អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសស្វាគមន៍វត្តមានមន្រ្តីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត ក្នុងការមកបំពេញការងារនៅកម្ពុជា នាពេលខាងមុខនេះ
អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសស្វាគមន៍វត្តមានមន្រ្តីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត ក្នុងការមកបំពេញការងារនៅកម្ពុជា នាពេលខាងមុខនេះ ខណៈសង្គមស៊ិវិល លើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមិនទាន់មានភាពល្អប្រសើរ នោះទេ ។
អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា រយៈពេល ១១ ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៩ សប្ដាហ៍ក្រោយនេះ ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យឧត្តមស្នង ការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ចេញនៅថ្ងៃទី ២៣ ខែ មេសា ។
ជាមួយនឹងដំណើរទស្សនកិច្ចរបស់មន្រ្តីសិទ្ធិមនុស្ស អង្គការសហប្រជាជាតិរូបនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា រដ្ឋាភិបាលស្វាគមន៍ចំពោះវត្តមានលោកស្រី រ៉ូណា ស្មីត ក្នុងការចូលរួមជួយ និងការវាយតម្លៃនូវស្ថានភាពសិទ្ធិមនុស្សដល់រដ្ឋាភិបាល ដើម្បីធ្វើអោយមានភាពល្អប្រសើរបន្ថែមលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏បានបញ្ជាក់ដែរថា កម្ពុជាមិនធ្វើតាមការបង្គាប់បញ្ជារបស់បុគ្គល ឬ ក្រុមណាមួយនោះទេ ប៉ុន្តែកម្ពុជាបាននឹងកំពុងខិតខំពង្រឹងសិទ្ធិសេរីភាពរបស់ពលរដ្ឋ ភាពយុត្តិធម៌ ទៅតាមវប្បធម៌ដ៏ល្អរបស់កម្ពុជា ។
ដោយឡែកលោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ក្នុងដំណើរទស្សកិច្ចរបស់លោកស្រី រ៉ូណា ស្មីត នៅកម្ពុជាខាងមុខនេះ លោកស្រីនឹងលើកយកបញ្ហាសំខាន់ៗមួយចំនួនដែលកម្ពុជាកំពុងជួបបញ្ហាប្រឈមសព្វថ្ងៃនេះ មានដូចជា បញ្ហានយោបាយ បញ្ហាសិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌សង្គម ក៏ដូចជាកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ ជាដើម ដើម្បីធ្វើការពិភាក្សាជាមួយកម្ពុជា ។
ចំពោះស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្នវិញ លោក ព្រាប កុល បានបញ្ជាក់ថា មិនទាន់មានភាពល្អប្រសើរនោះទេ បើប្រៀបធៀបស្ថានភាពមុនការបោះឆ្នោតឆ្នាំ ២០១៣ ជាពិសេសបញ្ហានយោបាយ តែម្ដង ។
ស្រដៀងគ្នានេះ លោក អំ សំអាត មន្រ្តីសិទ្ធិមនុស្ស នៃអង្គការលីកាដូ ក៏លើកឡើងដែរថា បញ្ហាសិទ្ធិមនុស្សនៅតែបន្តធ្លាក់ចុះ បើទោះបីជារដ្ឋាភិបាល បានខិតខំប្រឹងប្រែងយ៉ាងណាក្ដី ដោយលោក អំ សំអាត បញ្ជាក់ថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ត្រូវបានរឹតត្បិត ទំនាស់ដីធ្លីនៅតែជាបញ្ហាប្រឈម ជាដើម ។
មន្រ្តីសិទ្ធិមនុស្សលីកាដូ រូបនេះ បានជម្រុញអោយរដ្ឋាភិបាល គួរតែគោរពទៅតាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ក៏ដូចជាគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ត់ ដើម្បីធានា និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាអោយកាន់តែល្អប្រសើរបន្ថែមទៀត ។
សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត បាន មានប្រសាសន៍ថា “ខ្ញុំនឹងផ្តោតបេសកកម្មរបស់ខ្ញុំទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរ វិវត្តន៍នានាចាប់តាំងពីបេសកកម្មរបស់ ខ្ញុំកាលពីខែវិច្ឆិកាកន្លងមក”។ ខ្ញុំមានបំណងបន្តការពិនិត្យផងដែរទៅលើវិស័យសិទិ្ធមនុស្សទាក់ទង នឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពដោយពិនិត្យជាពិសេសទៅលើកា រមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព”។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃ អ្នកជំនាញរូបនេះ គ្រោងជួបប្រជុំជាមួយមន្រ្តី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។ លោកស្រី ស្មីត នឹងបំពេញទស្សន កិច្ច ផងដែរទៅតាមតំបន់ផ្សេងៗ ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។
អ្នករាយការណ៍ពិសេស អ.ស.ប បំពេញបេសកកម្ម ផ្លូវការជាប្រចាំមកកាន់ប្រទេសកម្ពុជានិងធ្វើ របាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សា សិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះ បានតែងតាំងលោកស្រី នៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីនឹងបង្ហាញរបាយការណ៍បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងខែកញ្ញាឆ្នាំ២០១៩។
គួររំលឹកដែរថា លោកស្រី រ៉ូណា ស្មីត នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រី ដោយមានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីពិភាក្សាអំពីលទ្ធផលស្រាវជ្រាវបឋមនៃដំណើរទស្សនកិច្ចរបស់លោកស្រី ដែលសន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា នៅវេលាម៉ោង ០៣:00 រសៀល ម៉ោងក្នុងស្រុក នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ៤ ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ការចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ អនុញ្ញាតឲ្យតែអ្នកសារព័ត៌មានតែប៉ុណ្ណោះ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!