បញ្ហាដីធ្លី បទល្មើសព្រៃឈើ និងភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន រួមទាំងបញ្ហាបោះបង្គោលយកសមុទ្រ ត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំប្រចាំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកកិច្ចប្រជុំប្រចាំខែឧសភា របស់ខ្លួន ដែលដឹកនាំដោយ លោក ហួន រាជចំរើន ប្រធានប្តូរវេន នៅទីស្តីការគណៈរដ្ឋមន្រ្តី (វិមានសន្តិភាព) ។
ខ្លឹមសារសំខាន់ៗ ដែលប្រតិភូគណៈបក្សនីមួយៗ លើកយកមកពិភាក្សា គឺផ្តោតសំខាន់លើបញ្ហា ទំនាស់ដីធ្លី បទល្មើសព្រៃឈើ និងភាពអសកម្មរបស់មន្ត្រីអាជ្ញាធរនៅថ្នាក់ក្រោមជាតិមួយចំនួនមិនអើពើទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន ក៏ដូចជាករណីមួយចំនួនទៀត ពាក់ព័ន្ធនឹងការមិនសហការការងាររបស់អភិបាលខេត្តខ្លះ ជាមួយប្រតិភូគណៈបក្ស ក្នុងក្រមខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលបញ្ហានេះត្រូវបានសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចាត់ទុកថា ជាការប្រឆាំងនឹងសេចក្តីណែនាំរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងគោលបំណងអោយមានការសហការគ្នាល្អ រវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងអាជ្ញាធរនៅតាមបណ្ដាមូលដ្ឋានទាំងអស់ ។
ជាពិសេសទៀតនោះ ក្នុងកិច្ចប្រជុំនេះ ក៏ត្រូវបានសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកយកបញ្ហាបោះបង្គោលរំលោភយកដីសមុទ្រ នៅសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដែលបញ្ហាមួយនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានទៅទូទៅ ផងដែរ ដែលគេចាត់ទុកថា ជាការរំលោភនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា សមុទ្រ ជាសម្បត្តិសាធារណៈរបស់រដ្ឋ នោះ ។
ក្រោយការពិភាក្សាក្នុងកិច្ចប្រជុំផ្លូវការរួចហើយ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៃប្រតិភូនីមួយៗ នឹងរៀបចំរបាយការណ៍ រួចបញ្ជូនរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ត្រួតពិនិត្យ ។
សូមបញ្ជាក់ថា តួនាទីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីសំខាន់ គឺតាមដានការអនុវត្តច្បាប់ ចុះរកតម្រុយលើភាពអសកម្ម រកប្រភពបញ្ហាពិតប្រាកដ ដើម្បីធ្វើរបាយការណ៍ដាក់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជ្រាប និងសម្រេច ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!