ក្រសួងចំនួនបី បើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បី ធ្វើវិសោនកម្មច្បាប់ស្តីពីព្រៃឈើ ដើម្បីការពារធនធាន ព្រៃឈើ ខណៈ អ្នកវិភាគ និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បង្ហាញការគាំទ្រ និងអះអាងថា ច្បាប់មិនមានបញ្ហានោះទេ ដែលសំខាន់គឺការអនុវត្ត
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីជជែកពិភាក្សាអំពីការធ្វើវិសោនកម្មច្បាប់ស្តីពីព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើ នៅទីស្តីការក្រសួងមហាផ្ទៃ។
ទាក់ទិននឹងកិច្ចប្រជុំនេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា បានគាំទ្រចំពោះកិច្ចប្រជុំស្តីពីការធ្វើវិសោនកម្មច្បាប់ស្តីពីព្រៃឈើនេះដែរ តែលោកក៏ជម្រុញឲ្យ ការកែប្រែច្បាប់នេះឲ្យមានប្រសិទ្ឋភាពផងដែរ ព្រោះថាគន្លងមក បើទោះបីជាមានចំណាត់ការយ៉ាងណាក្ដីក៏ព្រៃឈើនៅតែបន្តមានកាប់បំផ្លាញដដែល ។
[…ខ្ញុំគិតថាវាជាការល្អដែលសម្ដេចក្រឡាហោមលោកដឹងខ្លួនទាន់ ហើយលោកអឺឃើញចំនុចខ្វះខាតក្នុងការបំពេញបន្ថែមឆ្ពោះទៅរកការទប់ស្កាត់បទល្មើសព្រៃឈើឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជាប៉ុន្តែវាសឹងនឹងយឺតពេលទៅហើយពីព្រោះថាព្រៃឈើមួយចំនួនធំនឹងវាបានរលាយរលត់អស់ហើយ ទោះបីយ៉ាងណារាល់ការកែប្រែយ៉ាងណាក៏ដោយ ត្រូវមានការពិនិត្យឲ្យល្អិតល្អន់ពីថ្នាក់ជាតិផងដែរ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើបន្ថែមទៀតព្រោះថាវាអន្តរាយ ជាក់ស្ដែងយើងរកឃើញនៅចំនុចការដឹកជញ្ជូនឈើរាល់នៅឯខេត្តមណ្ឌលគិរី បច្ចុប្បន្ននេះដែលសម្ដេចតេជោលោកបានដាក់បំរាមយ៉ាងដាច់អាហាំងការ ប៉ុន្តែការដឹកចរាចរណ៍គល់ឈើដើមឈើទៅប្រទេសវៀតណាមនៅតែបន្តកក្រឹកកក្រេងនៅឯខេត្តមណ្ឌលគិរី …]
ជាមួយគ្នានេះដែរ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ក៏បានគាំទ្រចំពោះកិច្ចប្រជុំស្ដីពីការធ្វើវិសោនកម្មច្បាប់ស្តីពីព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើ នេះដែរ តែយ៉ងណាអ្នកវិភាគរូបនេះបានបន្ថែមទៀតថា ចប្ចុប្បន្នច្បាប់ព្រៃឈើនៅក្នុងប្រទេសកម្ពុជាសឹងតែមានគ្រប់គ្រាន់ទៅហើយ ប៉ុន្តែគ្រាន់តែការអនុវត្តបច្បាប់នៅមានកំរិតប៉ុណ្ណោះ ។
[…តាមពិតបញ្ហាព្រៃឈើនៅពេលដែលខ្ញុំលឺអំពីការប្រជុំក៏ដូចជាការធ្វើវិសោធនកម្មច្បាប់នៅក្នុងន័យធ្វើមិចនៅតែឲ្យយើងអាចរក្សាបានការពារព្រៃឈើទាំងមានក្រសួងពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាឲ្យកិច្ចការពារព្រៃឈើនឹងមានប្រសិទ្ឋភាពចំពោះខ្ញុំសប្បាយចិត្តខ្ញុំរីករាយណាស់នៅពេលដែលខ្ញុំលឺអំពីការយកចិត្តទុកដាក់ធ្វើវិសោធនកម្មធ្វើយ៉ាងណាមន្រ្តីថ្នាក់ក្រោមមានលិទ្ធភាពច្រើននៅក្នុងការគ្រប់គ្រងក៏ដូចជាតាមដានពិនិត្យទៅលើបទល្មើសព្រៃឈើប៉ុន្តែ ក្នុងទស្សនៈរបស់ខ្ញុំក្នុងនាមជាអ្នកតាមសង្គមអឺណាស់ ខ្ញុំគិតថាបញ្ហាបស់កម្ពុជាពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនឹងវាមានតិចភាគរយណាស់មកពីបញ្ហាច្បាប់ ប៉ុន្តែស្ទើរតែមួយរយភាគរយគឺកៅសិបភាគជាងហើយគឺមកពីការអនុវត្តទេ ...]
