ខណៈបក្សកាន់អំណាច ទទួលបានការគាំទ្រលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ៣ គណៈបក្សចួលរួមប្រកួតប្រជែងដទៃ មិនបានភ្ញាក់ផ្ដើលអ្វីនោះទេ ចំពោះលទ្ធផលបឋមនេះ
គណៈបក្សនយោបាយ និងអ្នកនាំពាក្យ គជប លើកឡើងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ អាណត្តិទី ៣ ឆ្នាំ ២០១៩ បានដំណើរការរលូន និងបញ្ចប់ដោយជោគជ័យ មិនមានបញ្ហារាំងស្ទះអ្វីនោះទេ ខណៈលទ្ធផលបឋម បង្ហាញថា គណៈបក្សប្រជាជនកម្ពុជា ទទូលបានសំឡេងគាំទ្រលើសលប់ ក្នុងការបោះឆ្នោតនេះ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ក្រោយបិទបញ្ចប់ដំណើរការបោះឆ្នោតេជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ៣ ឆ្នាំ ២០១៩ កាលពីម្សិលមិញរួចហើយ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន ថា ជាទិដ្ឋភាពទូទៅ ក្នុងដំណើរការបោះឆ្នោតនេះ គឺមានប្រក្រតីភាព សណ្ដាប់ធ្លាប់ និងសន្តិសុខល្អ និងមានភាពរលូនទៅតាមនីតិវីធី ដែលបានកំណត់ រួមទាំងគណបក្សនយោបាយ ក៏មានភាពចាស់ទុំ ផងដែរ ។
អ្នកនាំពាក្យរូបនេះ បន្តថា ភាពជោគជ័យ ក្នុងការរៀបចំបោះឆ្នោតនេះ បានបង្ហាញអោយឃើញនូវការគោរពច្បាប់ ដែលបានកំណត់៥ ឆ្នាំ បោះឆ្នោតម្ដង ក្នុងគោលបំណងចូលរួមការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសអោយកាន់តែប្រសើរ ។
សម្រាប់លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សមួយបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះដែរ បានថ្លែងថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅតាមនីតិវិធីរបស់ គជប ត្រឹមត្រូវ ក៏ប៉ុន្តែលោកបញ្ជាក់ថា ចំណុចមួយចំនួននៅមានភាពយឺតយ៉ាវ ដូចជា ការផ្ដល់ទម្រង់ ១១០២ មិនបានទាន់ពេលវេលា ជាដើម ។
ជាមួយនឹងលទ្ធផលបឋម ដែលបង្ហាញថា គណបក្សប្រជាជន ទទួលបានសំឡេងលើសលប់ក្នុងការបោះឆ្នោតនេះ លោក គង់ មុនីកា បានលើកឡើងថា លោកមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដោយលោកបញ្ជាក់ថា គណបក្សលោកចូលរូមបោះឆ្នោតនេះ មិនរំពឹងទទួលបានលទ្ធផលយ៉ាងណានោះទេ គ្រាន់តែបង្ហាញនូវរៀបចំរចនាសម្ព័ន្ធគណបក្សតែប៉ុណ្ណោះ ។ក្នុងនោះ លោក ក៏លើកឡើងដែរថា បើនៅថ្នាក់មូលដ្ឋាននៅតែបន្តដឹកនាំដោយឯកបក្ស បែបនេះទៀតនោះ ការធ្វើការរបស់មន្រ្តី នឹងមិនមានការវិវត្តអ្វីនោះទេ ដោយនៅតែជិះសេះប្រលែងដៃ ដដែល ។
លើកឡើងស្រដៀងគ្នានេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ក៏មិនមានការភ្ញាក់ផ្អើលអ្វីនោះដែរ ជាមួយនឹងលទ្ធផលបោះឆ្នោតនេះ ដែលបង្ហាញថា គណបក្សកាន់អំណាចទទួលបានសំឡេងគាំទ្រច្រើននោះ ដោយលោកបញ្ជាក់ថា អង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ហើយក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងនោះ សុទ្ធតែស្ថិតជាមន្រ្តីបក្សកាន់អំណាច ដូច្នេះមិនមានអ្វីចម្លែកនោះឡើយ ដែលអ្នកទាំងនោះ បោះឆ្នោតអោយគណបក្សខ្លួននោះ ។
ជាទិដ្ឋភាពរួម ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ លោក ពេជ្រ ស្រស់ មើលឃើញថា បានប្រព្រឹត្តទៅត្រឹមត្រូវ ដោយសេរីភាព និងសមធម៌ ដែលធានាដល់ការសម្រេចចិត្តរបស់អង្គបោះឆ្នោតទាំងអស់ ក្នុងជ្រើសរើសតំណាងរបស់ខ្លួនចិត្ត ។
សូមជម្រាបថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩នេះ បានធ្វើឡើងកាលពីថ្ងៃ អាទិត្យ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ ដែលចាប់ផ្ដើមពីម៉ោង ៧៖០០នាទី រហូតដល់ម៉ោង៣ រសៀលថ្ងៃដដែលនេះ ។ ដំណើរការបោះឆ្នោតនេះ មានគណបក្សចូលរួមប្រកួតប្រជែងចំនួន ៧ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សសញ្ជាតិកម្ពុជា ។ បេក្ខភាពឈរឈ្មោះបោះឆ្នោតមកពីគណបក្សនយោបាយទាំង ៧ នោះ មានចំនួនសរុប ២១ ៦៩២ នាក់ ខណៈអង្គបោះឆ្នោត ឃុំ សង្កាត់ពេញសិទិ្ធទូទាំងប្រទេសមានចំនួន ១១ ៥៧២ នាក់។ សម្រាប់អាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបោះឆ្នោតជ្រើសរើសមានសរុប ៤ ១១៤ អាសនៈ ក្នុងនោះអាសនៈក្រុមប្រឹក្សារាជធានី-ខេត្តទាំង ២៥ មានចំនួន ៥៥៩ អាសនៈ និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌចំនួន ២០៣ មានអាសនៈចំនួន ៣ ៥៥៥ អាសនៈ។
ជាមួយគ្នានេះ បើតាម គជប បានបញ្ជាក់ថា ការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នឹងប្រកាសនៅថ្ងៃទី ៣១ ខែ ឧសភា ខណៈលទ្ធផលផ្លូវការ នឹងត្រូវប្រកាស នៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៩ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!