អ្នកជំនាញចរាចរណ៍ និងសង្គមស៊ីវិល គាំទ្រការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជម្រុញអោយមន្រ្តីចរាចរណ៍ ត្រូវសិក្សាច្បាប់ចរាចរណ៍អោយច្បាស់
អ្នកជំនាញផ្នែកចរាចរណ៍ និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាល គាំទ្រការលើកឡើងរបស់លោក ស ខេង ដែលជម្រុញអោយមន្ត្រីចរាចរណ៍ទាំងអស់ ត្រូវមានការសិក្សារៀនសូត្រ អំពីច្បាប់ចរាចរណ៍អោយច្បាស់ ខណៈអ្នកទាំងនោះ ស្នើអោយក្រសួងមហាផ្ទៃ ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់អោយរឹងតឹងបន្ថែមទៀត ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក អ៊ា ចរិយា បានលើកឡើងថា ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជារឿងដែលត្រឹមត្រូវ ដោយសារការយល់ដឹងអំពីច្បាប់ចរាចណ៍ ពីសំណាក់មន្ត្រីផ្នែកចរាចរណ៍បច្ចុប្បន្ននៅមានកម្រិត ដែលត្រូវមានការសិក្សាអប់រំ និងផ្សព្វផ្សាយបន្ថែមទៀតដល់មន្ត្រីទាំងអស់នោះ ។
ការលើកឡើងបែបនេះ បន្ទាប់ពីមានការលើកឡើងរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជម្រុញអោយមានមន្ត្រីចរាចរណ៍ ត្រូវមានការសិក្សា រៀនសូត្រអោយបានច្បាស់លាស់ ទើបដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ បាននូវប្រសិទ្ធិភាព ។ ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ការងារប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ។
ជាមួយគ្នានេះ លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ បានគាំទ្រនូវការលើកឡើងរបស់លោក ស ខេង ផងដែរ ដោយលោកបញ្ជាក់ថា នៅពេលដែលមន្ត្រីចរាចរណ៍បានយល់ដឹងអំពីច្បាប់ចរាចរណ៍ច្បាស់ហើយនោះ ការអនុវត្តការងាររបស់មន្ត្រីទាំងនោះ ក៏ទទួលបាននូវគោរពពីពលរដ្ឋ និងមានប្រសិទ្ធិភាពក្នុងការដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ ផងដែរ ។
លោក ស៊ឹង សែនករុណា មន្ត្រីអង្គការអាដហុក បានលើកឡើងថា ការយល់ដឹងអំពីច្បាប់ចរាចរណ៍ ជាបញ្ហាមួយ ក៏ប៉ុន្តែបញ្ហាចំបងនោះ គឺ មន្ត្រីនគរបាលចរាចរណ៍ ហាក់មិនបានអនុវត្តបានល្អទៅតាមគោលការណ៍ច្បាប់ ដែលជាភារកិច្ចរបស់ពួកគាត់សព្វថ្ងៃនោះឡើយ ។
មន្ត្រីអង្គការអាដហុករូបនេះ បានបន្ថែមទៀតថា សម្រាប់ការដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ពីសំណាក់នគរបាលចរាចរណ៍ ជូនប្រជាពលរដ្ឋ មិនទាន់មានភាប្រសើរ និងប្រសិទ្ធិភាពនោះឡើយ ដោយនៅមានភាពយឺតយ៉ាវ ។
សូមជម្រាបជូនថា តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សមិទ្ធិផលការងាដែលសម្រេចបាន រួមមាន ការកែលម្អយុទ្ធសាស្រ្តនៃការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងដល់មុខសញ្ញាងាយរងគ្រោះ ការកែលម្អយុទ្ធសាស្រ្តនៃការរឹតបន្តឹងអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព ដោយផ្ដោតលើមូលហេតុបង្កគ្រោះថ្នាក់ ការបន្តបំពាក់ឧបករណ៍បច្ចេកទេសត្រួតពិនិត្យល្បឿន និងជាតិអាល់កុល ការគ្រប់គ្រងលក្ខណៈបច្ចេកទេសយានយន្ត និងយានដ្ឋានជួសជុលកែឆ្នៃយានយន្ត ការកែទម្រង់វិធានការបង្រៀន និងផ្ដល់ប័ណ្ណបើកបរ ការសាងសង់ និងជួសជុលផ្លូវថ្នល់ថ្មី ការបន្តជំរុញសេវាធារណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងកិច្ចការចាំបាច់ជាច្រើនទៀត និងការចូលរួមមគោរពច្បាប់ពីសំណាក់ប្រជាពលរដ្ឋ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!