លោក ម៉ម ប៊ុនហេង នឹងដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលប្រជុំពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុមហេង នឹងដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នាវិមានសន្តិភាព ។
បើយោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្ញើរជូនលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលវិទ្យុសំឡេងយុវជន ទទួលបាននៅថ្ងៃនេះ អោយដឹងថា បន្ទាប់ពីមានលិខិតអញ្ជើញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ តាមរយៈការស្នើសុំទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើអញ្ជើញប្រតិភូក្រសូងសុខាភិបាល ចូលប្រជុំពិភាក្សាក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សា រួចមក លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹងដឹកនាំប្រតិភូក្រសួង ចូលបំភ្លឺ ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី ១៩ ខែ មិថុនា ខាងមុខនេះ វេលាម៉ោង ៨;០០ នាទី ព្រឹក នាទីស្ដីការនាយករដ្ឋមន្រ្តី វិមានសន្តិភាព ។
ក្នុងនោះសមាសភាពប្រតិភូក្រសួងសុខាភិបាល ដែលដឹកនាំដោយលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏មានមន្រ្តីអមមួយចំនួនទៀតផងដែរ រួមមាន ៖ លោក អេង ហួត លោក ធា គ្រុយ លោកស្រី យក់ សម្បត្តិ ដែលជារដ្ឋលេខាធិការ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោក ហុក ខៀវ ប្រធាននាយកដ្ឋាននីតិកម្ម លោក សុខ ស្រុ៊ន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងលោក ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឳសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង ។
សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ តាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយការបោះឆ្នោតជាតិអាណត្តិទី៦ ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី ៦ ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានអាណត្តិដូចអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ។
គូររំលឹកដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានដាក់លិខិតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើសុំអញ្ជើញរដ្ឋមន្ត្រីជាច្រើនរូប កន្លងរួចមកហើយ ដើម្បីសួរនាំព័ត៌មានជុំវិញកិច្ចការងារដែលស្ថិតក្រោមដែនសម្ថកិច្ចរបស់ក្រសួងនីមួយៗ ដោយក្នុងនោះរួមមាន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាដើម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!