លោក ពេជ្រ ស្រស់ និងអ្នកជំនាញផ្នែកចរាចរណ៍ ៖ គាំទ្រសេចក្ដីណែនាំរបស់អាជ្ញាធរក្រុងភ្នំពេញ ក្នុងការចាត់វិធានការចំពោះអ្នករំលោភយកដងផ្លូវធ្វើអាជីវកម្មផ្សេងៗ
អ្នកជំនាញផ្នែកចរាចរណ៍ និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គាំទ្រវិធានការក្ដៅរបស់សាលាក្រុងភ្នំពេញ ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ខណៈអ្នកទាំងនោះ ជម្រុញលើកទឹកចិត្តអោយអាជ្ញាធរក្រុង ត្រូវអនុវត្តវិធានការអោយបានតឹងរឹង និងជានិរន្តរភាព មិនមែនគ្រាន់តែធ្វើអោយល្អមើលនោះឡើយ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
សាលារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយក្នុងសេចក្ដីណែនាំ បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋពល ឬម្ចាស់អាជីវកម្មណា ដែលមិនបានអនុវត្តទៅតាមការណែនាំ អាជ្ញាធរនឹងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន ដោយនឹងរឹបអូសសម្ភារៈ ផ្អាកការដ្ឋាន និងអាចដល់ការបិទអាជីវកម្ម ទៀតផង ។
ទាក់ទងនឹងករណីនេះ លោក គង់ រតនៈ អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោក បានគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរក្រុងភ្នំពេញ ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក៏ប៉ុន្តែលោកលើកឡើងថា ការចេញវិធានការនេះ មានប្រសិទ្ធិភាពក្នុងការអនុវត្តដែរឬទេ ដោយកន្លងមកវិធានការទាំងអស់នេះ មានជារឿយៗ តែហាក់ដូចជាវិធានការវែកចក ធ្វើក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយក៏កើតមានមកវិញ ។
អ្នកជំនាញរូបនេះ បានជម្រុញអោយអាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់អោយបានតឹងរឹង និងជាប់ជាប្រចាំ ហើយក្នុងនោះលោកក៏ស្នើអោយមានការចូលរួមពីប្រជាពលរដ្ឋ ផងដែរ ។
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សយុវជនកម្ពុជា បានលើកឡើងថា ជាវិធានការវិជ្ជមាន ក្នុងការដោះស្រាយការកកស្ទះចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដែលរងការរំលោភយកចិញ្ចើមផ្លូវធ្វើអាជីកម្មនោះ ។
លោក ពេជ្រ ស្រស់ បានលើកទឹកចិត្តអោយអាជ្ញាធរក្រុង ត្រូវមានការអនុវត្តច្បាប់អោយតឹងរឹង និងជានិរន្តរ៍ មិនមែនធ្វើអោយតែល្អមើលនោះឡើយ ។
សូមជម្រាបជូនថា ក្នុងសេចក្ដីណែនាំក្នុងការរៀបចំសណ្ដាប់ធ្នាប់ របស់សាលារាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានទុករយៈពេល ១ ខែ ជូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រង់មន្ទីរពេទ្យ គ្រឹះស្ថានអប់រំ អាគារសាធារណៈ វិស័យឯកជន និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដើម្បីធ្វើការកែសម្រួល និងរៀបចំទីតាំងរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ក្នុងករណីមិនចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ទាំង ១២ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការរដ្ឋបាល រួមមានបិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារ រុះរើសំណង់ តែម្ដង ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!