ក្រុមអ្នកវិភាគ អះអាងថា ការផ្ដល់សេវាផ្នែកសុខាភិបាលដល់ពលរដ្ឋ សព្វថ្ងៃនៅតែរងការរិះគន់ ដោយទោះបីរដ្ឋាភិបាល បានខិតខំក្នុងលើកកម្ពស់ការផ្ដល់សេវាសុខាភិបាលដល់ពលរដ្ឋ យ៉ាងណាក្ដី
ក្រុមអ្នកវិភាគ អះអាងថា ការផ្ដល់សេវាផ្នែកសុខាភិបាលដល់ពលរដ្ឋ សព្វថ្ងៃនៅតែរងការរិះគន់ បើទោះបីរដ្ឋាភិបាល បានខិតខំក្នុងលើកកម្ពស់ការផ្ដល់សេវាសុខាភិបាលដល់ពលរដ្ឋ យ៉ាងណាក្ដី ខណៈដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គ្រោងជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល នាពេលខាងមុខនេះ ទាក់ទងបញ្ហាប្រឈមមួយចំនួន ក្នុងវិស័យសុខាភិបាល ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ លោក យ៉ង គីមអេង លើកឡើងថា ការផ្ដល់សេវាផ្នែកសុខាភិបាលជូនពលរដ្ឋ នៅតាមមន្ទីរនានា នៅតែរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាដដែល ដោយលោកគូសបញ្ជាក់ថា បុគ្គលិកសុខាភិបាល រួមទាំងគ្រូពេទ្យមួយចំនួន នៅតែមិនទាន់បានគោរពទៅក្រម សីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ គុណភាពនៃការព្យាបាលនៅមានកម្រិត ខ្លះនូវមន្ទីរពិសោធន៍ ខ្លះបរិក្ខាវេជ្ជសាស្ត្រទំនើបៗ ព្រមទាំងក្រុមគ្រូពេទ្យខ្លះមិនបានយកចិត្តទុកដាក់ជាមួយអ្នកជម្ងឺ ទៀតផង ។
សម្រាប់លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មើលឃើញថា ទោះបីរដ្ឋាភិបាល បានបង្កើតមូលនិធិសមធម៌ ក៏ដូចជា ប័ណ្ណក្រីក្រដល់ពលរដ្ឋ យ៉ាងណាក្ដី ក៏នៅតែមានការិះគន់ និងត្អូនត្អែរពីសំណាក់ប្រជាពលរដ្ឋ ដែរ ដោយលោក មាស នី បានបញ្ជាក់ថា រដ្ឋាភិបាល ហាក់មិនទាន់បានកំណត់យក វិស័យសុខាភិបាល ជាវិស័យអាទិ៍ភាព នោះទេ ដោយក្នុងកញ្ចប់ថវិកាចំណាយលើវិស័យសុខាភិបាល នៅមានកម្រិតទាប នៅឡើយ បើប្រៀបធៀប ជាមួយនឹងវិស័យផ្សេងៗទៀត ។
ជាមួយគ្នានេះ កន្លងទៅ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានប្រាប់វិទ្យុសំឡេងយុវជន ថា លោកបានដាក់លិខិតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួចមកហើយ ក្នុងការស្នើសុំអញ្ជើញរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចូលបំភ្លឺក្នុងកិច្ចប្រជុំជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាពេលខាងមុខឆាប់ៗ នេះ លើភាពមិនប្រក្រតីមួយចំនួន ក្រោមសមត្ថកិច្ចគ្រប់គ្រង និងទទួលខុសត្រូវរបស់ក្រសួង រួមមានដូចជា ៖ បញ្ហាក្រមសីលធម៌គ្រូពេទ្យ ការគ្រប់គ្រងធូររលុងលើគ្លីនិកឯកជន ការខ្វះទំនួលខុសត្រូវចំពោះការព្យាបាលអ្នកជំងឺរបស់គ្លីនិកឯកជន ការលំហូរចូលនូវឱសថក្លែងក្លាយដែលប៉ះពាល់សុខភាព ដែលបញ្ហាទាំងនេះ សុទ្ធសឹងជាហេតុនាំអោយពលរដ្ឋដែលជាអ្នកទទួលយកសេវាសុខាភិបាលកើតក្ដីមិនពេញចិត្ត និងរិះគន់ជាហូរហែរមកនោះ ។
