សង្គមស៊ីវិល និងអ្នកវិភាគ លើកឡើងស្រដៀងគ្នាជុំវិញការលើកឡើងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបញ្ជាអោយអាជ្ញាធរខណ្ឌទាំង១២ ធ្វើការបង្ក្រាប និងតាមដានលើករណីបើកហ្គេមបាញ់ត្រី និងអោយរកមុខអ្នកដែលអនុញ្ញាតអោយមានការបើកល្បែងហ្គេមនេះ
លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាអោយអាជ្ញាខណ្ឌទាំង១២ ធ្វើការចុះបង្ក្រាប និងតាមដានទៅលើកករណីហ្គេមបាញ់ត្រី ដែលនៅតែមានការលួចបើកជាដដែរនោះ ។ ការលើកឡើងរបស់លោកស្នងការនគរបាលក្រុងបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ ។
ទាក់ទិននឹងបញ្ហានេះ លោក ជាង សុខា ប្រធានអង្គការ YRDP បានសាទរចំពោះវិធានការរបស់លោកស្នងការក្រុងភ្នំពេញ ដែលបានខិតខំ និងទប់ស្កាត់ទៅលើការបង្ក្រាបករណីហ្គេមបាញ់ត្រីនេះ ក៏ប៉ុន្តែលោក ជាង សុខា បានបញ្ជាក់ថា តើវិធានការនេះ គឺជាវិធានការបណ្តោះអាសន្ន ឬក៏ជាវិធានការជានិរន្តរ៍ ។
[…ជាទូទៅខ្ញុំសាទរចំពោះការខិតខំប្រឹងប្រែងរបស់សាលាក្រុង ឬក៏អាជ្ញាធរថ្នាក់ក្រោមជាតិនឹងហា៎ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងទូរហ្គេមមិនមែនតែបាញ់ត្រីហេ៎ ទូរហ្គមផ្សេងៗពាក់ព័ន្ធជាមួយនឹងការផ្ដល់ពេលវេលាអោយក្មេងៗចូលប្រើប្រាស់ ឬក៏លេងហ្នឹងព្រោះវាធ្វើអោយប៉ះពាល់ដល់ការសិក្សារបស់គាត់ហា៎ចឹងគ្រប់ទម្រង់នៃទូរហ្គេមអីអស់នឹងគួរមានការគ្រប់គ្រងមួយអោយបានម៉ត់ចត់ ប៉ុន្តែសំខាន់រឿងវិធានការ ចង់និយាយថាតើវិធានការបណ្ដោះអាសន្ន ឬក៏វិធានការជាប់លាប់...]
ដោយឡែក លោក ហង្ស វិទូ អ្នកវិភាគបញ្ហានយោបាយ និងសង្គម បានលើកឡើងថា ដើម្បីធ្វើការបង្ក្រាបករណីមួយនេះអោយមានប្រសិទ្ធភាព អាជ្ញាធរគួរតែស្វែងរកប្រព័ន្ធ និងអ្នកដែលអនុញ្ញាតអោយមានការបើកហ្គេមបាញ់ត្រីនេះជាមុនសិន ។
[…ខ្ញុំយល់ឃើញថាបើសិនជាចង់អោយប្រសិទ្ធភាពក្នុងការបង្ក្រាបអាហ្នឹងវាលុះត្រាតែអឺគាត់ធ្វើការស្វែងរកប្រភពអោយឃើញហា៎បាទមានន័យថា ព្យាយាមធ្វើយ៉ាងមិចវែករកប្រភពអ្នកដែលផលិតអាហ្នឹង ហើយទី២អ្នកដែលអនុញ្ញាតអោយអឺចរាចរណ៍ទូរហ្គេមនឹងព្រោះអីគិតថាបើមានការចរាចរណ៍ទូរហ្គេមកើតឡើងនឹងវាមិនថាទូរនឹងជាទូរបាញ់ត្រី ឬមួយក៏អីវាអាចធ្វើអោយអឺក្មេងៗ ឬក៏យុវជនមួយចំនួនគាត់វក់លេងអាហ្នឹងគាត់លេងអាហ្នឹងអស់លុយចឹងហា៎ ចឹងរដ្ឋាភិបាល ឬមួយក៏អាជ្ញាធរគាត់ស្វែងរកតែពីរបានហើយ ទី១ប្រភពអ្នកផលិតអាហ្នឹង ហើយទី២ អ្នកដែលបើកដៃអោយអឺដំណើរការទូរហ្គេមនឹងបាទ...]
ជាមួយគ្នានេះ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានជំរុញអោយសមត្ថកិច្ចត្រូវមានការស៊ើបអង្កេតទៅករណីហ្គេមបាញ់ត្រីនេះ អោយបានច្បាស់លាស់ ដោយករណីល្បែងស៊ីសង មិនមែនជារឿងតូចតាចនោះឡើយ ដូច្នេះសមត្ថកិច្ចត្រូវមានការខិតខំបន្ថែមទៀតក្នុងការបង្ក្រាប និងទប់ស្កាត់អោយខានតែបាន ។
[…គេមានអឺគេហៅថាវិធានការពិសេសទៅលើការបង្ក្រាបល្បែងស៊ីសងហ្នឹងវាមិនមែនជារឿងមួយដែលត្រូវប្រងើយកន្តើយទេ ឥឡូវនេះរឿងនេះវាជារឿងដែលល្បីសុះសាយដែលអ្នកដែលជាខ្នងបង្អែកនេះខ្ញុំដឹងតាមខ្ញុំដឹងរឿងអឺល្បែងស៊ីសងខុសច្បាប់រឿងឆ្នោតកន្ទុយលេខខុសច្បាប់អីនឹង មានអឺប៉ូលីសខ្លះមានអឺគេហៅថាប្រពន្ធខ្លួនជាមេឆ្នោតជាអីចឹងហា៎ បាទរឿងហ្នឹងគេត្រូវតែមានការស៊ើបអង្កេតហើយ ហៃត្រូវតែចាត់ការដើម្បីភាពជាកំរូបើមិនចឹងទេស្រែកបានតែស្រែកហេ៎អ្នកខាងក្រោមនៅតែធ្វើដដែរ...]
គួរបញ្ជាក់ថា តាមការលើកឡើងរបស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញថា កន្លែងល្បែងបាញ់ត្រីនេះ គឺជាប្រភពដែលបង្កអោយមាននូវបទល្មើសមួយចំនួនផងដែរ ក្នុងនោះរួមមាន បញ្ហាគ្រឿងញៀន ក្រុមចោរឆក់ចោរប្លន់ និងក្មេងទំនើង ជាដើម ដែលត្រូវមានការសហការពីគ្រប់ភាគីដើម្បីលុបបំបាត់បទល្មើសទាំងអស់នេះ ។ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!