ប្រធានគណបក្សខ្មែរក្រោក និងអ្នកវិភាគ ស្នើអោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ រឹបអូសមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ មកបម្រើអោយប្រយោជន៍សាធារណៈ ជំនួសវិញ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងអ្នកវិភាគ ស្នើអោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បញ្ឈប់ការដុតកម្ទេចចោលនូវវត្ថុតាងជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ដោយអ្នកទាំងនោះ ចង់អោយគណៈកម្មការ រឹបអូសមធ្យោបាយទាំងនោះ មកបម្រើអោយប្រយោជន៍សាធារណៈ ជំនួសវិញ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ថ្លែងនៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានលើកឡើងថា ការដុតកម្ទេចចោលនូវរថយន្ត ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើនោះ ហាក់ជារឿងមិនសមស្របនោះទេ ដោយលោកបញ្ជាក់ថា ឡានមិនបានបំផ្លាញព្រៃឈើនោះទេ ក្រុមឈ្មួញរកស៊ីឈើ វិញនោះទេ ដែលជាអ្នកបំផ្លាញធនធានព្រៃឈើដ៏មានសារសំខាន់របស់ប្រទេស ដែលគណៈកម្មការ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ត្រូវកម្ទេច និងមានវិធានការច្បាប់ធ្ងន់ធ្ងរ ទៅលើក្រុមឧក្រិដ្ឋជនទាំងអស់នោះ វិញ ។
ក្នុងនោះលោក វឌ្ឍនាសាប៊ុង បានជម្រុញអោយអាជ្ញាធរមានសមត្ថកិច្ច រឹបអូសរថយន្តទាំងនោះ ដើម្បីយកមកបម្រើអោយផលប្រយោជន៍សាធារណៈ ជំនួសវិញ ។
ស្រដៀងគ្នានេះ លោក ហង្សវិទូ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ ក៏បានស្នើអោយអាជ្ញាធរមានសមត្ថកិច្ច ធ្វើការរក្សាទុកវត្ថុតាង ដែលបានពីការបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់នេះ ជាសម្បត្តិរដ្ឋ ដើម្បីជាប្រយោជន៍រួម ផងដែរ ។
ដើម្បីប្រសិទ្ធភាពការងារក្នុងប្រតិបត្តិការបង្ក្រាបនេះ និងដើម្បីធានាការពារនិរន្តរភាពធនធានព្រៃឈើកម្ពុជា នោះ លោក ហង្ស វិទូ បានជម្រុញអោយរដ្ឋាភិបាល រួមទាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយជំហានដំបូងត្រូវលុបបំបាត់អំពើពុករលួយ ក្នុងករណីបំផ្លាញព្រៃឈើដោយខុសច្បាប់ ត្រូវបង្កើនសកម្មភាព និងកម្លាំងបង្ក្រាបបន្ថែមទៀត ដោយត្រូវចាប់ខ្លួនអោយបានក្រុមឈ្មួញរកស៊ីឈើធំៗ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាមួយគ្នានោះ រដ្ឋាភិបាល ត្រូវបង្កើន និងបំផុសការដាំដើមឈើឡើងវិញ អោយបានច្រើនបន្ថែមទៀត ផងដែរ ។
គួរកត់សម្គាល់ដែរថា មួយរយៈពេលចុងក្រោយនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ ខុសច្បាប់ជាបន្តបន្ទាប់ ដោយធ្វើការឃាត់ខ្លួនជនល្មើស និងដុតបំផ្លាញចោលនៅនឹងកន្លែងនូវមធ្យោបាយ រថយន្ត គោយន្ត ម៉ូតូ…ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ព្រមទាំងរឹបអូសឈើជាច្រើនម៉ែត្រគូប ផងដែរ ។ ជាក់ស្ដែង កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងអាវុធហត្ថ ចុះដុតបំផ្លាញចោលរថយន្ដសាំងយ៉ុងដឹកឈើចំនួន ៤គ្រឿង នៅចំណុចថ្មបាំង ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីកម្លាំងរបស់លោកបានចុះបង្រ្កាបនៅចំនួន៤ គោលដៅផ្សេងគ្នា ដោយរឹបអូសបានរថយន្ដសាំងយ៉ុង ចំនួន៤គ្រឿង ដុតបំផ្លាញចោល ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៩ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី “ការអនុវត្តវិធានការទៅលើបុគ្គល ឬ ក្រុមហ៊ុន និងមធ្យោបាយដែលពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើ” ដោយមានវិធានការថ្មីចំនួន ២ចំណុច រួមមាន ៖
ទី១ . បុគ្គល ឬ ក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។
ទី២ . មធ្យោបាយ មាន រថយន្ត គោយន្ត ម៉ូតូ…ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!