កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបនៅក្លឹប អូបាម៉ា ក្នុងការលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន
កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ដឹកនាំដោយអភិបាលខេត្ត លោក គួច ចំរើន បានចុះបង្ក្រាបករណីគ្រឿងញៀន នៅ ក្លឹប អូបាម៉ា KTV មានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនមនុស្ស ១៥០ នាក់ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៣:០០នាទីទៀបភ្លឺ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួម ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន នៅក្លឹប អូបាម៉ា KTV ដែលមានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។
បើយោងតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ១៥០ នាក់ ដែលភាគច្រើនជាជនជាតិចិន ដោយលោកបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្រោមនីតិវិធីរបស់សមត្ថកិច្ច ដែលសមត្ថកិច្ចកំពុងធ្វើការសាកសួរអ្នកទាំងអស់នោះនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកំណត់មុខសញ្ញាអ្នកដែលជាប់ពាក់ព័ន្ធផ្សេងទៀត ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ។
ដោយឡែក អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរឹទ្ធ បានបញ្ជាក់ថា ដោយមានការណែនាំរបស់អគ្គស្នងនគរបាលជាតិ លោក នេត សាវឿន និងប្រធានលេខាធិការដ្ឋាននៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនតាមសប្បាយដ្ឋាន បានធ្វើណែនាំដល់គណៈកម្មការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ត្រូវចុះបង្ក្រាបនៅតាមសប្បាយដ្ឋាននានា ដែលស្ថិតក្រោមដែនសមត្ថកិច្ចរៀងៗខ្លួន បើសិនរកឃើញថា សប្បាយដ្ឋាន ឬ ក្លឹបកម្សាន្តណា ដែលអនុញ្ញាតអោយមានជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។
លោក មាស វិរិទ្ធ បានបន្តថា របាយការណ៍លម្អិតនៃលទ្ធផលក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅតាមក្លឹបកម្សាន្ត កន្លងមក មិនទាន់មាននោះទេ ដោយលោកលើកឡើងថា ករណីទាំងអស់នេះ កំពុងស្ថិតក្រោមនីតិវិធីរបស់តុលាការ នៅឡើយ ។
ក្នុងនោះដែរ មន្រ្តីជាន់ខ្ពស់រូបនេះ បានអោយដឹងថា យុទ្ធនាការបង្ក្រាបគ្រឿងញៀន នៅតាមក្លឹបកម្សាន្ត ឬ សប្បាយដ្ឋាននានា មកទល់នឹងពេលនេះ កម្លាំងសមត្ថកិច្ច បង្ក្រាបបាននៅរាជធានីភ្នំពេញ ៣ ករណី នៅខេត្តបន្ទាយមានជ័យ ១ ករណី នៅខេត្តសៀមរាប ១ ករណី និង១ ករណីទៀត នៅខេត្តព្រះសីហនុ នោះឯង ។
គួរកត់សម្គាល់ដែរថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានឃាត់ខ្លួនជនសង្ស័យ ៣១១នាក់ និងដកហូតបានគ្រឿងញៀនជិត៥០គីឡូក្រាម។ ក្រោយប្រតិបត្តិការនេះ សមត្ថកិច្ចបានសម្រេចបញ្ជូនជនសង្ស័យ១៧រូប ទៅតុលាការ ក្រោយពីពិនិត្យឃើញមានសារធាតុញៀន។
ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានដឹកនាំកម្លាំងចុះបង្ក្រាប កន្លែងលួចលាក់ផលិត សារធាតុញៀនខុសច្បាប់នៅ ទីតាំងក្លឹប ម៉ៃ អាមី ទីតាំងលេខ ១៥៩ ផ្លូវ ៣៦០ ភូមិ៨ សង្កាត់បឹងកេងកងមួយ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់មនុស្សបានចំនួន៥០នាក់ ក្នុងនោះស្រី១២នាក់ និងដកហូតម៉ាស៊ីន ផលិតគ្រឿងញៀនមួយចំនួន និងសារធាតុញៀន មួយចំនួន។
ក្នុងនោះ នៅវេលាម៉ោងប្រមាណ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបើកប្រតិបត្តិការទាំងកណ្តាលអាធ្រាត្រចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់ ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!