ក្រុមសកម្មជនការពារព្រៃឈើ ៖ នៅក្នុងឆ្នាំ ២០១៨ នេះ ការកាប់បំផ្លាញព្រៃឈើកើតមានឡើងយ៉ាងគំហុគ
នៅក្នុងឆ្នាំ ២០១៨ នេះ សកម្មភាពកាប់បំផ្លាញព្រៃឈើ កើតមានឡើងយ៉ាងគំហុគ បើទោះបីជាមានការព្រមានធ្ងន់ៗពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលយ៉ាងណាក្ដី ។ នេះបើតាមការបញ្ជាក់របស់ក្រុមសកម្មជនការពារព្រៃឈើ និងបរិស្ថាន ។
សូមស្ដាប់នូវព័ត៌មានពិស្ដារ ៖
លោក អឿន សុភាព សកម្មជនការពារព្រៃឡង់ បានលើកឡើងថា សកម្មភាពនៃការបំផ្លាញព្រៃឡង់នៅតែមានកើនឡើងជាដដែរ មិនមានការថយចុះនោះទេ ។ លោកបានបញ្ជាក់ថា គ្មានអាជ្ញាធរណាធ្វើការដោះស្រាយ និងចុះបង្ក្រាបលើការកាប់បំផ្លាញព្រៃឈើនោះឡើយ បើទោះបីជាលោក បានផ្ញើរឯកសារទាក់ទងនិងទីតាំងនៃការកាប់បំផ្លាញព្រៃឈើនេះ ដល់មន្ត្រីថ្នាក់លើក៏ដោយ ។
[…ពួកខ្ញុំនៅពេលខ្ញុំដាក់របាយការណ៍ទៅក្រសួង ឬក៏ដាក់តាមវេបសាយរបស់ព្រៃឡង់យើង ក្រសួងបរិស្ថានមិនដែលទទួលស្គាល់ថា របាយការណ៍ដែលពួកខ្ញុំរកឃើញវាជារបាយការណ៍ប្រាកដទេ វាផ្ទុយស្រឡោះគេថាយើងចេះតែនិយាយងអត់មានហេតុផល ប៉ុន្តែធាតុពិតនៅពេលពួកខ្ញុំដាក់របាយការណ៍យើងមានលេខ UTM មានលេខ ETS មានចំណុចនីមួយៗទៅតាមតំបន់នីមួយៗយើងមានចំណុចច្បាស់ ប៉ុន្តែគេនៅតែអត់ទទួលស្គាល់ថាពួកខ្ញុំធ្វើការដោយអត់មានភ័ស្តុតាងអីមួយចំនួន ធាតុពិតយើងបានកត់ចំណុចលេខ UTM …]
សកម្មជនការពារព្រៃឡង់រូបនេះ បានស្នើអោយរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ គួរតែចុះទៅពិនិត្យដោយផ្ទាល់ជាក់ស្ដែងនៅក្នុងព្រៃ ថាតើព្រៃឈើរងការកាប់បំផ្លាញដល់កម្រិតណា មិនមែនចាំតែមើលរបាយការណ៍មន្ត្រីថ្នាក់ក្រោមនោះឡើយ។
[…សម្រាប់ខ្ញុំក្នុងនាមជាបណ្ដាញព្រៃឡង់ យើងមានការសំណូមពរជាច្រើនលើកច្រើនសារមកហើយ ដោយសារទោះបីជារដ្ឋាភិបាលមានចំណាត់ការ ឬក៏សារាចរណ៍ណែនាំអីមួយចំនួន ហាក់ដូចជាព្រៃឈើវានៅតែដដែរៗវាអត់មានការថយចុះទេ បើសិនជារដ្ឋាភិបាលគួរតែមន្ត្រីថ្នាក់ក្រសួងគួរតែចុះមកត្រួតពិនិត្យមើលនៅតំបន់ព្រៃឡង់ជាក់ស្ដែងបានវាមានភាពប្រសើរឡើង ដោយសារយើងគិតថាអ្វីដែលជារបាយការណ៍ខាងក្រសួងដូចជាមន្ត្រីឧទ្យាននុរក្សហ្នឹងគាត់ធ្វើរបាយការណ៍ធ្វើអោយតែល្អមើលទេ តែសម្រាប់ក្រុមពួកខ្ញុំដែលចុះទៅឃើញជាក់ស្ដែងយើងដឹងថាព្រៃឡង់វាហិនហោចប៉ុណ្ណា ...]
