សង្គមស៊ីវិល ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុវត្តច្បាប់អោយតឹងរឹង ដោយមិនត្រឹមតែដកហូតឯកសារពីជនអន្តោប្រវេសន៍ នោះទេ
សង្គមស៊ីវិល ជម្រុញអោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុវត្តច្បាប់អោយបានតឹងរឹងចំពោះជនអន្តោប្រវេសន៍កាន់ឯកសារខុសច្បាប់នៅកម្ពុជា ដោយមិនមែនត្រឹមដកហូតឯកសារ ហើយគ្មានវិធានការនោះទេ ខណៈមន្រ្តីជាន់ខ្ពស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍ លើកឡើងថា ក្រសួងទុកពេល៦ ខែអោយជនបរទេសទៅសុំលិខិតស្នាក់នៅអចិន្ត្រៃយ៍ នៅក្រសួងមហាផ្ទៃ បើមិនដូច្នេះ នឹងត្រូវបណ្ដេញចេញពីកម្ពុជា ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ យល់ឃើញថា ការដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ដែលជនបរទេសកំពុងកាន់ ជាចំណុចចាប់ផ្ដើមមួយក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅកម្ពុជា ក៏ប៉ុន្តែលោកលើកឡើងថា ការដកហូតឯកសារ គ្រាន់តែជាការដកហូតតែប៉ុណ្ណោះ ដោយមិនបានយកច្បាប់មកអនុវត្ត ឬ បណ្ដេញជនអន្តោប្រវេសន៍ចេញនោះទេ ខណៈជនបរទេសទាំងអស់នោះ កំពុងតែរស់នៅដោយខុសច្បាប់នៅកម្ពុជា ។
ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា មន្ត្រីសិទ្ធិមនុស្សអង្គការអាដហុក បានលើកឡើងដែរថា បញ្ហានេះ អាជ្ញាធរ ឬ ស្ថាប័នពាក់ព័ន្ធ ត្រូវមានការស្រាវជ្រាវនូវមូលហេតុដែលនាំអោយមានចេញឯកសារអោយជនអន្តោប្រវេសន៍ដោយខុសច្បាប់បែបនេះ ។
មន្ត្រីអង្គការអាដហុករូបនេះ បានជម្រុញអោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គួរតែមានការវិធានការ និងអនុវត្តច្បាប់កម្ពុជា អោយបានតឹងរឹងចំពោះជនបរទេសណាដែលមកស្នាក់នៅកម្ពុជាដោយខុសច្បាប់នោះ ។
លោក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះថា ក្រោយដកហូតឯកសារពីជនបរទេសរួចហើយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទុកនូវរយៈពេល ៦ ខែ ដើម្បីអោយជនអន្តោប្រវេសន៍ទាំងអស់ ត្រូវទៅសុំធ្វើលិខិតស្នាក់នៅអចិន្ត្រៃយ៍ នៅក្រសួងមហាផ្ទៃ បើមិនដូច្នេះទេ អគ្គនាយកដ្ឋាន នឹងអនុវត្តតាមច្បាប់ ដោយបណ្ដេញចេញពីប្រទេសកម្ពុជា ។
ចំពោះមូលហេតុដែលនាំអោយជនបរទេសមានឯកសាររដ្ឋបាលកម្ពុជា កាន់កាប់នោះ លោក កែវ វណ្ណថន បានលើកឡើងថា ដោយកន្លងមកមន្ត្រីមូលដ្ឋានមិនទាន់យល់ច្បាស់ពីច្បាប់ និងមន្ត្រីខ្លះដោយសារតែគិតពីផលប្រយោជន៍មួយចំនួន ក៏បានចេញឯកសារផ្សេងៗអោយជនអន្តោប្រវេសន៍ ។ លោកក៏បញ្ជាក់ដែរថា អគ្គនាយកដ្ឋាន ក៏មិនមាននូវចំណាត់ការច្បាប់អ្វី ចំពោះមន្ត្រីទាំងអស់នោះដែរ ដោយសារអ្នកនោះមានវ័យជរា អ្នកខ្លះចូលនិវត្តន៍ និងខ្លះទៀតក៏បានស្លាប់ ផងដែរ ។
សូមជម្រាបជូនថា តាមការបញ្ជាក់របស់លោក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយករដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ឯកសាររដ្ឋបាលមិនប្រក្រតី ដែលជនបរទេសកាន់ ត្រូវបានដកហូតប្រមាណ ៩០ % ដោយនឹងដកហូតអោយអស់ ១០០% នៅត្រឹមថ្ងៃទី ៣០ ខែ មិថុនា ខាងមុខនេះ ។
អគ្គនាយករងរូបនេះ ក៏បានបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ២០១៩ នេះ ជនអន្តោប្រវេសន៍ដែលមកកម្ពុជា មានប្រមាណ ១៨ ម៉ឺន នាក់ ក្នុងនោះជនជាតិវៀតណាម បានចំនួនច្រើនជាងគេ ។
សូមបញ្ជាក់ថា យោងតាមស្ថិតិ នៃការធ្វើជំរឿនឆ្នាំ២០១៦ តួលេខជនបរទេសអន្តោប្រវេសន៍ សរុបមាន ចំនួន ៤៦.៧៧៦គ្រួសារ មនុស្សចំនួន ១៧៦.៨១២នាក់ (ស្រី៧៩.៧២៨) អាយុ១៨ឆ្នាំឡើងចំនួន ១២១.៤០៥នាក់ (ស្រី៥២.៧៥៤នាក់) ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!