អ្នកវិភាគ និងសង្គមស៊ីវិល គាំទ្រវិធានការលុបបំបាត់ក្លឹបកម្សាន្ត នៅជិតគ្រឹះស្ថានសិក្សា ដោយអ្នកទាំងនោះ ស្នើអោយអាជ្ញាធរ ត្រូវអនុវត្តន៍វិធានការអោយមានប្រសិទ្ធភាព និងតម្លាភាព
អ្នកវិភាគ និងសង្គមស៊ីវិល គាំទ្រវិធានការលុបបំបាត់ក្លឹបកម្សាន្ត នៅជិតគ្រឹះស្ថានសិក្សា ដោយអ្នកទាំងនោះ ស្នើអោយអាជ្ញាធរ ត្រូវអនុវត្តន៍វិធានការអោយមានប្រសិទ្ធភាព និងតម្លាភាព ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ហង្ស វិទូ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ គាំទ្រវិធានការរបស់លោក ស ខេង ក្នុងការលុបបំបាត់ក្លឹបកម្សាន្ត នៅជិតសាលារៀន ដោយលោកបញ្ជាក់ថា បញ្ហាគ្រឿងញៀន រួមទាំងបទល្មើសមួយចំនួន ក៏បានកើតចេញពីក្លឹបកម្សាន្តនេះ ផងដែរ ។
លោក ហង្ស វិទូ បានលើកឡើងថា បើមិនមានការគ្រប់គ្រងបានត្រឹមត្រូវនោះទេ ក្លឹបកម្សាន្ត នឹងក្លាយជាកន្លែងប្រព្រឹត្តបទល្មើសផ្សេងៗ ជាច្រើន ខណៈដែលបច្ចុប្បន្នក្លឹបកម្សាន្តកំពុងតែរីកដុះដាលច្រើន ទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត ។
ជាមួយគ្នានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ក៏បានគាំទ្រវិធានការនេះ ផងដែរ ដោយលោកស្រីសង្ឃឹមថា អាជ្ញាធរនឹងអនុវត្តន៍វិធានការតាមការណែនាំរបស់លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលបានប្រសិទ្ធភាព និងមានតម្លាភាព ។
លោក យ៉ង គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ ក៏ជម្រុញអោយអាជ្ញាធរ ត្រូវមានការត្រួតពិនិត្យតាមដានជាប្រចាំនៅតាមក្លឹបកម្សាន្តទាំងអស់ ដើម្បីបង្ក្រាប និងទប់ស្កាត់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន រួមទាំងការបង្កបទល្មើសផ្សេងៗ នៅក្នុងក្លឹបកម្សាន្ត ។
គួរកត់សម្គាល់ថា នៅក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់អាងហែលទឹក នៅពហុកីឡដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៩ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការ លុបបំបាត់ក្លឹបកម្សាន្ដ និងកន្លែងបូជាសព នៅជិតសាលារៀនដែលធ្វើអោយប៉ះពាល់ទៅដល់ការសិក្សារបស់សិស្សនិស្សិត ។ ក្នុងនោះដែរ លោករដ្ឋមន្រ្តី ស ខេង ក៏បញ្ជាក់ដែរថា បើក្លឹបកម្សាន្តណា មានការលួចលាក់ប្រើប្រាស់ និងជូញដូរគ្រឿងញៀនទៀត នឹងកាន់តែជាបញ្ហា ។
សូមបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ កុម្ភៈ សមត្ថកិច្ចរាជធានីភ្នំពេញ ឆ្មក់ចូលចាប់ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ដែលមានទីតាំងជិតនឹងសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដោយបានឃាត់ខ្លួនមនុស្សជាង៣០០នាក់។ សមត្ថកិច្ចបានដកហូតបានគ្រឿងញៀន ជាង ៥០គីឡូក្រាមទេ ក្នុងនោះ យ៉ាងហោចណាស់ សារធាតុញៀនជាទឹក ជិត ១០គីឡូក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១២ និងកាំភ្លើងខ្លី ចំនួន ១ដើម។
ជាមួយគ្នានេះ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ នាយការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និង រកឃើញទីតាំងពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន តាមបណ្តាក្លឹបកម្សាន្ត និង បារបារាំង ចំនួន១ ២៩៥កន្លែង ក្នុងនោះ ជាង១ពាន់កន្លែងបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!