សកម្មជនការពារព្រៃឈើ អះអាងថា បើមិនទាន់ធ្វើការចាប់ឃាត់ខ្លួនក្រុមឧក្រិដ្ឋជនរកស៊ីឈើខុសច្បាប់ ព្រមទាំងមន្រ្តីដែលនៅពីក្រោមបទល្មើស មកផ្ដន្ទាទោសនោះទេ ប្រតិបត្តិបង្ក្រាបបទល្មើសព្រៃឈើនេះ ក៏មិនទាន់មានប្រសិទ្ធភាព ដែរ
សង្គមស៊ីវិល និងសកម្មជនការពារព្រៃឈើ នៅតែទទួចអោយរដ្ឋាភិបាល ជាពិសេសគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកមុខក្រុមឧក្រិដ្ឋជនរកឈើធំៗ ព្រមទាំងមន្ត្រីដែលឃុតឃិតក្នុងបទល្មើសព្រៃឈើ យកមកផ្ដន្ទាទោសតាមនីតិវិធី ដើម្បីធានាបានប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ទទួលបានជោគជ័យ និងប្រសិទ្ធភាព ។
នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល លើការបង្ក្រាបបទល្មើសធនធានធម្មជាតិ នាពេលកន្លងមក ដើម្បីទទួលបានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត ។
នៅថ្ងៃនេះ ផងដែរ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ បានអះអាងថា ដរាបណាគណៈកម្មការមួយនេះ មិនទាន់ធ្វើការចាប់ឃាត់ខ្លួនក្រុមឧក្រិដ្ឋជនរកស៊ីឈើខុសច្បាប់ ព្រមទាំងមន្រ្តីដែលនៅពីក្រោមបទល្មើសនេះ មកផ្ដន្ទាទោសនោះទេ ប្រតិបត្តិបង្ក្រាបបទល្មើសព្រៃឈើនេះ ក៏មិនទាន់មានប្រសិទ្ធភាព នោះដែរ ដូច្នេះលោកស្នើអោយ គណៈកម្មការមួយជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវតែស្រាវជ្រាវរកមុខ និងចាប់ខ្លួនអោយបាននូវបុគ្គលទាំងឡាយណា ដែលបានប្រព្រឹត្តល្មើសច្បាប់ ក្នុងការបំផ្លាញធនធានព្រៃឈើរបស់កម្ពុជា ។ សំឡេង
ដោយមើលឃើញការចុះបង្ក្រាបរបស់គណៈកម្មការ ភាគច្រើន ធ្វើឡើងតែនៅខេត្តភូមិភាគឦសាន ពោលគឺ ខេត្តខេត្តមណ្ឌលគិរី និខេត្តរតនគិរី នោះ លោក ហេង ស្រស់ បានជម្រុញអោយមានការចុះបង្ក្រាបបន្ថែមទៀតនៅតាមបណ្ដាខេត្តមួយចំនួនទៀតដែលមានកំពុងសកម្មភាពកាប់បំផ្លាញ និងចរាចរណ៍ឈើខុសច្បាប់ យ៉ាងសកម្ម ផងដែរ ដែលក្នុងនោះរួមមាន ៖ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ពោធិ៍សាត់ ព្រះវិហារ និងខេត្តកំពង់ស្ពឺ ជាដើម ។ សំឡេង
ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា មន្រ្តីជាន់ខ្ពស់ នៃសមាគមអាដហុក បានលើកឡើងថា ទោះបីជាបច្ចុប្បន្ន ការបង្ក្រាបបទល្មើសព្រៃឈើ កំពុងមានសកម្មភាពចុះបង្ក្រាប ជាបន្តបន្ទាប់យ៉ាងណាក្ដី ក៏បទល្មើសកាប់បំផ្លាញព្រៃឈើពីក្រុមឈ្មួញ នៅតែបន្តមានជាដដែល ដោយលោកបញ្ជាក់ថា ដើម្បីទទួលបានប្រសិទ្ធភាព ក្នុងការបង្ក្រាបបទល្មើសធនធានព្រៃឈើនេះ ពឹងផ្អែកគណៈកម្មការតែមួយ មិនទាន់គ្រប់ជ្រុងជ្រោយល្អ នោះទេ ត្រូវមានការចូលរួមទប់ស្កាត់ និងបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ទើបទទួលបានជោគជ័យ និងប្រសិទ្ធភាពការងារ ។ សំឡេង
