ក្រុមអ្នកវិភាគ ៖ការកើនឡើងកំណើនសេដ្ឋកិច្ច ៧% របស់កម្ពុជា ហាក់មិនទាន់មានលំនឹងសេដ្ឋកិច្ចនោះឡើយ បើប្រៀបធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់បើទោះបីកំណើនសេដ្ឋកិច្ចប្រទេសទាំងនោះមានការកើនឡើងយឺតជាងកម្ពុជាក៏ដោយ
លោក ហង្ស វិទូ អ្នកវិភាគបញ្ហានយោបាយ និងសង្គម បានចោទជាសំណូរថា តើកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកើនដល់ ៧% បានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រដែរឬទេ? កត្តានេះ លោកថាភាពជាក់ស្ដែងសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងតែមានការធ្លាក់ចុះ ដែលផ្ទុយពីទិន្នន័យដែលរដ្ឋាភិបាលបានប្រកាសថាកម្ពុជាមានសេដ្ឋកិច្ចកើនឡើងនោះ។
[…ការរីកចម្រើនសេដ្ឋកិច្ចមែនទែនអាហ្នឹងគឺមិនដល់ថ្នាក់ហ្នឹងទេ ហើយណាមួយខ្ញុំគិតថារដ្ឋាភិបាលសព្វថ្ងៃកំពុងតែអឺបំភ័ន្តភ្នែកប្រជាពលរដ្ឋអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់កម្ពុជាបើយើងមើលតាមជាក់ស្ដែងយើងឃើញថាសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះអាហ្នឹងយើងមើលផ្ទាល់ភ្នែកយើងអត់មើលទៅលើទិន្នន័យ ឬមួយក៏ស្ថិតិដែលពេលខ្លះគាត់បន្លំភ្នែកប្រជាពលរដ្ឋទេចឹងហា៎ តែជាក់ស្ដែងយើងមើលឃើញថាអឺសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះបា៎ទំនិញឡើងថ្លៃសាំងឡើងថ្លៃអីម៉ាចប់អាហ្នឹងយើងមើលនឹងភ្នែកយើងហ្នឹងមិនបាច់ទៅមើលទិន្នន័យអីទេ ហៃអត្រានៃអ្នកដែលទៅធ្វើការងារនៅប្រទេសគេក៏កាន់តែច្រើន ចឹងមានន័យថាសេដ្ឋកិច្ចរបស់យើងហៃយើងដឹងហើយដូចលោកលើកឡើងមិញថាមានការកាត់ផ្ដាច់ជំនួយ ឬក៏ព្យូរការអនុគ្រោះពន្ធផ្សេងៗវាជារឿងធំមែនទែនសម្រាប់បរិបទកម្ពុជាយើងបា៎...]
ដោយក្នុងនោះដែរ អ្នកវិភាគរូបនេះ បញ្ជាក់ថា ប្រទេសកម្ពុជា ជាប់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចកើនឡើងលឿនចំណាប់ថ្នាក់លេខ១០ នៅក្នុងពិភពលោក និងជាប់ចំណាប់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន ដែលមានកំណើនសេដ្ឋកិច្ចទៅដល់ ៧ % ។
អ្នកវិភាគបញ្ហានយោបាយ និងសង្គមរូបនេះបានបន្ថែមថា រដ្ឋាភិបាលត្រូវមាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាដៃគូ ក៏ដូចជាប្រទេសដែលជាម្ចាស់ជំនួយ ដើម្បីរក្សាអោយបាននូវលំនឹងសេដ្ឋកិច្ចជាតិអោយបានរឹងមាំ និងមានការរីកចម្រើនថែមទៀត។
[…បើចង់មានលំនឹងយើងមើលថាប្រទេសណាដែលគេជួយយើងបានច្រើន ហៃយើងព្យាយាមទំនាក់ទំនងជាមួយគេហៃព្យាយាមបង្កើននូវការផលិតអោយបានច្រើនជាជាងទិញពីគេច្រើនហា៎ ហើយកុំព្យាយាមឈ្លោះជាមួយប្រទេសម្ចាស់ជំនួយ ហៃកុំឈ្លោះជាមួយអ្នកដែលមានលុយច្រើន ឧទាហរណ៍ថា ខាងអឺរ៉ុបខាងអាមេរិចចឹងគេភាគច្រើនគេចាយលុយនៅកម្ពុជាច្រើន ឧទាហរណ៍សេដ្ឋកិច្ចមួយអឺរឿងទេសចរណ៍មួយចុះចិនហៃនិង ហៃជាពិសេសប្រទេសកុម្មុយនីសអីនឹងប្រទេសមួយចំនួនបើកូរ៉េនឹងគឺគេមកលេងស្រុកខ្មែរគេមិនសូវចាយលុយច្រើនហេ៎គេច្រើនចាយគ្នាគេចឹងហា៎...]
