ក្រុមសហជីព ៖ ឆ្នាំ ២០១៨ នេះ ការតវ៉ារបស់កម្មករនៅតាមរោងចក្រ មានភាពស្ងប់ស្ងាត់ ខណៈសេរីភាពសហជីព ហាក់នៅមានបញ្ហាប្រឈមមួយចំនួន
ក្រុមសហជីព មើលឃើញថា នៅក្នុងឆ្នាំ ២០១៨ នេះ សកម្មភាពតវ៉ារបស់កម្មករ កម្មការនី មានភាពស្ងប់ស្ងាត់ ដោយរដ្ឋាភិបាលបានខិតខំក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កម្មករ ខណៈសេរីភាពសហជីព ហាក់នៅមានបញ្ហាប្រឈមមួយចំនួនទៀត ។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានលើកឡើងថា នៅក្នុងឆ្នាំ២០១៨ នេះ រដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធបានខិតខំក្នុងការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណួមរបស់កម្មករលើវិស័យកាត់ដេរមានភាពល្អប្រសើរ ។
[…មានន័យថាការប្រឹងប្រែងក្នុងការដោះស្រាយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ខ្ញុំមើលឃើញថា រយៈពេលចុងក្រោយនេះយើងឃើញមានការឆ្លើយតបនូវអ្វីដែលជាសំណូមពររបស់យើងខ្ញុំដែលជាមេដឹកនាំសហជីព ក៏ដូចជាករណីទម្លាក់បទចោទប្រកាន់ ឬមួយក៏ពិសេសទៅលើរឿងសំណុំរឿងក្ដីក្ដាន់របស់សហជីពដើម្បីអោយមានការតម្កល់ ឬក៏មិនចាត់ការអីជាដើមនោះយើងឃើញថាវាជារឿងល្អប្រសើរមួយ...]
ក្នុងនោះដែរលោក ប៉ាវ ស៊ីណា ក៏បានមើលឃើញពីចំណុចអវិជ្ជមានមួយចំនួនផងដែរ ដោយសេរីភាពសហជីពនៅរឹតត្បិត ការបញ្ឈប់តំណាងសហជីពនៅតាមរោងចក្រ ជាដើម ដែលហាក់មិនទាន់មានការដោះស្រាយនោះ ។
[…ប៉ុន្តែយើងក៏ក្រឡេកមើលឃើញទៅលើចរន្តនៃសហជីព ដូចជាកម្មករនៅតាមមូលដ្ឋានយើងឃើញមានបញ្ហាជាបន្តបន្ទាប់ ដូចករណីរើសអើងសេរីភាពសហជីព ការបញ្ឈប់តំណាងសហជីព និងការមិនអនុវត្តច្បាប់ពីសំណាក់ភាគីនិយោជក យើងឃើញថានៅមានបន្តកើតឡើងជាបន្តបន្ទាប់ ហើយការដោះស្រាយហាក់ដូចជា មិនសូវជាហៅថាពីមន្ត្រីជំនាញកម្ពុជា មិនសូវពន្លឿនក្នុងការដោះស្រាយទេ...]
ប្រធានសហភាពចលនាកម្មករកម្ពុជារូបនេះ បានស្នើអោយរដ្ឋាភិបាលត្រូវបន្តលើកកម្ពស់សិទ្ធិកម្មករ និងសហជីពដែលធានាដោយច្បាប់ បង្កើនការដោះស្រាយបញ្ហាប្រឈមអោយមានតម្លាភាព និងកាន់តែមានប្រសិដ្ឋភាពថែមទៀត ។
[…លើកកម្ពស់ការគោរពសិទ្ធិកម្មករដែលមានធានាដោយច្បាប់ធានាដោយលក្ខខណ្ឌផ្សេងៗហ្នឹង ពាក់ព៍ន្ធក្នុងការបើកលំហរនេះ សេរីភាពកម្មករ ក៏ដូចជាសហជីពបានធ្វើការពេញលេញជូនកម្មករ ទី១ ហើយទី២ រដ្ឋាភិបាលត្រូវពន្លឿន ក៏ត្រូវជំរុញដល់មន្ត្រីជំនាញអោយបង្កើនការយកចិត្តទុកដាក់ដោះស្រាយអោយបានទាន់ពេលវេលា ហើយនិងប្រកបដោយតម្លាភាព ជាពិសេសមន្ត្រីជំនាញដែលទទួលការដែលជាអ្នកដោះស្រាយធ្វើយ៉ាងមិចអោយគាត់ដោះស្រាយអោយបានលឿន ហើយមានប្រសិដ្ឋដោយតម្លាភាពដោយមិនត្រូវ ដោះស្រាយបែបគំនុំ ទៅតាមនីតិវិធី...]
