សង្គមស៊ីវិល ព្រួយបារម្ភចំពោះវត្តមានជនជាតិចិន នៅកម្ពុជា ដែលបាននឹងកំពុងប្រព្រឹត្តបទល្មើសនានា ជាច្រើននៅលើទឹកដីកម្ពុជា ខណៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លើកឡើងថា នគរបាលជាតិ បាននឹងកំពុងអនុវត្តយ៉ាងម៉ត់ចត់ ទៅតាមច្បាប់
សង្គមស៊ីវិល ព្រួយបារម្ភចំពោះវត្តមានជនជាតិចិន នៅកម្ពុជា ដែលពេលបច្ចុប្បន្ននេះ ជនជាតិចិន បាននឹងកំពុងបង្កបញ្ហា និងប្រព្រឹត្តបទល្មើសនានា ជាច្រើននៅលើទឹកដីកម្ពុជា ខណៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លើកឡើងថា នគរបាលជាតិ បាននឹងកំពុងអនុវត្តយ៉ាងម៉ត់ចត់ ទៅតាមច្បាប់ និងផែនការ ស្ដីពី កិច្ចការពារសុខសុវត្ថិភាព និងសន្តិសុខសង្គម ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា លំហូរជនបរទេសមកកម្ពុជា សព្វថ្ងៃនេះ ជាពិសេសនោះជនជាតិចិន គឺកំពុងតែមានឥទ្ធិពលខ្លាំងដោយការវិនិយោគ រួមនឹងការប្រព្រឹត្តបទល្មើសយ៉ាងអនាធិបតេយ្យ ដោយមានទាំងការប្រើប្រាស់អាវុធដោយខុសច្បាប់ មានប្រើស្លាកលេខរថយន្ត របស់ ខ.ម ស្លាកលេខរដ្ឋ ដោយអ្នកទាំងនោះ ជាជនជាតិបរទេស គ្មានតួនាទីអ្វីផងនោះ ។
លោក សន ជ័យ បានជម្រុញអោយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានការត្រួតពិនិត្យទៅលើប័ណ្ណបើកបរ ត្រួតពិនិត្យអាវុធ ត្រួតពិនិត្យលើលិខិតរដ្ឋបាលផ្សេងៗ រួមទាំងពិនិត្យ និងតាមដានលើការធ្វើអាជិវកម្មរបស់ជនជាតិចិននៅកម្ពុជា អោយបានតឹងរឹងបន្ថែមទៀត ដើម្បីធានាដល់ការរក្សាសន្តិសុខសង្គម ក៏ដូចសុវត្ថិភាពរបស់ជនបរទេស ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ផងដែរ ។
ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់នៃអង្គការអាដហុក មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនជាតិចិន ដែលបានបង្កនូវបទល្មើសយ៉ាងអនាធិបតេយ្យជាច្រើនដល់សង្គម និងក៏បានបង្កផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីក្នុងរស់នៅរបស់ជនជាតិខ្មែរ ដ៏ល្អផូរផង់ ទៀតផង ដែលនេះជា ហានិភ័យមួយដល់សន្តិសុខជាតិកម្ពុជា ។
មន្រ្តីអង្គការអាដហុករូបនេះ ជម្រុញអោយរដ្ឋាភិបាល គួរតែមានការត្រួតពិនិត្យអោយបានម៉ត់ចត់ មុនអនុញ្ញាតអោយជនជាតិចិនចូលមកក្នុងប្រទេសកម្ពុជា ហើយក៏ត្រូវមានការអនុវត្តអោយបានតឹងរឹងបន្ថែមទៀតផងដែរចំពោះជនជាតិចិន ដែលបានប្រព្រឹត្តបទល្មើសនានា នៅក្នុងសង្គមកម្ពុជា សព្វថ្ងៃនេះ ។
