ក្រុមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៖ ក្រោយបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទទួលបានលទ្ធផលគួរអោយកត់សម្គាល់
ក្រុមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងថា ក្រោយការបង្កើតឡើងនូវឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទទួលបាននូវលទ្ធផលគួរអោយកត់សម្គាល់ ទៅតាមដំណាក់កាលៗ ។
លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់វិទ្យុសំឡេងយុវជន វីអូវ៉ាយ នៅថ្ងៃទី ០៣ នេះ ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទើបតែបង្កើតឡើងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ តែទទួលបាននូវលទ្ធផលល្អប្រសើរ ដោយបានចូលរួមដោះស្រាយនូវបញ្ហាដែលកើតមានដ៏រាំរៃ មិនមានការដោះស្រាយ និងការជំរុញអោយរដ្ឋមន្រ្តីមួយចំនួនសកម្មក្នុងការបម្រើប្រជាពលរដ្ឋផងដែរ ។
[...ដូចជាការដោះស្រាយដីធ្លីដ៏រាំរៃដែលអូសបន្លាយរយៈពេល១០ឆ្នាំជាងហើយមកនោះ មិនមានការដោះស្រាយស្រាប់តែបង្កើតយន្តការនេះឡើងមានការដោះស្រាយជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋទទួលបានយុត្តិធម៌ ក៏ដូចជាទទួលបាននូវសំណងខូចខាតពីអាជ្ញាធរ ក៏ដូចជាឈ្មួញទុច្ចរិត ហើយទី២ យើងមើលឃើញថា គឺយើងមើលឃើញថាពូកដែលឈ្មួញទុច្ចរិតចង់បានទ្រព្យសម្បត្តិរដ្ឋ គឺផ្អាកសកម្មភាព ក៏ដូចជាថយមួយជំហាន ដោយសាររអាជាមួយនឹងយន្តការដ៏សំខាន់របស់ពិគ្រោះ និងផ្ដល់យោបល់ យើងមើលឃើញថាការចាក់លុបដៃសមុទ្រ លុបព្រែក លុបបឹងអីមានការថយចុះ ហៃមួយទៀតយើងមើលឃើញរដ្ឋមន្ត្រីមួយចំនួនយកចិត្តទុកដាកជាមួយប្រជាពលរដ្ឋ ក៏ដូចជាវិស័យដែលយើងខមភ្លែន មានន័យថា លើកយោបល់ទៅយើងឃើញថារដ្ឋមន្ត្រីសកម្មជាងមុនបន្តិច...]
លោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានអញ្ជើញរដ្ឋមន្រ្តីតាមក្រសួងមួយចំនួន ដើម្បីប្រជុំពិភាក្សាគ្នាទៅតាមវិស័យនីមួយៗ និងការឃ្លាំងមើលនូវការធ្វើការងាររបស់រដ្ឋមន្រ្តីទាំងអស់នោះផងដែរ ។
[...ជាពិសេសការចាយវាយក្នុងឆ្នាំ២០១៩ នេះដែលយើងជួបជាមួយក្រសួងផែនការ ក្រសួងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងក្រសួងដែនដី និងនគរូបនីយកម្ម យើងបានយល់មួយជំហានទៀតចំពោះការអនុវត្តច្បាប់ ក៏ដូចជាការអនុវត្តការងាររបស់ក្រសួងទាំងអស់នោះ ចឹងទាំងអស់នោះគឺយើងធ្វើជាបទពិសោធន៍ ក៏ដូចជាមុខសញ្ញាមួយដើម្បីយើងតាមដានបន្តទៅទៀតអំពីការអនុវត្តកិច្ចការងាររបស់ក្រសួងទាំងអស់នឹង ចឹងវាជាផលឆ្លើយតបឧត្តមប្រឹក្សាយើងទាំងអស់ហ្នឹងបានយល់បានស្វែងយល់អំពីការអនុវត្តទៅការងាររបស់ក្រសួងនីមួយៗក្នុងការតាមដាន ឃ្លាំមើលការអនុវត្តខុស គេហៅថាគម្រោង ឬក៏ខុសនឹងច្បាប់...]
