ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រតិកម្មតបនឹងសេចក្ដីបំភ្លឺរបស់ក្រសួងយុត្តិធម៌ ដោយឧត្តមក្រុមប្រឹក្សា នៅតែរក្សាជំហរបស់ខ្លួន ចំពោះការពិត ដែលមានក្នុងសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាន
ក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រតិកម្មតបនឹងសេចក្ដីបំភ្លឺរបស់ក្រសួងយុត្តិធម៌ ដែលចោទថា លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សា ចេញផ្សាយនៃលទ្ធផលកិច្ចប្រជុំ មិនពិត កាលពីថ្ងៃទី ២២ ខែ មីនា កន្លងទៅ ខណៈក្រុមឧត្តមក្រុមប្រឹក្សា រក្សាជំហរបស់ខ្លួន ចំពោះការពិត ដែលមានក្នុងសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាន ។
ក្រោយក្រសួងយុត្តិធម៌ចេញសេចក្ដីបំភ្លឺ និងប្រតិកម្ម នឹងសេចក្ដីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទាក់ទងនឹងលទ្ធផលនៃកិច្ចប្រជុំរវាងស្ថាប័នទាំងពីរ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ឈឹម ផលវរុណ បានឆ្លើយតបទៅនឹងសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថា លោករីករាយស្វាគមន៍ដោយសុទ្ធចិត្ត និងគោរពសិទ្ធិនៃការប្រតិកម្មរបស់ក្រសួងយុត្តិធម៌ ដោយលោកបញ្ជាក់ថា លេខាធិការដ្ឋាននៅតែរក្សាជំហរបស់ខ្លួនដដែលចំពោះការពិតជាក់ស្ដែង នៃសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដោយឈរលើកំណត់ត្រាពីសំណាក់មន្ត្រី ១៥នាក់ ហើយបានផ្ទៀងផ្ទាត់ជាមួយនឹងឃ្លីបសម្លេង (Recording) ទៀតផង ។ សំឡេង ៖
ចំពោះបញ្ហាអំពើពុករលួយ ដែលក្រសួងលើកឡើងថា មិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ នោះ លោក ឈឹម ផលវរុណ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ ជាសេនាធិការរបស់រដ្ឋាភិបាល ក្នុងភារកិច្ចពង្រឹងនីតិរដ្ឋ និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ប្រទេស ដែលក្រសួងត្រូវទទួលបន្ទុករាល់បទល្មើសទាំងអស់គ្រប់រូបភាព ។ សំឡេង ៖
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ដែរថា ក្រសួងយុត្តិធម៌ កំពុងតែគេចវេស មិនហ៊ានទទួលយកនូវអ្វីដែលជាការពិតជាក់ស្ដែង ដោយលោកលើកឡើងថា បញ្ហាប្រឈមទាំងអស់ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចោទសួរ លោករដ្ឋមន្រ្តី បានដាក់បន្ទុកទៅលើអំពើពុករលួយ តែមិនបានបង្ហាញពីយន្តការ និងយុទ្ធសាស្ត្របែបណា ក្នុងការទប់ស្ដាត់ និងបោសសម្អាតអំពើពុករលួយនោះឡើយ ។ សំឡេង៖
លោក ពេជ្រ ស្រស់ បានជម្រុញ និងស្នើអោយក្រសួង ស្ថាប័នរដ្ឋ ទាំងអស់ ត្រូវពង្រឹងស្ថាប័នខ្លួនឯងបន្ថែមទៀត ដោយធ្វើយ៉ាងណា កុំអោយអំពើពុករលួយ រីករាលដាលខ្លាំងពេក ដោយមិនគ្រាន់តែឆ្លើយរួចខ្លួននោះទេ ។សំឡេង ៖
សម្រាប់លោក សុខសុវណ្ណ វឌ្ឍសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានឆ្លើយតបនឹងក្រសួងយុត្តិធម៌ ដែរថា ក្រសួងយុត្តិធម៌ ហាក់មិនបានមើលព្រះរាជក្រឹត្យ ស្ដីពី ការប្រព្រឹត្តទៅនៃស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្ដល់យោបល់ នោះទេ ដែលបានចែងយ៉ាងច្បាស់ថា សមាជិកឧត្តមក្រុមប្រឹក្សា មានសិទ្ធិ និងតួនាទី ចោទសួរនូវបញ្ហាប្រឈមទាំងឡើយ ដែលក្នុងកើតមានឡើងក្នុងសង្គម ទៅលើស្ថាប័នដែលទទួលបន្ទុកកិច្ចការនោះ ។ សំឡេង ៖
លោក វឌ្ឍនាសាប៊ុង ក៏បានប្រតិកម្មនូវទង្វើរបស់ប្រតិភូក្រសួងយុត្តិធម៌ ដែលបានយកលិខិតទៅចែកយ៉ាងអនាធិបតេយ្យ នៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី ២២ ខែ មិនា កន្លងទៅ ផងដែរ ។ សំឡេង ៖
គួរកត់សម្គាល់ដែរថា នៅថ្ងៃទី ២៥ ខែ មីនា នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធនឹងលទ្ធផលនៃជំនួបរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយក្រសួងយុត្តិធម៌ ដោយអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រតិកម្មចំពោះសេចក្ដីប្រកាសព័ត៌មាន របស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អំពីលទ្ធផលនៃកិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងយុត្តិធម៌កន្លងទៅ ដោយក្រសួងយុត្តិធម៌បានពិនិត្យឃើញថា មានចំណុចមួយចំនួនមិនបានឆ្លុះបញ្ចាំងពី អ្វីដែលជាគោលជំហរ និងការបកស្រាយរបស់ក្រសួងឡើយ ហើយមានចំណុចខ្លះជារឿងមិនពិតទៀតផង។ ក្នុងនោះដែរ ក្រសួងយុត្តិធម៌ មានការសោកស្តាយចំពោះសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងទាំងស្រុងនៃទិដ្ឋភាពប្រជុំ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ប្រតិភូក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ លោករដ្ឋមន្រ្តី អង្គវង្ស វឌ្ឍនា បានជួបប្រជុំពិភាក្សាការងារ ជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព ។ ក្នុងនោះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានលើកឡើងពីបញ្ហា និងសំនួរ ជាច្រើនទៅកាន់ប្រតិភូក្រសួងយុត្តិធម៌ ដែលក្នុងនោះមាន ការកំណែទម្រង់ប្រព័ន្ធតុលាការ បញ្ហាអំពើពុករលួយក្នុងស្ថាប័នតុលាការ បញ្ហានិទណ្ឌភាព ការបង្កើនប្រសិទ្ធភាពការងារ បញ្ហាចង្អៀតណែនពន្ធនាគារ និងបញ្ហាសំខាន់ៗមួយចំនួនទៀត ផងដែរ ប៉ុន្តែហាក់ មិនទទួលបាននូវផ្លែផ្កា អ្វីនោះទេ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!