ជាមួយគ្នានេះ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា មើលឃើញថា សិទ្ធិសេរីភាពរបស់សហជីព ក៏ដូចជាការបង្កើតសហជីព មានបញ្ហាប្រឈមច្រើន ក្រោយច្បាប់សហជីពត្រូវរឹតបន្ដឹង ។
[…មើលឃើញថានៅក្នុងវិស័យកាត់ដេរ បើយើងនិយាយពីសេរីភាពសហជីព និងមេសហជីពដែលត្រូវបានច្បាប់សហជីពឡោមព័ទ្ធ ចឹងវាធ្វើអោយប៉ះពាល់ទៅដល់សិទ្ធិសេរីភាពក្នុងការបង្កើតនូវសហជីពនៅតាមបណ្ដារោងចក្រ ហើយមេសហជីពនៅតាមមូលដ្ឋានក៏មានការប្រឈមច្រើនដោយច្បាប់សហជីពហ្នឹងត្រូវបានរឹតបន្ដឹងបាទ...]
ទន្ទឹមនឹងនេះ លោកថា ដើម្បីធ្វើអោយវិស័យកាត់ដេរនៅកម្ពុជាមានភាពល្អប្រសើរនោះ រដ្ឋាភិបាលគួរតែអនុវត្តនូវលក្ខខណ្ឌមួយចំនួនរបស់សហភាពអឺរ៉ុប ដូចជាការដោះលែងលោក កឹម សុខា បើកសិទ្ធិធ្វើនយោបាយរបស់អតីតតំណាងរាស្រ្តបក្សសង្គ្រោះជាតិ ជាដើម បើមិនដូច្នេះទេ នៅពេលដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា អ្នកដែលរងគ្រោះមុនគេ គឺកម្មករ កម្មការនី វិស័យវាយនភណ្ឌតែម្ដង ។
[…រដ្ឋាភិបាលត្រូវតែទទួលយកនូវសំណើររបស់សហភាពអឺរ៉ុបដែលបានលើកឡើងប្រមាណដូចជា ៥ចំណុច ដោះលែងលោក កឹម សុខា អោយមានសេរីភាពឡើងវិញ ផ្ដល់អោយគណបក្សសង្គ្រោះជាតិមានដំណើរការ លើកលែងអ្នក ១១៨ នាក់នោះអោយមានសិទ្ធិធ្វើនយោបាយ ហើយផ្ដល់ក្រុមប្រឹក្សាឃុំ បើកសិទ្ធិសេរីភាពអោយវិទ្យុ កាសែតដែលមាននិន្នាការឯករាជ្យ ហើយនិងអង្គការសង្គមស៊ីវិលហ្នឹងអោយមានសេរីភាពធ្វើការឡើងវិញ ដើម្បីបញ្ជៀសនូវ ហៅថាទណ្ឌកម្ម ឬការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ហ្នឹងបាទ...]
កត្តាដែលធ្វើអោយមានភាពស្ងប់ស្ងាត់សកម្មភាពតវ៉ាពីសំណាក់កម្មករ កម្មការនី នៅតាមរោងចក្រ អាចមាននូវកត្តា ២ គឺ ទី១ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការដោះស្រាយគោលនយោបាយលើវិស័យការងារ និង ទី២ រដ្ឋាភិបាល ហាក់រឹតត្បិតសេរីភាពរបស់កម្មករ និងសហជីព ។ នេះជាការលើកឡើងរបស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ។
[…កត្តាទី១ ឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាលហើយឆ្លើយតបទៅនឹងការចង់បានរបស់កម្មករ ដូចជា គោលនយោបាយប្រាក់ឈ្នួលអតិបរមា ឬក៏លក្ខខណ្ឌការងារផ្សេងៗ នេះជាការឆ្លុះបញ្ចាំងទី១ ការឆ្លុះបញ្ចាំងទី២ គឹ ដោយសារតែរដ្ឋាភិបាលលោកមានវិធានការរឹតត្បិត ឬក៏មានច្បាប់មានការរៀបចំជាយុទ្ធសាស្ត្រដើម្បីធ្វើអោយសិទ្ធិសេរីភាពរបស់កម្មករហ្នឹងដូចមានការរួមថយ ព្រោះអីគាត់មានការភ័យខ្លាច...]
គួររំលឹកដែរថា កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសអោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ ក្នុងការពន្លឿនការដោះស្រាយសំណុំរឿងសហជីពអោយចប់ត្រឹមចុងឆ្នាំ ២០១៨ នេះ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!