ជាមួយគ្នានេះ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងដែរថា ការកើនឡើងនូវកំណើនសេដ្ឋកិច្ច ៧% របស់កម្ពុជានេះ មិនបានបញ្ជាក់ពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានោះឡើយ ដោយកញ្ញាបានបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកទៅលើការវិនិយោគរបស់បរទេសដែលងាយនឹងជួបនូវផលប៉ះពាល់នៅពេលដែលចរន្តនយោបាយនៅលើពិភពលោកមានការប្រែប្រួល ។
[…ប្រទេសវៀតណាមគេមានជំហរឧស្សាហកម្មរឹងមាំជាងប្រទេសកម្ពុជាដេលកម្ពុជាហាក់ដូចជាពឹងទៅលើទិផ្សារខាងក្រៅច្រើន ហើយនៅក្នុងនឹងបើយើងប្រៀបធៀបទៅរវាងវៀតណាមនិងកម្ពុជាបើខ្ញុំមើលឃើញខ្ញុំឃើញសេដ្ឋកិច្ចវៀតណាមកើនឡើងហើយគឺគេរឹងមាំទៀត ប៉ុន្តែកម្ពុជាកើនឡើងប៉ុន្តែសេដ្ឋកិច្ចយើងអត់ទាន់រឹងមាំទេវាងាយនឹងការដួល ឬក៏មានផលប៉ះពាល់នៅពេលចរន្តនយោបាយពិភពលោកមានការប្រែប្រួល...]
កញ្ញា លី ស្រីស្រស់ បានបន្តថា ដើម្បីរក្សាសេដ្ឋកិច្ចជាតិអោយមានភាពរឹងមាំ រដ្ឋាភិបាលត្រូវតែមានការយកចិត្តទុកដាក់ និងមាននូវគោលនយោបាយអោយបានច្បាស់លាស់ទៅលើវិស័យសំខាន់ៗរបស់កម្ពុជា ដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម ជាដើម។
គួររំលឹកដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថា កម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ គឺ ៧,១ភាគរយ ដែលជំរុញកំណើននេះជាពិសេស ដោយវិស័យវាយនភណ្ឌ សំណង់ និងអចលនទ្រព្យ។ នេះបើតាមរបាការណ៍របស់ ADB ដែលចេញផ្សាយនៅថ្ងៃទី៦ខែមេសា។
គួរកត់សំគាល់ដែរថា បើតាមការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាអ្នកជំនាញរៀបចំគោលនយោបាយសេដ្ឋកិច្ចជាតិ បានធ្វើការបកស្រាយយ៉ាងខ្លីថា ផលសេដ្ឋកិច្ចដែលបានមកពីកំណើនសេដ្ឋកិច្ច៧%នេះ មិនមែនយកលុយទាំងដុំទៅចែកជូនដល់ប្រជាពលរដ្ឋកម្ពុជានោះទេ។
ប៉ុន្តែ ផលសេដ្ឋកិច្ចដែលបានមកពីកំណើនសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកផលលាភតាមរយៈការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍនៅក្នុងវិស័យអប់រំ សុខាភិបាល ដំឡើងប្រាក់ខែដល់មន្ត្រីរាជការបម្រើសេវាកម្មសាធារណៈដោយឥតគិតថ្លៃដល់ប្រជាជនជាដើម។
កន្លងទៅ ធនាគារពិភពលោកបានផ្តល់ជាសារដ៏សំខាន់មួយ គឺដើម្បីឲ្យកម្ពុជានៅបន្តរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន គឺត្រូវបង្កើនផលិតភាពការងាររបស់ខ្លួនដើម្បីឆ្លើយតបនឹងការដំឡើងប្រាក់ឈ្នួលយ៉ាងឆាប់រហ័ស និងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្រីក្រ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!