ក្រសួងមហាផ្ទៃ ត្រូវមានវិធានការផ្លូវច្បាប់ ចំពោះមន្រ្តី ឬ អាជ្ញាធរ ដែលប្រព្រឹត្តខុសតួនាទី និងច្បាប់ ប្រសើរជាងការផ្ដល់អនុសាសន៍ ហើយនៅតែមានបញ្ហាជាដដែរ
មន្រ្តីសិទ្ធិមនុស្ស អ្នកវិភាគ និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថាការជម្រុញអោយអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការដោះស្រាយបញ្ហាជូនពលរដ្ឋអោយទាន់ពេលវេលា និងដោយសន្តិវិធីពីក្រសួងមហាផ្ទៃជាសញ្ញាល្អមួយក្នុងការពង្រឹងការងារថ្នាក់មូលដ្ឋាន ខណៈអ្នកទាំងនោះ ក៏ជម្រុញអោយក្រសួង ត្រូវដាក់វិធានការផ្លូវច្បាប់ ចំពោះមន្រ្តី ឬ អាជ្ញាធរ ដែលប្រព្រឹត្តខុសតួនាទី និងច្បាប់ ប្រសើរជាងការផ្ដល់អនុសាសន៍ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី យល់ឃើញថា នេះ ជាសញ្ញាវិជ្ជមានមួយដែលពលរដ្ឋនៅមូលដ្ឋានចង់បាន ដោយលោក មាស នី លើកឡើងថា កន្លងទៅអាជ្ញាធរមូលដ្ឋាន ហាក់មិនទាន់ស្គាល់ច្បាស់ពីតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការរកដំណោះស្រាយអោយពលរដ្ឋ ពេលខ្លះអាជ្ញាធរក៏ប្រើតួនាទីខុស ប្រើហឹង្សាមកលើប្រជាជន ថែមទៀតផង ។
ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា មន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក គាំទ្រការជម្រុញមួយនេះ តែក្រសួងពាក់ព័ន្ធជាពិសេស ក្រសួងមហាផ្ទៃ ត្រូវមានវិធានការ និងនីតិវិធីផ្លូវច្បាប់ ចំពោះមន្រ្តី ឬអាជ្ញាធរណា ដែលបានប្រព្រឹត្តខុសច្បាប់ និងតួនាទី ក៏ដូចជាអសកម្មក្នុងបំពេញការងាររបស់ខ្លួន ប្រសើរជាងការផ្ដល់អនុសាសន៍ ឬស្ដីបន្ទោស បើមិនដូច្នេះទេ បញ្ហានេះនៅជាដដែរ មិនមានប្រសិទ្ធិភាពអ្វីនោះឡើយ ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ លើកឡើងថា នេះជាការក្រើនរំលឹកដល់មន្រ្តីថ្នាក់ក្រោម ជាពិសេសអភិបាលខេត្ត តែម្ដង ដោយលោកបញ្ជាក់ថា អភិបាលខេត្តមួយចំនួន ហាក់មិនចេះធ្វើការ និងមិនព្រមដោះស្រាយបញ្ហាអោយពលរដ្ឋនោះទេ ដែលធ្វើបញ្ហាមួយចំនួន ត្រូវជាប់គាំង គ្មានដំណោះស្រាយ រាប់សិបឆ្នាំ ។
លោក ពេជ្រ ស្រស់ ក៏បានជម្រុញអោយក្រសួងមហាផ្ទៃ ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ និងត្រូវដាក់វិន័យទៅលើមន្ត្រី ឬអាជ្ញាធររូបណា ដែលប្រព្រឹត្តខុស ហើយបើរកឃើញនូវកំហុសធ្ងន់ធ្ងរ ត្រូវតែដកចេញពីតំណែង តែម្ដង ដើម្បីធ្វើអោយមន្រ្តីទាំងអស់ខ្លាចរអា និងខិតខំក្នុងការបម្រើប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួនបានល្អ និងមានប្រសិទ្ធិភាពខ្ពស់ ។
នៅថ្ងៃទី ១៣ ខែ មករា ម្សិលមិញនេះ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អាជ្ញាធរមូលដ្ឋាន ត្រូវស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានានាជូនពលរដ្ឋអោយបានទាន់ពេលវេលា និងប្រសិទ្ធិភាព ដោយមិនចាំបាច់មានបញ្ជាពីថ្នាក់លើ ឬ ក្រសួងនោះឡើយ ។
លោករដ្ឋមន្ត្រី ក៏បានជម្រុញអោយមន្ត្រី និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវអនុវត្តច្បាប់ និងត្រូវចេះរកនូវដំណោះស្រាយដោយសន្តិវិធី ប្រសើរជាងការកម្លាំងកាយ កំហឹងទល់នឹងកំហល់ មកលើប្រជាពលរដ្ឋ ។
សូមរំលឹកដែរថា ក្នុងការចុះអនុវត្តសាលដីការបស់តុលាការកំពូល ពាក់ព័ន្ធរឿងជម្លោះដីធ្លី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានការផ្ទុះអាវុធបណ្តាលឲ្យប្រជាពលរដ្ឋរងរបួស និងប្រើហិង្សាលើប្រជាពលរដ្ឋទាំងដៃជាប់ចំណង ពីសំណាក់អាជ្ញាធរខេត្ត ដែលរួមទាំង មន្រ្តីអាវុធហត្ថ នគរបាល និងមន្ត្រីយោធា ជាង ៣០០ នាក់ ដែលត្រូវរងការរិះគន់ និងស្ដីបន្ទោសពីថ្នាក់លើជាច្រើន រហូតមានការចុះស៊ើបអង្កេតផងករណីនេះ ផងដែរ ប៉ុន្តែមកដល់នឹងពេលនេះ មិនទាន់ឃើញបង្ហាញលទ្ធផលអ្វីនោះឡើយ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!