កម្មកររោងចក្រកាត់ដេរ សេឌូណូ ប្រមាណ១ពាន់នាក់ តវ៉ាបិទផ្លូវនៅមុខខណ្ឌដង្កោ ទាមទារប្រាក់អតីតភាព
សហជីព ស្នើអោយក្រសួងការងារ គួរតែពិនិត្យឡើងវិញ លើបញ្ហានៃការបើកប្រាក់អតីតភាពរបស់កម្មករ កម្មការនី ខណៈកម្មករចំនួនប្រមាណ ១ ពាន់នាក់ នៃរោងចក្រសេឌូណូ ធ្វើការតវ៉ាទាមទារប្រាក់អតីតភាព ។
សូមស្ដាប់នូវព័ត៌មានពិស្ដារ ៖
នៅព្រឹកថ្ងៃទី ២៩ ខែ ធ្នូ នេះ មានកម្មករ កម្មការនី ចំនួនប្រមាណ ១ពាន់នាក់ នៃរោងចក្រសេឌូណូ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ទល់មុខនឹងសាលាខណ្ឌដង្កោ បានធ្វើការតវ៉ាបិទផ្លូវ ដើម្បីទាមទារនូវការដោះស្រាយបញ្ហាមួយចំនួន ។
លោក ដុស ចន្ថា កម្មករនៃរោងចក្រសេឌូណូ បានប្រាប់វិទ្យុសំឡេងយុវជន វីអូវ៉ាយ នៅថ្ងៃទី ២៩ ធ្នូ នេះ ថា កម្មករ កម្មការនី ធ្វើការតវ៉ានេះដើម្បីសុំអោយថៅកែរោងចក្របើកប្រាក់អតីតភាពជូនពួកគាត់ ប៉ុន្តែខាងភាគីរោងចក្រសុំជាការបើករំលួសប្រចាំខែវិញ ដែលធ្វើអោយកម្មករទាំងអស់មិនពេញចិត្ត និងមិនព្រមទទួលយកនោះទេ ។
កម្មកររូបនេះ បានបន្តថា មានខាងភាគីក្រសូងការងារ និងអាជ្ញាធរខណ្ឌដង្កោ ក៏បានចេញមុខមកជួយដោះស្រាយបញ្ហានេះជួនពួកគាត់ផងដែរ ក៏ប៉ុន្តែហាក់មិនមាននូវដំណោះស្រាយណាមួយនោះទេ ហើយកម្មករនៅតែធ្វើការតវ៉ារហូតមានដំណោះស្រាយជូនពួកគាត់ ។
ទាក់ទងនឹងករណីនេះ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានលើកឡើងថា ការតវ៉ាដើម្បីទាមទារការបើកនូវប្រាក់អតីតភាពនេះ ដោយកម្មករគិតថា ពួកគាត់មិនអាចនឹងធ្វើការងារនេះរហូតនោះទេ គាត់អាចនឹងឈប់នៅថ្ងៃណាមួយ ដូច្នេះហើយទើបត្រូវការបើកនូវប្រាក់ដំណាច់ឆ្នាំរបស់ទាំងអស់ ដែលពួកគាត់មិនអាចរង់ចាំការបើកជាប្រចាំខែនោះទេ ។
លោក ប៉ាវ ស៊ីណា បានស្នើអោយក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ គួរតែជួយសម្រួល និងពិនិត្យទៅលើបញ្ហាមួយនេះឡើងវិញ ដើម្បីធានានូវការបើកប្រាក់ដំណាច់ឆ្នាំរបស់កម្មករបានត្រឹមត្រូវ ។
ដោយឡែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ លើកឡើងថា លោកមិនសាទរចំពោះការធ្វើនូវបាតុកម្មនេះនោះទេ ដោយលោកបានបញ្ជាក់ថា កម្មករកម្មការនី គួរតែអនុវត្តទៅតាមសេចក្ដីប្រកាសក្រសួងការងារ ក្នុងការបើកប្រាក់អតីតភាពជាដំណាក់កាលៗ ។
គួររំលឹកដែរថា កម្មករ កម្មការនី នៃរោងចក្រសេឌូណូ បានធ្វើការតវ៉ាចាប់ពីថ្ងៃទី ២៦ ខែ ធ្នូ មកម្លេះ តែគ្មានដំណោះស្រាយអ្វីនោះទេ ហើយកាលពីថ្ងៃទី ២៨ ម្សិលមិញ ក្រុមកម្មករក៏បានយកញត្តិទៅដាក់នៅផ្ទះលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ផងដែរដើម្បីសុំការអន្តរាគមន៍ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!