មន្ត្រីសង្គមស៊ីវិលរូបនេះ បានបន្ថែមថា បទល្មើសព្រៃឈើ ជាបទឧក្រិដ្ឋ ដែលមានអាជ្ញាយុកា ១៥ ឆ្នាំ ដូច្នេះរដ្ឋាភិបាល ឬ ស្ថាប័នមានសមត្ថកិច្ច ត្រូវតែធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតអោយម៉ត់ចត់ទៅលើក្រុមឧកញ៉ា ឬ ឈ្មួញរកស៊ីឈើខុសច្បាប់ និងក្រុមមន្រ្តីមួយចំនួន ក្នុងការឃុតឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ទៅលើបុគ្គលទាំងនោះ ផងដែរ ។ សំឡេង
ដោយឡែក នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩ កន្លងទៅ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរដែនដីពាន់ព័ន្ធទាំងអស់ ត្រូវរួមគ្នារក្សាព្រៃឈើដែលនៅសេសសល់ទាំងប៉ុន្មានអោយបានគង់វង្ស កុំអោយបាត់បង់តទៅទៀត ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ថា បទល្មើសព្រៃឈើ ជាបទល្មើសដ៏គ្រោះថ្នាក់ណាស់សម្រាប់មុខមាត់ប្រទេសជាតិ បរិស្ថាន ដែលបទល្មើសមួយមិនត្រូវទុកបណ្តែតបណ្តាយអោយចេះតែមានទៀតនោះទេ ។
គួរកត់សម្គាល់ដែរថា នាពេលកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាយ៉ាងដាច់អហង្កាអោយបង្រ្កាបដល់ក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើ ផងដែរ ដោយលោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាអោយបាញ់ពួកឈ្មួយពីលើឧទ្ធម្ភាគចក្រ ទៀតផង ។ ជាមួយគ្នានោះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានបញ្ជាអោយអាជ្ញាធរខេត្តភូមិភាគឦសាន ធ្វើការចុះបង្ក្រាបបទល្មើសកាប់ និងដឹកឈើខុសច្បាប់អោយបាន បើមិនដូច្នេះទេ លោកនឹងចាប់វិធានការលើអាជ្ញាធរខេត្តទាំងអស់នោះ ប៉ុន្តែក្រោយមានបទបញ្ជារបស់ថ្នាក់ដឹកនាំកំពូលយ៉ាងណាក្ដី ក៏បទល្មើសព្រៃឈើនៅតែមានជាហូរហែរដដែល ហាក់មិនមានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ច នោះទេ ។
លុះថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩ ក្នុងឳកាសព្រះរាជពិធី រុក្ខទិវា ៩ កក្កដា នៅស្រុកសំបូរ ខេត្តក្រចេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ បានអំពាវនាវដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ខិតខំប្រឹងប្រែងដាំដើមឈើ នៅតាមទីធ្លាសាធារណៈនានា អោយយបានច្រើន ដើម្បីជាម្លប់ប្រជានុរាស្រ្ត និងអំពាវនាវអោយសហគមន៍មូលដ្ឋាន សូមចូលរួមគ្រប់គ្រងថែរក្សាការពារ និងដាំដុះព្រៃឈើ ដែលអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាជន ។ ក្រោយការអំពាវនាវរបស់អង្គព្រះមហាក្សត្រ នាពេលព្រឹក រួមមក នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដដែលនោះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក សៅ សុខា ជាប្រធានគណៈកម្មការ បានចុះធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ឈ្មួញឈើដ៏ល្បីល្បាញប្រចាំខេត្តមណ្ឌលគិរី មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០គ្រឿង ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!