ជាមួយគ្នានេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក បានលើកឡើងថា លទ្ធផលទទួលបានជាដំណាក់កាលៗ មិនអាចបាន ១០០% នោះទេ ដោយលោកបានបញ្ជាក់ថា ដូចជាករណីលោក ឃឹម ប៊ុនសុង ដែលត្រូវដកតំណែងអភិបាលខេត្តសៀមរាប និងករណីរំលោភដីពលរដ្ឋពីសំណាក់ឧកញ៉ា លី យ៉ុងផាត និងឧកញ៉ា ស៊ី គង់ទ្រីវ ត្រូវបានក្រសួងរៀបចំដែនដីទប់ស្កាត់ការចេញប្លង់កម្មសិទ្ធិ ជាដើម ក្រោយមានការស្នើសុំពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
[...បើយើងមើលទៅលើបរិបទនៃសង្គមបញ្ហាសង្គមហា៎ វាទាក់ទងទៅនឹងប្រព័ន្ធ ជាប្រព័ន្ធ បើរឿងរំលោភដីធ្លីជាប្រព័ន្ធ បើរឿងរំលោភអំណាចអីៗជាប្រព័ន្ធ ប៉ុន្តែសម្រេចបានគឺទី១ យើងឃើញថា គណៈអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ពិតជាត្រូវបានគេប្ដូរតំណែងមែន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម លោកក៏បានទប់ស្កាត់ការចេញប្លង់អោយឧកញ៉ា គង់ទ្រីវ និងឧកញ៉ា លី យ៉ុងផាត ប្រាកដមែន បន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោករបស់យើង ចឹងយើងឃើញពិតជាមានលទ្ធផលជាផ្លែផ្កាម្ដងមួយជំហាន ម្ដងមួយជំហាន បា៎...]
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រូបនេះ បានបន្តថា កិច្ចការបន្តទៅមុខទៀត លោកនឹងផ្ដោតសំខាន់ទៅលើវិស័យសុខមាលភាព តម្លៃកសិផល និងការរំលោភបំពានទៅលើប្រជាពលរដ្ឋ ជាដើម ដោយលោកនឹងអញ្ជើញរដ្ឋមន្រ្តីទទួលបន្ទុកតាមវិស័យមកប្រជុំពិភាក្សា ។
[...ខ្ញុំមិនអាចនិយាយជារួមបានទេ និយាយតែសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីខាងខ្ញុំហ្នឹង គឺយើងនឹងបន្តទៅផ្ដោតលើប្រព័ន្ធសុខមាលភាព ប្រព័ន្ធទីផ្សារកសិផល ការរំលោភអំណាច ការជិះជាន់ទៅលើប្រជាពលរដ្ឋទន់ខ្សោយដែលកើតឡើងគ្រប់មូលដ្ឋានទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា...]
ស្របតាមសិទ្ធិ និងកាតព្វកិច្ចដែលផ្តល់ដោយព្រះរាជក្រឹត្យ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់នូវធាតុចូលលើសេចក្តីព្រាងច្បាប់ និងគោលនយោបាយនានា ក៏ដូចជាតាមដានការអនុវត្តការងាររបស់អាជ្ញាធរនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ រយៈពេល ៤ខែបន្ទាប់ពីបង្កើត ឧត្តមក្រុមប្រឹក្សាបានអញ្ជើញរដ្ឋមន្ត្រីមួយចំនួនមកសួរដេញដោល មានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្រសួងផែនការ ក្រសួងរៀបចំដែនដី ក្រសួងទេសចរណ៍ ហើយនឹងមានគម្រោងអញ្ជើញរដ្ឋមន្ត្រីនៃបណ្តាក្រសួងផ្សេងៗទៀតមកសួរដេញដោល ក៏ដូចជាផ្តល់នូវការទិតៀនស្ថាបនា ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ក្រៅពីនេះប្រតិភូពីគណបក្សនីមួយៗ បានខិតខំជួយសម្របសម្រួលបណ្តឹងរបស់ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លី និងពាំនាំនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋទៅកាន់ប្រមុខរាជរដ្ឋាភិបាលផងដែរ។នេះតាមការបញ្ជាក់របស់លោក គង់ មុនីកា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សឆន្ទៈខ្មែរ ។
លោកក៏បានបន្ថែមទៀតថា គណបក្សឆន្ទៈខ្មែរ កន្លងមកនេះបានយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន បញ្ហាព្រំដែន ការបន្តជួលដីស្រែទៅវៀតណាម ជាពិសេសការជម្រុញអោយមានការផ្តល់ប័ណ្ណកម្មសិទ្ធិដល់វត្តបាក់ណាមផងដែរ។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានសន្យាថានឹងជម្រុញអោយមានការវាស់វែង និងជម្រុញការចេញប័ណ្ណកម្មសិទ្ធិដល់វត្តអោយបានឆាប់រហ័ស។
សូមបញ្ជាក់ថា នៅរៀងរាល់មួយខែម្ដង សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ត្រូវជួបជជែកគ្នាមុនលើកសំណើទៅកាន់ប្រមុខរដ្ឋាភិបាល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រមុខរដ្ឋាភិបាលនឹងជួបជាមួយសមាសភាព នៃសមាជិកឧត្តមក្រុមប្រឹក្សា ដែលមានសមាសភាពមកពីគណបក្សចំនួន១៥ នៅរៀងរាល់៦ខែម្ដង៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!