ដោយឡែកអគ្គស្នងការរង និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា តាមរយៈគោលនយោបាយបើកចំហរជើងមេឃរបស់រដ្ឋាភិបាល ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ក៏ដូចអ្នកវិនិយោគបរទេស នោះ បាននាំផលចំណេញដល់កម្ពុជាជាច្រើន ក្នុងនោះលោក ក៏ទទួលស្គាល់ដែរថា ការចូលច្រើនពីសំណាក់ជនបរទេសនេះ ក៏បាននាំមកនូវបញ្ហាប្រឈមជាច្រើន ផងដែរដល់កម្ពុជា ប៉ុន្តែលោក ឆាយ គឹមខឿន បញ្ជាក់ថា តាមរយៈការដាក់ផែនការរក្សាសន្តិសុខសង្គមរបស់ក្រសួងមហាផ្ទៃ និងបទបញ្ជាពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ មក បញ្ហាទាំងនេះ ក៏បានធូរស្រាលមួយកម្រិត ។
អ្នកនាំពាក្យនគរបាលជាតិរូបនេះ បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តច្បាប់លើការគ្រប់គ្រងអាវុធជាតិផ្ទុះ បានយ៉ាងម៉ត់ចត់បំផុត ហើយអគ្គស្នងការដ្ឋាន ក៏នឹងឈានដល់ការត្រួតពិនិត្យឡើងវិញផងដែរ លើការប្រើប្រាស់អាវុធពីស្ថាប័នស៊ីវិល ដែលស្ថិតក្រោមអំណាចសមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលខាងមុខនេះ ។
ជាមួយនឹងករណីជនជាតិចិន បាញ់សម្លាញ់ជនជាតិចិន គ្នាឯង នៅខេត្តព្រះសីហនុ លោក ឆាយ គឹមខឿន បានបញ្ជាក់ថា សមត្ថកិច្ច បាននឹងកំពុងធ្វើការស្រាវជ្រាវ និងសាកសូរជនបង្ក ថាតើគាត់បានកាំភ្លើងនេះ មកពីប្រភពណាវិញ ។
គួរកត់សម្គាល់ដែរថា វិនិយោគិន និងអ្នកទេសចរបរទេសដែលមកប្រទេសកម្ពុជា ក្នុងរយៈពេលបីខែ ឆ្នាំ២០១៩ ទទួលរងគ្រោះមានចំនួន ១៦៧ករណី សរុប ២១១នាក់ មាន ៣៥សញ្ជាតិ លើ ១៥រាជធានី-ខេត្ត បើប្រៀបធៀបជាមួយត្រីមាសទី១ ឆ្នាំ២០១៨ មាន ១៤១ករណី កើនឡើង ១៥.៥៦%។ នេះ ។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីសំណាក់ លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុម HOTLINE ជនបរទេស និងមានតំណាងស្ថានទូតបរទេសប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីបណ្តាស្នងការនគរបាលរាជធានី-ខេត្ត ផងដែរ ។
តាមរបាយការណ៍ដដែល បានបង្ហាញថា សញ្ជាតិដែលរងគ្រោះច្រើនជាងគេ គឺ ជនជាតិចិនមានចំនួន ៩៨នាក់ បារាំង ចំនួន ១២នាក់ អង់គ្លេសចំនួន ១១នាក់ អាល្លឺម៉ង់ ចំនួន ០៩នាក់ អាមេរិក ចំនួន ៧នាក់ ។ ចំណែកជនបរទេសប្រព្រឹត្តបទល្មើសវិញ មានចំនួន ៨២ករណី និងឃាត់ខ្លួនចំនួន ៣៤១នាក់ មាន ២០សញ្ជាតិ លើ ១២ រាជធានី-ខេត្ត ទូទាំងប្រទេស លើ២០ប្រភេទបទល្មើស (ប្រៀបធៀបជាមួយត្រីមាសទី១ ឆ្នាំ២០១៨ មាន ៥៥ករណី កើនឡើង ៣២,៩២%) ។ ដោយក្នុងនោះ សញ្ជាតិប្រព្រឹត្តបទល្មើសច្រើនជាងគេ គឺជនជាតិចិន មានចំនួន ២៤១នាក់ វៀតណាមចំនួន ៤៩នាក់ ថៃចំនួន ២៦នាក់ កូរ៉េខាងត្បូងចំនួន ០៤នាក់ អាមេរិកចំនួន ០៣នាក់ ហើយភូមិសាស្ត្រដែលកើតឡើងច្រើនជាងគេនោះ គឺ ប៉ូលសេដ្ឋកិច្ចទាំងបីរបស់កម្ពុជា ពោល នៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងសៀមរាប ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!