អ្នកនយោបាយ និងសង្គមស៊ីវិល ស្នើប្រមុខរាជរដ្ឋាភិបាល ដកតំណែងអភិបាលខេត្តព្រះសីហនុរបស់លោក យន្ត មីន ចេញ
អ្នកនយោបាយ និងសង្គមស៊ីវិល ស្នើប្រមុខរដ្ឋាភិបាល ស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងការទទួលខុសត្រូវ ហេតុការណ៍បាក់ស្រុតអគារក្នុងខេត្តព្រះសីហនុ និងផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាពិសេសអ្នកទាំងនោះ ជម្រុញអោយរដ្ឋាភិបាល ដកតំណែងអភិបាលខេត្តព្រះសីហនុ ។
សូបស្ដាប់ព័ត៌មានពិស្ដារ
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលចុះពិនិត្យដល់កន្លែងហេតុការណ៍បាក់ស្រុតអគារ ក្នុងខេត្តព្រះសីហនុ ដោយផ្ទាល់ បានថ្លែងថា មានកម្មករប្រមាណ ១០០ នាក់ ដែលធ្វើការក្នុងអគារនេះ ដោយមានកម្មករប្រមាណ ៦០ នាក់ ដែលបានស្នាក់នៅក្នុងអគារមួយនេះផ្ទាល់ ។ ក្នុងនោះលោក វឌ្ឍនាសាប៊ុង បានលើកឡើងថា ការបាក់ស្រុតអគារនេះ បណ្ដាលពីបញ្ហាបច្ចេកទេសទាំងស្រុង ដែលអាជ្ញាធរខេត្ត ក្រសួងជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវទទួលខុសត្រូវលើសោដកម្មបាក់អគារនេះ ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រូបនេះ បានរៀបចំឯកសារនៃលទ្ធផលស្រាវជ្រាវករណីបាក់អគារនៅខេត្តព្រះសីហនុនេះរួចហើយ ដើម្បីជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិនិត្យ និងសម្រេច ដោយលោកបានស្នើអោយប្រមុខរដ្ឋាភិបាល អនុវត្តអភិបាលទី ៥ គឺ ការវះកាត់ចំពោះមន្រ្តីពាក់ព័ន្ធ ដែលគ្មានស្មារតីក្នុងការអនុវត្តច្បាប់ បណ្ដោយអោយមានការសាងសង់អគារខុសច្បាប់ រហូតដល់ ៧ ជាន់ ។
ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា មន្រ្តីជាន់ខ្ពស់នៃសមាគមអាដហុក បានជម្រុញអោយរដ្ឋាភិបាល ត្រូវធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ក្នុងការទទួលខុសត្រូវការសាងសង់អគារនេះ ហើយធ្វើការផ្ដល់សំណងខូតខាតដល់ជនរងគ្រោះ និងផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្នុងនោះលោកក៏ស្នើអោយមានការដកតំណែង និងចាត់វិធានការច្បាប់ ចំពោះមន្រ្តីពាក់ព័ន្ធ ដែលបណ្ដោយអោយមានការសាងសង់សំណង់ខុសច្បាប់ ហើយបង្កអោយមានសោនាដកម្ម បែបនេះទៀត ។
សម្រាប់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក៏បានស្នើសុំលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដកតំណែងអភិបាលរបស់លោក យន្ត មីន ដោយលើកឡើងថា '' ថ្ងៃមុនស្នើសុំជនបរទេសឱ្យគោរពច្បាប់កម្ពុជា... លើកនេះ ខ្វល់ខ្វាយយូរហើយ និងធ្លាប់ឃាត់ពីរលើក ប៉ុន្តែគេនៅតែសាងសង់...រហូតដល់រលំអាគារនោះ និងស្លាប់ និងរបួសច្រើននាក់ ។ លោកមិនសមធ្វើជាអភិបាលខេត្តទេ ។ ខ្ញុំសូមស្នើលោក ស ខេង ដកអភិបាលខេត្តនេះចេញពីមុខតំណែង។ ''
កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្ទាល់ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្រ្គាះអ្នករងគ្រោះ ក្នុងឧបទ្ទវហេតុបាក់អាគារ ៧ជាន់នៅខេត្តព្រះសីហនុ ។
ក្នុងនោះដែរ រដ្ឋាភិបាល បានសេចក្តីសម្រេចបង្កើតគណៈកម្មការ ត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ ដែលមានលោកឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន រួមជាមួយនឹងសមាជិកចំនួន ១៣ រូបទៀតផងដែរ ។
បើយោងតាមសេចក្តីសម្រេចនេះ បានបញ្ជាក់ថា គណៈកម្មការមានភារកិច្ច ត្រួតពិនិត្យបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដាសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ។ ត្រូវពិនិត្យលក្ខណៈសម្បត្តិ របស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ នៅតាមការដ្ឋានសំណង់។ ធ្វើបច្ចុប្បន្នភាពសំណង់ អគារដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្ម។ ធ្វើរបាយការណ៍លទ្ធផល ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួច រាយការណ៍ជូនរាជរដ្ឋាភិបាល ។
គួររំលឹកដែរថា នៅវេលាម៉ោងប្រមាណ ៤ ព្រឹក ថ្ងៃទី ២២ ខែ មិថុនា មានការដួលរលំអគារសំណង់ របស់ក្រុមហ៊ុនចិន ដែលមានកម្ពស់ ៧ ជាន់ ក្នុងខេត្តេព្រះសីហនុ បានបណ្តាលអោយ មនុស្សស្លាប់ និងរបួសជាច្រើននាក់ ។ ដោយគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនានេះ មានចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ បាក់រលំអគារនៅព្រះសីហនុ កើនឡើងដល់ ២៥ នាក់ និងរបួស ២៤ នាក់ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!