អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងធ្វើផ្ទុយពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើប្រទានកម្មដីដល់ពលរដ្ឋ ចំនួន ៥២៥ គ្រួសារ ដោយមានភាពមិនប្រក្រតីមួយចំនួន
លោក សុខវណ្ណ វឌ្ឍនាសាប៊ុង កំពុងស្រាវជ្រាវបន្ថែមទៀត ហើយនឹងដាក់របាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិនិត្យលើភាពមិនប្រក្រតីមួយចំនួនរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការបែងចែកដីជូនពលរដ្ឋ ដោយលោក វឌ្ឍនាសាប៊ុង អះអាងថា អាជ្ញាធរខេត្ត ហាក់កំពុងធ្វើផ្ទុយពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើប្រទានកម្មដីដល់ពលរដ្ឋ ចំនួន ៥២៥ គ្រួសារ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ចុះថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០១៦ ក្នុងការសម្រេចធ្វើប្រទានកម្មដីចំនួន ១៧,៥០ ហិចតា ស្ថិតនៅក្រុងកំពង់ឆ្នាំង ដោយបែងចែកជា ៥២៥ ក្បាលដី ដល់ពលរដ្ឋ ៥២៥ គ្រួសារ និងដីទំហំ៤ ហិចតា ប្រគល់ទុកជាដីរដ្ឋ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ធ្វើផ្សារ ធ្វើចំណតរថយន្ត និងសួនច្បារ ជាដើម ។ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញលិខិតមួយ ដោយចែងបែកដីតែ ២១០ ក្បាលដី ប៉ុណ្ណោះ ដល់ពលរដ្ឋ ហើយព្រមទាំងទារថវិកាចំនួន ១០០០ ដុល្លាទៀត ក្នុងមួយក្បាលដី ដោយអះអាងថា រដ្ឋបាលខេត្តជាអ្នកទិញដីនេះ ដែលនេះហាក់ផ្ទុយពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយស្រុង ។
លោក វឌ្ឍនាសាប៊ុង បានបន្តថា ដីរដ្ឋ ដែលទុកសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ត្រូវបានរដ្ឋបាលខេត្ត ចេញប័ណ្ណកម្មសិទ្ធិអោយទៅក្រុមហ៊ុនឯកជនមួយ ឈ្មោះ អិលខេអិល ទៅវិញ រហូតក្រុមហ៊ុនមួយនេះ បានយកដីពុះឡូតិ៍យ៉ាងអនាធិបតេយ្យ ទៀតផង ។
ចំពោះករណីមួយនេះ លោក វឌ្ឍនាសាប៊ុង ចាត់ទុកថា ជារឿងស្មោគគ្រោករបស់មន្ត្រីធំៗមួយចំនួននៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានបញ្ហាមិនប្រក្រតីជាច្រើន ក្នុងការគ្រប់គ្រងរបស់រដ្ឋបាលខេត្តមួយនេះ ដែលលោកកំពុងតែធ្វើការស្រាវជ្រាវបន្ថែមទៀត និងធ្វើរបាយការណ៍ដាក់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិនិត្យ និងសម្រេច ។
វិទ្យុសំឡេងយុវជន មិនអាចសុំការបកស្រាយពី លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាននោះទេ ដោយលោកលើកឡើងថា លោកកំពុងជាប់ប្រជុំ ។
ដោយឡែក លោក ឡោ ដាវុធ អគ្គនាយកអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី ក៏វិទ្យុសំឡេងយុវជន មិនអាចទាក់ទងបាននោះដែរ ដោយទូរសព្ទចូលមិនមានអ្នកទទួល ។ ប៉ុន្តែតាមការបញ្ជាក់របស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានអោយដឹងថា អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត បានចេញដីការអមលេខ ៣៤១ ចុះថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ ដោយបានបដិសេដ និងច្រានចោលប័ណ្ណកម្មសិទ្ធិរបស់ក្រុមហ៊ុន អិលខេអិល ផងដែរ ។
សូមជម្រាបដែរថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៨៣ អនក្រ បក តបតាមលិខិតលេខ ១៥៩/១៦ លស ចុះថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០១៦ ដែល អនុក្រឹត្យគោលបំណងធ្វើប្រទានកម្មដីចំនួន ១៧,៥០ ហិចតា ក្នុងតំបន់២ នៅសង្កាត់ខ្សាម ភូមិ០៦ ខេត្តកំពង់ឆ្នាំង អោយពលរដ្ឋ ដោយបែងចែក ជា ៥២៥ ក្បាលដីអោយពលរដ្ឋ ៥២៥ គ្រួសារ និង ៦ក្បាលដី ទំហំ៤ ហិចតា ប្រគល់អោយ ធ្វើសាលាបុណ្យ ធ្វើផ្សារ ធ្វើចំណតរថយន្ត និងធ្វើសួន ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!