មន្រ្តីសិទ្ធិមនុស្ស និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៖ ជម្រុញការអនុវត្តច្បាប់អោយមានប្រសិទ្ធិភាព ចំពោះជនប្រព្រឹត្តខុស ដែលបានផ្ទុះអាវុធ និងប្រើហិង្សាលើពលរដ្ឋ ក្នុងជម្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុ
មន្រ្តីសិទ្ធិមនុស្ស និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គាំទ្រការចុះធ្វើអធិការកិច្ចទៅលើមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ ដែលបានផ្ទុះអាវុធ និងប្រើហឹង្សាលើពលរដ្ឋ ក្នុងជម្លោះដីធ្លី ក៏ប៉ុន្តែអ្នកទាំងនោះ ជម្រុញអោយមានការអនុវត្តច្បាប់អោយមានប្រសិទ្ធិភាពខ្ពស់ចំពោះជនប្រព្រឹត្តខុស ដែលមិនមែនត្រឹមតែធ្វើអធិការកិច្ច ហើយបញ្ជប់នោះឡើយ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ការសម្រេចបង្កើតគណៈកម្មចំពោះកិច្ចដើម្បីចុះធ្វើអធិការកិច្ចទៅលើមន្រ្តីរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងករណីប្រើហឹង្សាលើប្រជាពលរដ្ឋដែលតវ៉ារឿងវិវាទដីធ្លី ជារឿងដែលល្អ សម្រាប់ជាការត្រួតពិនិត្យ និងស៊ើបអង្កេតទៅលើមន្ត្រីថ្នាក់ក្រោមដែលបានប្រព្រឹត្តខុស ក៏ដូចជាការទទួលខុសត្រូវខ្ពស់របស់មន្ត្រីអនុវត្តច្បាប់ ផងដែរ ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានជម្រុញអោយថ្នាក់លើ ត្រូវមានវិធានការតាមផ្លូវច្បាប់អោយបានតឹងរឹងចំពោះមន្រ្តីណាដែលបានប្រព្រឹត្តខុសឆ្លងចំពោះពលរដ្ឋ ដែលមានប្រើអំពើហឹង្សា ការចាប់ចង រហូតឈានដល់ការបាញ់ពលរដ្ឋ ជាដើម ។
ជាមួយគ្នានេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានគាំទ្រចំពោះការចុះធ្វើអធិការកិច្ចលើកងកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ដែលមានទាំងមន្រ្តីអាវុធហត្ថ ទាហាន និងនគរបាល ជាដើម ដែលធ្វើការបង្ក្រាបលើប្រជាពលរដ្ឋដ៏ឃោឃៅ ក្នុងការតវ៉ាទំនាស់ដីធ្លីរវាងពលរដ្ឋ និងឧកញ៉ា នៅខេត្តកន្លងទៅនោះ ។
ប៉ុន្តែលោកបានលើកឡើងថា ត្រឹមតែមានចុះអធិការកិច្ច មិនទាន់គ្រប់គ្រាន់នោះឡើយ ត្រូវតែមានការដាក់ទោសជាដាច់ខាតចំពោះអ្នកដែលប្រព្រឹត្ត និងអ្នកដែលបញ្ជាពីក្រោយការប្រើហឹង្សានេះ ដោយលោកបញ្ជាក់ថា ករណីមួយនេះ បានប៉ះពាល់ដល់មុខម៉ាត់កម្ពុជាយ៉ាងខ្លាំង ខណៈដែលមន្ត្រីកម្ពុជា កំពុងតែការពារស្ថានភាពសិទ្ធិមនុស្សនៅឆាកអន្តរជាតិ នោះ ។
ស្រដៀងគ្នានេះ សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ បានលើកឡើងថាដែរ ជាចំណុចវិជ្ជមានរបស់មន្ត្រីថ្នាក់លើ ក្នុងការបង្ហាញបរិបទថ្មីមួយទៀតក្នុងការយកចិត្តដាក់ទុកលើប្រជាពលរដ្ឋ និងជាវិធានការចំពោះមន្រ្តីខិលខូចដែលប្រើតួនាទីខុស ក៏ដូចជាការធ្វើបាបប្រជាជន កន្លងមក ។
លោក ពេជ្រ ស្រស់ បានបន្ថែមថា ត្រូវតែមានការអនុវត្ត និងដាក់ទោសជនដែលប្រព្រឹត្តខុសទៅតាមផ្លូវច្បាប់ដែលបានកំណត់ និងចែង អោយមាននូវប្រសិទ្ធិភាពខ្ពស់ ក៏ដូចជាពង្រឹងដល់មន្ត្រីសមត្ថកិច្ចដទៃទៀត កុំអោយចេះតែប្រព្រឹត្តខុសច្បាប់ ។
សូមជម្រាបជូនថា បើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីចុះធ្វើអធិការកិច្ចនូវបាតុភាពរបស់ក្រុមមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ ចុះអនុវត្តសាលដីការបស់តុលាការកំពូល ពាក់ព័ន្ធរឿងជម្លោះដីធ្លី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានការផ្ទុះអាវុធបណ្តាលឲ្យប្រជាពលរដ្ឋរងរបួស និងប្រើហិង្សាលើប្រជាពលរដ្ឋទាំងដៃជាប់ចំណង និងបាតុភាពមួយចំនួនទៀត ដើម្បីស្វែងរកការពិតជាក់ស្តែង ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!