អ្នកវិភាគ និងសង្គមស៊ីវិល ៖ ដើម្បីអោយចំណាត់ការមានប្រសិទ្ធិភាព ក្រសួងរៀបចំដែនដី គួរតែមានការកំណត់អត្តសញ្ញាណដីអោយបានច្បាស់លាស់
សង្គមស៊ីវិល និងអ្នកវិភាគ គាំទ្រចំណាត់ការរបស់ក្រសួងរៀបចំដែនដី នៅក្នុងការចាត់វិធានការ និងពង្រឹងដល់ អភិបាលរាជធានី-ខេត្ត ទាំងអស់ គ្រប់គ្រងដីរដ្ឋឲ្យបានល្អ តែដើម្បីឲ្យចំណាត់ការនេះមានប្រសិទ្ធភាពក្រសួងគួរតែ មានការកំណត់អត្តសញ្ញាណដីឲ្យបានច្បាស់ និងជាពិសេស ត្រូវមានក្រុមកាងារវាយតម្លៃដីធ្លីឲ្យបានច្បាស់ លាស់ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ទាក់ទិននឹងករណីនេះ លោក មាស នី អ្នកតាមដាន និងការស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា ដើម្បីឲ្យការពង្រឹងការគ្រប់គ្រងដីរបស់រដ្ឋប្រសិទ្ធិភាព ក្រសួងគួរតែមានការកំណត់នៃដែនអត្តសញ្ញាណដីឲ្យបានច្បាស់លាស់ រវាងដីរដ្ឋ សាធារណៈរបស់រដ្ឋ និងដីឯកជន ជាមុនសិន ព្រោះកន្លងមកលោកសង្កេតឃើញថា មន្រ្តីពាក់ព័ន្ធមួយចំនួន ហាក់មិនទាន់មានភាពច្បាស់លាស់នៅក្នុងការបញ្ជាក់ថា ដីនេះ ឬ ក៏ដីនោះជាដីប្រភេទអ្វីនោះឡើយ ហើយទាំងនេះក៏ជាកត្តាមួយដែលធ្វើអោយជនឆ្លៀតឪកាសមួយចំនួនចូលទៅកាន់កាប់ដីនេះជាដើម ។
លោក ប៉ែន ប៉ុណ្ណារ៍ មន្រ្តីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សអាដហុក គាំទ្រចំពោះការស្នើរបស់ក្រសួង ទៅកាន់គ្រប់អភិបាលរាជធានី-ខេត្ត ទាំអស់ឲ្យចាត់វិធានការ ជួយពង្រឹងថែរក្សាដីរដ្ឋ ឲ្យបានល្អ តែយ៉ាងណាលោកក៏បានស្នើទៅកាន់គ្រប់ គ្រប់អភិបាលរាជធានី-ខេត្ត ទាំអស់ ត្រូវតែមានការត្រួតពិនិត្យឲ្យបានច្បាស់ ថាតើចំនុចណាខ្លះមានការកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ និងនៅពេលត្រួតពិនិត្យច្បាស់លាស់ត្រូវធ្វើការដកហូតដីទាំងអស់នោះយកមកគ្រប់ទុកជាទ្រព្យសម្បត្តិរបស់សាធារណៈរបស់រដ្ឋវិញ ។
តែលោកបានបញ្ជាក់បន្ថែមទៀតថា កន្លងមការចូលទៅកាន់ដី ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅតែមានភាពអាណាធិបតេយ្យដែលមានលក្ខខណៈមិនស្របទៅនឹងច្បាប់ ហើយបច្ចុប្បន្ននេះក៏នៅតែបន្តកើតមានដែរ ។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏បង្ហាញជំហរ គាំទ្រទៅនឹងចំណាត់ការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះ បន្ទាប់ពីកន្លងទៅនោះ អ្នកមានអំណាចខិលខូចមួយចំនួនតូច តែងតែចូលទៅកាន់កាប់ដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយខុសច្បាប់ និងបំពាន ។ ហើយសម្រាប់ការពង្រឹងនេះដែរក្រសួងត្រូវតែមានក្រុមការងារវាយតម្លៃឲ្យបានច្បាស់លាស់ទៅលើដីធ្លី ផងដែរ ។
គួរបញ្ជាក់ផងដែរថា យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា អភិបាលរាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរកាន់កាប់ដីរដ្ឋ នៅទូទាំងប្រទេស និងផ្ដលទិន្នន័យដីរដ្ឋ ដែលស្ថិតក្នុងសមត្ថកិច្ចកាន់កាប់ គ្រប់គ្រងរបស់អង្គភាពរៀងៗខ្លួន ឲ្យដាក់បញ្ចូលក្នុងផែនទីរួម រៀបចំបោះបង្គោលព្រំដែន និងរៀបចំប៉ាណូផ្សព្វផ្សាយ ឲ្យដល់សាធារណជន សំដៅរួមគ្នាការពារដីរដ្ឋទាំងនោះ សម្រាប់ជាប្រយោជន៍រួម៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!