថា រដ្ឋាភិបាលគួរតែពិចារណាលើការស្នើសុំរបស់វៀតណាមដែលបានស្នើអោយកម្ពុជា បន្តជួយគាំទ្រដល់អនិជនវៀតណាម និងវិនិយោគិនវៀតណាមនៅកម្ពុជាអោយមានភាពស្របច្បាប់ដែរនោះ។
កាលពីថ្មីៗនេះ ក្នុងជំនួបពិភាក្សាការងាររវាង លោក ហេង សំរិន ប្រធានរដ្ឋសភា ជាមួយលោកស្រី ជុង ធីម៉ាយ មន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីសវៀតណាម ដែលបានមកទស្សនកិច្ចនៅកម្ពុជា បានស្នើសុំអោយលោក ហេង សំរិន ជួយបន្តគាំទ្រដល់អនិជន និង វិនិយោគិនវៀតណាមដែលបានមករស់នៅ និងរកស៊ីនៅកម្ពុជាអោយទទួលបានស្របច្បាប់ផងដែរ។
ទាក់ទិនជាមួយបញ្ហានេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា រដ្ឋាភិបាលគួរតែមានការពិនិត្យ និងបែងចែកអោយច្បាស់នូវការស្នើសុំភាពស្របច្បាប់របស់ជនជាតិវៀតណាមនៅកម្ពុជា ដែលត្រូវមានការឆ្លងកាត់នូវនីតិវិធី និងច្បាប់កម្ពុជាអោយបានត្រឹមត្រូវ និងច្បាស់លាស់។
[…បាទមកដល់ពេលនេះយើងចង់មើលអំពីទិដ្ឋភាពពាក្យថាស្របច្បាប់ហ្នឹង ក្នុងករណីពីរបាទ ទី១ គឺស្របច្បាប់ក្នុងនាមពលរដ្ឋវៀតណាមដែលមកនៅរកស៊ីលក្នុងប្រទេសយើងមានលិខិតស្នាមត្រឹមត្រូវ ជាអ្នកមានសំបុត្រស្នាមត្រឹមត្រូវមិនមែនជាអ្នកដែលមករស់នៅគ្មានសំបុត្រស្នាម ហើយក្នុងករណីទទួលអោយរស់នៅស្របច្បាប់ជាពលរដ្ឋកម្ពុជា បាទ...]
លោកក៏បានបន្ថែមដែរថា រដ្ឋាភិបាលគួរតែមានការអនុវត្តច្បាប់ជនអន្តោប្រវេសន៍អោយម៉ឺងម៉ាត់ និងតឹងរឹង ព្រនទាំងធ្វើការត្រួតពិនិត្យឡើងវិញនូវការមករស់នៅរបស់ជនជាតិវៀតណាមនៅកម្ពុជាដែលមិនមានឯកសារណាមួយច្បាស់នោះ។
[…ការទទួលស្គាល់ជាពលរដ្ឋពេញសិទ្ធតែម្ដងនោះ អាហ្នឹងត្រូវអនុវត្តអោយបានតឹងរឹងទៅតាមនីតិវិធីច្បាប់ដែលរដ្ឋាភិបាលមានស្រាប់ហើយត្រូវតែអនុវត្តអោយបានតឹងរឹង បាទ ហើយរឿងដែលសំខាន់មួយទៀតនោះរដ្ឋាភិបាលត្រូវតែធ្វើយ៉ាងមិចដើម្បីរឿងកន្លងទៅហើយក៏ត្រូវតែសើរើឡើងវិញដែរទាំងអស់ដើម្បីអោយដឹងថាតើ ឯកសារណាខ្លះដែលស្របច្បាប់ ហើយមានពលរដ្ឋករណីពលរដ្ឋវៀតណាមមកនៅស្រុកខ្មែរណាខ្លះដែលមិនស្របច្បាប់ អាហ្នឹងវាសុទ្ធតែជារឿងដែលរដ្ឋាភិបាលត្រូវគិតគូរ បាទ...]