ជាមួយគ្នានេះ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា បទល្មើសព្រៃឈើមិនមានការថយចុះអ្វីនោះទេ មានតែកើនឡើងច្រើនជាមុនទៅទៀត បើទោះបីជាមានការព្រមានខ្លាំងៗពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ក៏ដោយ ។
[…ឃើញថាអោយមានការថយចុះក្នុងការកាប់បំផ្លាញព្រៃឈើវាអត់មានទាល់តែសោះ មានតែការកើនឡើងនៃបទល្មើសព្រៃឈើដែលបំផ្លាញដោយក្រុមពួកអ្នកមានអំណាចមួយចំនួនហា៎ ហើយបើចំពោះការលើកឡើងដូចជាសារព្រមានរបស់សម្ដេច ស ខេង ឬក៏ការលើកឡើងការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ ប៉ុន្តែរាល់បទល្មើសទាំងអស់នៅតែមានការកាប់បំផ្លាញព្រៃឈើជាដដែរ ហាក់បីដូចជាក្រុមឈ្មួញដែលរកស៊ីឈើហាក់បីជាមិនស្ដាប់ ឬក៏មិនខ្ជិលយកប្រសាសន៍របស់សម្ដេចសម្ដេចទាំងពីរយកមកដាក់នៅក្នុងត្រចៀកទេ ហើយដាក់នៅក្នុងខ្លួនទេ...]
លោក ហេង ស្រស់ ក៏បានបន្ថែមទៀតថា មានតែការលុបបំបាត់នូវអំពើពុករលួយតែប៉ុណ្ណោះ ទើបអាចការពារ និងថែរក្សាព្រៃឈើនៅប្រទេសកម្ពុជាបានគង់វង្សយូរអង្វែង ។
[…យ៉ាងណាដាច់ខាតបំផុតគឺត្រូវតែលុបបំបាត់អំពើពុករលួយចោល ហើយវាគឺជាដើមចងនៃដែលធ្វើអោយមានការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជាអោយហិនហោចមកដល់សព្វថ្ងៃនេះ...]
មន្រ្តីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន លោក ប៉ែន ប៉ុណ្ណារ៍ បានលើកឡើងថា វប្បធម៌និទណ្ឌភាព និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរវាងមន្ត្រីជំនាញជាមួយឈ្មួញរកស៊ីឈើ គឺជាហេតុដែលនាំមានការកើនឡើងបទល្មើសព្រៃឈើ ។
[…បាទចឹងយើងឃើញថាអ្វីដែលកើតមានឡើងគឺដោយសារ វប្បធម៌និទណ្ឌភាព និងអំពើពុករលួយជាប្រព័ន្ធដែលធ្វើអោយមន្ត្រីនគរបាលយុត្តិធម៌ដែលទទួលខុសត្រូវតាមតំបន់នីមួយៗលោកលែងខ្លាចច្បាប់ ពីព្រោះកន្លងមកអ្នកដែលធ្វើខុសខ្លាំងមែនទែនហ្នឹងបានត្រឹមម៉ាដក ដកយកទៅដូរ ដាក់កន្លែងផ្សេង ជួនកាលពេលខ្លះបានតម្លើងតួនាទីថែមទៀត ហើយចំពោះក្រុមឧកញ៉ា ឬក្រុមឧក្រិដ្ឋហ្នឹងបានត្រឹមតែព្រមានធ្វើការអាចបង្កសំណុំរឿងទៅតុលាការស្ងាត់ឈឹង បាទក្រុមឧកញ៉ាខ្លះលោកបានបន្តកាប់ ដឹកជញ្ជូនឈើហ្នឹងបន្តទៀត...]
បទល្មើសកាប់បំផ្លាញព្រៃឈើ បានកើតឡើងសឹងគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានដូចជា ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ និង កំពង់ស្ពឺ ជាដើម ដែលត្រូវបានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយយ៉ាងព្រោងព្រៀត ។
សូមបញ្ជាក់ថា នាពេលកន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបញ្ជាយ៉ាងដាច់ អហង្កាអោយបង្រ្កាប ដល់ក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើផងដែរ ដោយលោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាអោយបាញ់ពួកឈ្មួយពីលើឧទ្ធម្ភាគចក្រទៀតផង ។ ជាមួយគ្នានោះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានបញ្ជាអោយអាជ្ញាធរខេត្តភូមិភាគឥសាន្ត ធ្វើការចុះបង្ក្រាបបទល្មើសកាប់ និងដឹកឈើខុសច្បាប់អោយបាន បើមិនដូច្នេះទេ លោកនឹងចាប់វិធានការលើអាជ្ញាធរខេត្តទាំងអស់នោះ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!