អ្នកជំនាញកសិកម្ម និងអ្នកវិភាគ ៖ តម្លៃស្រូវធ្លាក់ថ្លៃ អាចមកពីកត្តាមួយផ្នែកដែលអឺរ៉ុបសម្រេចយកពន្ធអង្កររបស់កម្ពុជា ដែលនាំចូលទៅទីផ្សារអឺរ៉ុប
អ្នកជំនាញកសិកម្ម និងអ្នកវិភាគ លើកឡើងថា ការសម្រេចយកពន្ធអង្កររបស់កកម្ពុជា ដែលនាំចូលទៅទីផ្សារអឺរ៉ុប បានធ្វើអោយតម្លៃស្រូវកម្ពុជាធ្លាក់ថ្លៃ ដែលអ្នកទាំងនោះជម្រុញអោយរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធត្រូវរកវិធានការដោះស្រាយជាបន្ទាន់ ។
សូមស្ដាប់ព៍ត៌មានពិស្ដារ ៖
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានលើកឡើងថា កត្តាដែលនាំអោយតម្លៃស្រូវមានការធ្លាក់ចុះជាបន្តបន្ទាប់នោះ រួមមាន បញ្ហាទីផ្សារអន្តរជាតិ ក្រោយមានការតម្រូវអោយបង់ពន្ធនាំចូលអង្ករកម្ពុជា ទៅទីផ្សារអឺរ៉ុប ក៏ដូចជាកង្វះការផ្សព្វផ្សាយដល់កសិករក្នុងការជ្រើសរើសប្រភេទស្រូវដែលមានគុណភាព និងជាតម្រូវការនាំចេញ ជាដើម ។
លោកបានបន្តថា ការធ្លាក់ចុះតម្លៃស្រូវនេះ នឹងធ្វើអោយមានឥទ្ធិពលអាក្រក់មួយចំនួនដល់ប្រជាកសិករ ដោយពួកគាត់ត្រូវសងប្រាក់ដែលបានខ្លីធនាគារ ការចំណាយច្រើនទៅលើជី ថ្នាំសម្លាប់សត្វល្អិត និងសម្ភារៈកសិកម្ម ជាដើម តែចុងក្រោយតម្លៃស្រូវដែលពូកគាត់ទទួលតិចតួចបំផុត ។
ជាមួយគ្នានេះ លោក ហង្ស វិទូ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ យល់ឃើញថា ការធ្លាក់ថ្លៃស្រូវនៅពេលនេះ ជាបញ្ហាដែលគួរអោយព្រួយបារម្ភ ផងដែរ ក្រោយការប្រកាសយកពន្ធអង្កររបស់កម្ពុជា ដែលនាំចូលទៅទីផ្សារអឺរ៉ុប ដោយលោកជម្រុញអោយរដ្ឋាភិបាលត្រូវរកវិធានការដោះស្រាយជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។
វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបពី លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននោះទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ។
គួរកត់សម្គាល់ថា គណៈកម្មការអឺរ៉ុបសម្រេចយកពន្ធអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដោយតម្រូវបង់ពន្ធ២០០,៧៣ដុល្លារក្នុងមួយតោននៅឆ្នាំដំបូង ជាមួយនឹងការសម្រេចជាផ្លូវការបែបបនេះ ក៏ហាក់ធ្វើអោយតម្លៃស្រូវរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តម្លៃស្រូវកម្ពុជា ត្រូវបានធ្លាក់ថ្លៃជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តជាច្រើន ដែលធ្វើប្រជាកសិករជួបនូវការលំបាកយ៉ាងខ្លាំង ប្រជាកសិករមិនហ៊ាននឹងច្រូតស្រូវទៀតផង ដោយខ្លាចមិនមានអ្នកទិញ ។
សូមបញ្ជាក់ថា ឆ្នាំ២០១៨កន្លងទៅ កម្ពុជានាំចេញអង្ករបានជាង ៦២ម៉ឺនតោន ថយចុះ ១,៥ភាគរយ បើធៀបទៅនឹងការនាំចេញក្នុងឆ្នាំ២០១៧ ជាង៦៣ម៉ឺនតោន តែយ៉ាងណានៅឆ្នាំនេះ បើទោះបីជាភាគីអ៊ឺរ៉ុបយកពន្ធអង្ករកម្ពុជា លើកូដអង្ករប្រណីត៤មុខក្តីក៏កម្ពុជាអាចនាំអង្ករទៅផ្សារអ៊ឺរ៉ុបបានផងដែរ ហើយក្នុងនោះ ចិន ក៏បានសន្យាជាមួយកម្ពុជា និងបន្តនាំចូលអង្ករកម្ពុជាចំនួន ៤០ម៉ឺនតោនបន្ថែមទៀត នៅឆ្នាំ២០១៩នេះ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!