លោក ប៊ុង ដែត សមាជិកក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងស្រដៀងគ្នាដែរថា ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ត្រូវមានការពិចារណាអោយបានល្អិតល្អន់លើបញ្ហាមួយនេះ ដោយការស្នើសុំរបស់ភាគីវៀតណាមបែបនេះ គឺមានជាច្រើនលើករួចមកហើយ ។ លោកបានបន្តថា ការស្នើសុំភាពស្របច្បាប់របស់ជនជាតិវៀតណាមនេះ អាចនឹងប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ដែលធ្វើអោយពលរដ្ឋខ្មែរនឹងមានផ្នត់គំនិតអវិជ្ជមានចំពោះជនជាតិវៀតណាមដែលនឹងទទួលបាននូវការរស់នៅដោយស្របច្បាប់នៅប្រធានកម្ពុជា ។
[…រដ្ឋាភិបាលនៅតែប៉ះពាល់ដល់ពលរដ្ឋខ្លួនឯង ព្រោះពលរដ្ឋក៏មានផ្នត់គំនិតជាមួយវៀយណាមហ្នឹងក៏ច្រើនដែរ វាត្រូវប៉ះពាល់ជាមួយមហាជនចឹងហា៎ ព្រោះវៀតណាមគាត់ចេះតែស្នើសុំយើងរហូត ប៉ុន្តែផលប្រយោជន៍សួរថាបានមកអ្នកណាប្រជាពលរដ្ឋយើង អាហ្នឹងយើងសិក្សាដែរ ប្រជាពលរដ្ឋក៏គាត់ផ្នត់គំនិតគាត់ពលរដ្ឋចង់អោយកំពុងតែអោយរដ្ឋាភិបាលពង្រឹកច្បាប់អន្តោប្រវេសន៍អោយបានត្រឹមត្រូវចឹងហា៎ ហើយអ្នកវិនិយោគគួរតែផ្ដោតទៅលើប្រទេសដែលនៅឆ្ងាយពីប្រទេសជិតខាងប្រសើរជាងនៅប្រទេស ឧទាហរណ៍នៅប្រទេសចិន គេវិនិយោគចឹង ហើយណាមួយប្រទេសសហភាបអឺរ៉ុប ឬប្រទេសណាមួយគេវិនិយោគចឹងគេផ្ដល់ផលប្រយោជន៍អោយយើង អោយកម្មការយើងចឹងទៅ ហើយផលប្រយោជន៍នឹងបានមកលើយើងចឹងទៅ ហៃការធ្វើ ការទូទាត់សាច់ប្រាក់អីជាដើមនៅក្នុងប្រទេសកម្ពុជាជាដើមបានផលប្រយោជន៍ចឹងទៅណា៎ ចឹងបានន័យថាដូចខ្ញុំនិយាយចឹង យើងសន្និដ្ឋានមកវិញ គឺរដ្ឋាភិបាលគួរតែពិចារណាទាក់ទងទៅនឹង ទី១ ការទទួលយកសំណើរពីវៀតណាមម្ដងហើយម្ដងទៀតដែលធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋយើង...]
គួររំលឹកដែរថា ក្រុមហ៊ុនវៀតណាមដែលមកវិនិយោគនៅកម្ពុជាមាន ២០៦ គម្រោង ដែលមាននូវទំហំទឹកប្រាក់ប្រមាណ ៣០០០ លានដុល្លាអាមេរិច ជាទិសដៅភាគីទាំងពីរក៏ប្ដេជ្ញាពង្រីក និងជំរុញទំហំពាណិជ្ជកម្មអោយដល់ប្រមាណ ៥០០០លានដុល្លាអាមេរិច ។
គួរបញ្ជាក់ផងដែរ កន្លងទៅ មានជនជាតិវៀតណាមជាច្រើនបានមករស់នៅ និងធ្វើការងាររកស៊ីនៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់មិនមានឯកសារត្រឹមត្រូវ ក៏ត្រូវបានអាជ្ញាធរ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃធ្វើការចាប់បញ្ជូនទៅប្រទេសវៀតណាមវិញផងដែរ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!