ដោយឡែកសកម្មជនការពារព្រៃឈើលោក ហេង ស្រស់ បានប្រាប់វិទ្យុសំឡេងយុវជនក្នុងថ្ងៃ ទី២៧ ខែ វិច្ឆិកាឆ្នាំ ២០១៨ នេះ ថា ទោះបីជាមានការធ្វើច្បាប់ថ្មីយ៉ាងណាក៏ដោយ ក៏ករណីកាប់បំផ្លាញ និងជួញដូរព្រៃឈើនៅតែមានដែល ព្រោះថាកន្លងមកអាជ្ញាធរ ហាក់មិនមានការយកចិត្តទុកដាក់ទាល់តែសោះចំពោះបញ្ហាព្រៃឈើនេះ ។
[…ការតាក់តែងច្បាប់យ៉ាងណាក៏ដោយប៉ុន្តែអាការកាប់បំផ្លាញព្រៃឈើនៅតាមតំបន់មួយចំនួននៅតាមជួរព្រំដែនដូចជាព្រំដែនវៀតណាមមកកម្ពុជាយើងនៅមានការកាប់បំផ្លាញអឺកាន់តែខ្លាំងឡើងៗ ហើយការអនុវត្តច្បាប់នឹងដូចជាអាជ្ញាធរមិនយកចិត្តទុកដាក់ទាល់តែសស់តែម្ដងចឹងហើយបើសិនជាតាមដែលខ្ញុំមើលឃើញគឺអាការតាក់តែងច្បាប់លក្ខខណៈថាធ្វើគ្រាន់តែឲ្យតាល្អមើលភ្នែកប្រជាពលរដ្ឋទេ ប៉ុន្តែការអនុវត្តច្បាប់វិញគឺធូរលុងតែម្ដងមិនមានការយកចិត្តទុកដាក់ទេ …]
សកម្មជនការពារព្រៃឈើរូបនេះបន្ថែមទៀតថា [… ថ្មីៗនេះនៅមានការដឹកជញ្ជូនឈើចេញពីខេត្តរតនៈគិរីដឹងចេញពីស្រុកលំផាត់នឹងឆ្ពោះទៅប្រទេសវៀតណាមអឺថ្មីៗនឹងក្រោយនៅត្រង់ចំនុចប្រកូលព្រំដែនអឺលេខអឺ ប្រាំមួយម្ភៃបីនៅភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ខេត្តរតនៈគិរីគឺអឺនៅដឹងថ្មីៗនឹងទឹ ហើយឿឥលូវនឹងស្រាប់តែមានការធ្វើវិសោធនកម្មច្បាប់ទៀតអញ្ជឹងក្នុងមានយើងជាសកម្មជនយើងថាការធ្វើវិសោធនកម្មច្បាប់ការតាក់តែងច្បាប់ឡើងនឹងវាគ្រាន់តែជាបង្រ្គប់កិច្ចនឹងឲ្យតាបំភ័នភ្នែកប្រជាពលរដ្ឋតែប៉ុន្នោះតែចំពោះតែចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរវិញមិនមានទាល់តែសស់តែម្ដង …]
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារាចរណែនាំស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសទៅលើវិស័យព្រៃឈើ និងជលផល តាមរយៈការជម្រុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការបែងចែកឡើងវិញនូវសមត្ថកិច្ចឲ្យបានច្បាស់លាស់រវាងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ព្រមទាំងរវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានានូវការលើកកម្ពស់ និងនិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ។ គួរបញ្ជាក់ថា សម្ដេចក្រឡាហោ ស ខេង បានលើកឡើងថា បច្ចុប្បន្ននេះច្បាប់ការពារព្រៃឈើពុំបានផ្ដល់អំណាចដល់អាជ្ញាធរ និងសមត្ថកិច្ចដែនដី ដែលបានធ្វើឲ្យជនខិលខូចមួយចំនួន កាប់ឈើខុសច្បាប់នាំចេញជាបន្តបន្ទាប់ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិប្រទេសកម្ពុជា ។ លោកបានបន្តថា នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីនេះ សម្ដេចនឹងជំរុញការកែប្រែច្បាប់នេះជាចាំបាច់ដើម្បីផ្ដល់អំណាចដល់អាជ្ញាធរដែនដី សមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ ការពារព្រៃឈើរបស់ប្រទេសកម្ពុជា៕អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!