បញ្ហា និងក្ដីកង្វល់មួយចំនួនរបស់ពលរដ្ឋ នឹងត្រូវឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ក្នុងកិច្ចប្រជុំថ្ងៃទី ២៨ កុម្ភៈ ខាងមុខនេះ
ក្រុមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានត្រៀមរួចរាល់ក្នុងការរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល នូវបញ្ហាមួយចំនួនដែលពលរដ្ឋកំពុងជួបប្រទះ ក៏ដូចជាភាពអសកម្មរបស់មន្រ្តីនៅតាមមូលដ្ឋានមួយចំនួន ផងដែរ ក្នុងកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ២៨ កុម្ភៈ ខាមុខនេះ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងបើកកិច្ចប្រជុំប្រចាំឆមាសរបស់ខ្លួន ដែលនឹងមានចូលរួមពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដែលកិច្ចប្រជុំនេះនឹងធ្វើឡើងនៅ វិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី ។
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុកប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សយុវជនកម្ពុជា បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ក្នុងកិច្ចប្រជុំខាងមុខនេះ លោកនឹងលើកបញ្ហាមួយចំនួនដែលពលរដ្ឋកំពុងជួបប្រទះ បញ្ហាតុលាការ និងបញ្ហារបស់មន្ត្រីថ្នាក់ក្រោមជាតិដែលអសកម្មក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ ។
ដោយឡែក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក ក៏នឹងលើកបញ្ហាធំៗមួយចំនួនផងដែរ ដើម្បីយកមកពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនោះរួមមាន ការអនុវត្តសាលដីការរបស់តុលាការកំពូលក្នុងទំនាស់ដីធ្លី ដែលមានភាពមិនប្រក្រតី និងបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ថ្លៃ ហើយលោកក៏ធ្វើសេចក្ដីស្នើច្បាប់ក្នុងគោលការណ៍ជ្រើសរើសមន្រ្តីរបស់ក្រសួងមហាផ្ទៃ ដើម្បីធានាបានភាពត្រឹមត្រូវ គ្មានអំពើពុករលួយ និងបក្សពួកនិយម ជាដើម ។
លោក គង់ មុនីកា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សឆន្ទៈខ្មែរ នឹងធ្វើការរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវលទ្ធផលការងារដែលក្រុមការងាររបស់លោកបានចុះទៅដោយផ្ទាល់កន្លងមក នូវបញ្ហាវិវាទដីធ្លី បញ្ហាព្រំដែន សិទ្ធិសេរីភាពរបស់ជនជាតិភាគតិច ជាដើម ដើម្បីរកដំណោះស្រាយជូនពលរដ្ឋអោយមានប្រសិទ្ធិភាពបន្ថែមទៀត ។
នៅថ្ងៃនេះ ផងដែរ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានប្រាប់វិទ្យុសំឡេងយុវជន VOY ដែរថា ក្នុងកិច្ចប្រជុំខាងមុខ សមាជិកទាំងអស់នឹងលើកយកបញ្ហាដែលប្រតិភូរបស់ខ្លួនបានចុះទៅជួបដោយផ្ទាល់ មករាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិភាក្សារកដំណោះស្រាយ និងសុំការសម្រេចទៅលើបញ្ហាមួយចំនួនពីប្រមុខរាជរដ្ឋាភិបាល ផងដែរ ។
លោក ឈឹម ផលវរុណ ក៏បានបញ្ជាក់ដែរថា បញ្ហាដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងលើកឡើងភាគច្រើន ជារឿងទំនាស់ដីធ្លី បញ្ហាអសកម្មរបស់មន្រ្តីនៅតាមមូលដ្ឋានក្នុងបម្រើពលរដ្ឋ និងការបំពេញការងារមិនទាន់មានប្រសិទ្ធិភាព ជាដើម ។
គួររំលឹកដែរថា យោងតាមព្រះរាជក្រឹត្យ ស្ដីពីការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានកំណត់ថា រៀងរាល់ ៦ ខែ ម្ដង នឹងបើកកិច្ចប្រជុំ ក្រោមការកោះប្រជុំដោយប្រមុខរដ្ឋាភិបាល ដើម្បីធ្វើការប្រជុំបូកសរុបលទ្ធផលការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងរយៈពេល ៦ ខែ កន្លងមក និងរាយការណ៍ជូននាយករដ្ឋមន្រ្តី នូវបញ្ហាប្រឈមនានា ដែលពលរដ្ឋកំពុងជួបប្រទះ ដើម្បីសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!