ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបើកកិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីពិភាក្សា និងធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និង សម្រេច
នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបើកកិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីពិភាក្សា និងធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និង សម្រេច ។
ក្នុងកិច្ចប្រជុំក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រចាំខែកក្កដា នេះ ដឹកនាំដោយប្រធានប្តូរវេន លោកស្រី ពោធិតី សាវត្តី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ ព្រមទាំងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាច្រើនរូបទៀត ។
សូមជម្រាបជូនថា ឆ្លងតាមកិច្ចពិភាក្សា និងការលើកបង្ហាញផ្ទាល់ពីបណ្ដាប្រតិភូគណបក្សនីមួយៗ ដែលជាសមាជិករួចមក បានបង្ហាញថា បញ្ហាប្រឈមមួយចំនួនត្រូវបានដោះស្រាយ និងរឿងរ៉ាវនៅតាមមូលដ្ឋានមួយចំនួនទៀត ក៏ត្រូវបានចុះសិក្សាស្រាវជ្រាវ និងធ្វើរបាយការណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាល ផងដែរ ។ ដោយបញ្ហាប្រឈមទាំងនោះ រួមមាន ៖ បញ្ហាមន្ត្រីអសកម្ម បុគ្គលអាងអំណាច ការប្រព្រឹត្តពុករលួយ បញ្ហាព្រៃឈើ ទំនាស់ដីធ្លី ការរំលោភយកដីរដ្ឋ រួមទាំងបញ្ហាផ្សេងៗមួយចំនួន ទៀតផងដែរ ។
ជាមួយគ្នានេះ អង្គប្រជុំ ក៏ដូចជាប្រតិភូគណៈបក្សនីមួយៗ មានសុទិដ្ឋិនិយមនឹងកិច្ចការងារ និងប្តេជ្ញាបន្តដំណើរការ ក្នុងបេសកកម្មការងាររបស់ខ្លួនជាបន្តទៀត ស្របតាមព្រះរាជក្រឹត្យ ដែលបានកំណត់យ៉ាងច្បាស់ពី តួនាទី និងភារកិច្ច របស់ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
សូមបញ្ហាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៨ ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!