លោកឡែក លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល វិទ្យុសំឡេងយុវជន មិនអាចសុំការបកស្រាយ បាននោះទេ ដោយទូរស័ព្ទរបស់លោកកំពុងជាប់រវល់ ។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៩ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា ប្រព័ន្ធថែទាំសុខភាព ត្រូវធានាយ៉ាងហោចណាស់ ឱ្យមានសេវាសុខភាពជាសារវ័ន្ដ សម្រាប់ប្រជាពលរដ្ឋ ទាំងអស់ប្រើប្រាស់ ពោល គឺកញ្ចប់សេវាមួយ ដែលឆ្លើយតបទៅនឹងបន្ទុកជំងឺ ឬបញ្ហាសុខភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទៅ ទាំងនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់ថ្នាក់ ទំាងនៅទីប្រជុំជន និងតំបន់ជនបទ ហើយសេវាទាំងអស់នោះទៀតសោត ត្រូវមានគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាព ។
ជាមួយគ្នានេះ លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំលឹកដល់មន្រី្តសុខាភិបាលទូទាំងប្រទេស ត្រូវពង្រឹងនូវគុណភាព ភ្ជាប់ជាមួយនឹងបច្ចេកទេសទំនើប ដើម្បីផ្ដល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ហើយត្រូវផ្លាស់ប្តូរឥរិយាបថ ពីទម្លាប់មិនល្អ ទៅជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយសីលធម៌ថ្លៃថ្នូរ មិនរើសអើងអ្នកជំងឺ ដែលស្របនឹងសុភាសិត លើកឡើងថា «គ្រូពេទ្យ ជាមាតា មានព្រហ្មវិហារធម៌ ដ៏ល្អរបស់អ្នកជំងឺ»។
សូមជម្រាបជូនដែរថា រាជរដ្ឋាភិបាល បានបង្កើនការចំណាយក្នុងការពង្រីកការគ្របដណ្ដប់ នៃកម្មវិធីមូលនិធិសមធម៌ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ កម្មករនិយោជិត ក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋ ជាគោលដៅមួយចំនួនផ្សេងទៀត ឱ្យជៀសផុតពីហានិភ័យហិរញ្ញវត្ថុ នៅពេលមកប្រើប្រាស់សេវាថែទាំសុខភាព នៅពេលមានជំងឺ ឬបញ្ហាសុខភាព ។
ដោយឡែក របបសន្ដិសុខសង្គម ផ្នែកថែទាំសុខភាព ក៏ត្រូវបានពង្រីកការគ្របដណ្ដប់ ដល់មន្ដ្រីសាធារណៈអតីតមន្ដ្រីរាជការ និងអតីតយុវជន បន្ទាប់ពីរបបសន្ដិសុខ សង្គមផ្នែកថែទំាសុខភាព សម្រាប់កម្មករនិយោជិត ក្នុងប្រព័ន្ធ ត្រូវដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៦ និងកម្មវិធីជំនួយសង្គម សម្រាប់ស្ដ្រីក្រីក្រ ក្នុងការទទួលបានសេវាថៃទំាគភ៌ សេវាសម្រាលមានសុវត្ថិភាព និងសេវាពិនិត្យថែទាំក្រោយសម្រាលដែលនឹងចាប់ផ្ដើម នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ ។ ប៉ុន្តែទោះបីជាមានការផ្ដល់ជូននេះក្ដី ក៏ក្រុមសង្គមស៊ីវិល និងមហាជន មានការរិះគន់ លើការរើសអើសពីសំណាក់ក្រុមគ្រូពេទ្យមួយចំនួនផងដែរ លើការប្រើបណ្ណ័នេះ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!