សកម្មជនការពារព្រៃឈើ និងអ្នកវិភាគ ៖ បានចោទជាសំណួរថា តើប្រជាពលរដ្ឋ ឬ ក្រុមអ្នកដែលរិះគន់រដ្ឋាភិបាល បានកាប់បំផ្លាញព្រៃឈើអស់ប៉ុន្មានទៅហើយ បើធៀបជាមួយនឹងទំហំនៃការការបាត់បង់ឈើ និងទំហំនៃការប្រើប្រាស់របស់ពលរដ្ឋនោះ
សកម្មជនការពារព្រៃឈើ និងអ្នកវិភាគ ជម្រុញអោយ រដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវចំពោះការបាត់បង់ព្រៃឈើ ដោយអ្នកទាំងនេះថា បច្ចុប្បន្នការគ្រប់គ្រងព្រៃឈើ ហាក់មិនទាន់មានប្រសិទ្ធិភាពនោះឡើយ ។ ដោយឡែកសម្រាប់ការបាត់បង់ព្រៃឈើយ៉ាងច្រើននៅកម្ពុជា ដោយសារតែក្រុមឈ្មួញខិលខូចកាប់ដឹកជញ្ជូនទាំងឡានរាប់សិបជើងទៅលក់នៅវៀតណាម ហើយសម្រាប់ការយកឈើទៅធ្វើជាសម្ផារៈផ្ទះ និងសាងសង់ផ្ទះគឺហាក់មិនអាចធ្វើអោយបាត់បង់ព្រៃឈើនៅកម្ពុជានោះទេ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
សកម្មជនការពារព្រៃឡង់ លោក ហឿន សុភាព ប្រាប់វិទ្យុសំលេងយុវជន ថាលោកមិនយល់ស្របនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ដែលថ្លែងថា លោកនឹងទៅរុះរើផ្ទះ ហើយរឹបអូស យកឈើទាំងអស់មកវិញ ចំពោះក្រុមដែលពូកែរិះគន់លោកថា មិនចេះគ្រប់គ្រងព្រៃឈើ ខណៈផ្ទះរបស់ក្រុមទាំងនោះម្នាក់ៗសុទ្ធតែធ្វើឡើងពីឈើប្រណិតៗនោះ ។ លោក ហឿន សុភាព បានលើកឡើងថា រដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវចំពោះការបាត់បង់ព្រៃឈើនេះ ពីព្រោះបច្ចុប្បន្នចំណាត់ការ និងការគ្រប់គ្រងព្រៃឈើ ហាក់មិនទាន់មានប្រសិទ្ធិភាពនោះឡើយ ។
ជាមួយគ្នានេះ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ បានចោទជាសំណួរថា តើប្រជាពលរដ្ឋ ឬ ក្រុមអ្នកដែលរិះគន់រដ្ឋាភិបាល បានកាប់បំផ្លាញព្រៃឈើអស់ប៉ុន្មានទៅហើយ បើធៀបជាមួយនឹងទំហំនៃការការបាត់បង់ឈើ និងទំហំនៃការប្រើប្រាស់របស់ពលរដ្ឋនោះ ។
ការលើកឡើងបែបនេះរបស់សកម្មជនការពារព្រៃឈើ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកនឹងទៅរុះរើ និងរឹបអូស យកឈើទាំងអស់ ពីក្រុមប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលដែលមិនចេះគ្រប់គ្រងព្រៃឈើ ពេលរកឃើញផ្ទះក្រុមទាំងនោះមានប្រើប្រាស់ឈើប្រណិតនោះ ។
ទាក់ទងនឹងការលើកឡើងនេះ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា ស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើបច្ចុប្បន្ន និងចំនួនការប្រើប្រាស់ឈើក្នុងស្រុក ហាក់មាននូវទំនាក់ទំនងគ្នាឆ្ងាយ ដោយកញ្ញាបញ្ជាក់ថា បច្ចុប្បន្នការបាត់បង់ព្រៃឈើនេះ គឺភាគច្រើនកាប់ហើយដឹកជញ្ជូនទៅលក់នៅបរទេសតែប៉ុណ្ណោះ ។
អ្នកវិភាគរូបនេះបន្តថា មិនត្រឹមតែក្រុមប្រឆាំងនោះទេ ដែលប្រើឈើប្រណិត សូម្បីតែមន្ត្រីជាន់ខ្ពស់ជាច្រើនក៏បានយកឈើប្រណិតមកធ្វើផ្ទះដូចគ្នានេះផងដែរ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថានដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានចេញរបាយការណ៍មួយមានចំណងជើងថា “ជនល្មើសមុខដដែល៖ ជំនួញឈើខុសច្បាប់របស់វៀតណាម”។ របាយការណ៍ឲ្យដឹងថា ឆ្នាំ២០១៦ដល់ឆ្នាំ២០១៧ ទំហំឈើប្រមាណ ៣០ម៉ឺនម៉ែត្រគូប ត្រូវបានលួចលាក់នាំចេញ និងធ្វើឲ្យស្របច្បាប់ពីកម្ពុជាទៅវៀតណាម។ សកម្មភាពកាប់ឈើខុសច្បាប់ ក៏កើតឡើងខ្លាំងផងដែរ នៅតំបន់ការពារក្នុងខេត្តរតនគិរី ដូចជា តំបន់ការពារសហគមន៍ ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និងតំបន់ជម្រកសត្វព្រៃលំផាត់៕អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!