អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ការប្រមូលផ្ដុំសម្ដែងមតិ ដោយទាមទារអោយដោះលែងមេដឹកនាំអតីតបក្សសង្គ្រោះជាតិ គ្រាន់ជាឧបករណ៍បម្រើអោយបរទេស ប៉ុណ្ណោះ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងធ្វើការការប្រមូលផ្ដុំគ្នាសម្ដែងមតិ ដើម្បីទាមទារអោយមានការដោះលែងនិងលើកលែងទោស ដល់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ដើម្បីជាលក្ខខណ្ឌក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធ ខណៈអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា នេះគ្រាន់ជាឧបករណ៍បម្រើអោយបរទេសប៉ុណ្ណោះ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានបង្ហាញក្ដីបារម្ភ ចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជា ខណៈដែលសហភាពអឺរ៉ុប គ្រោងនឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលអាចធ្វើអោយមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងកម្មការ កម្មការនីអត់ការងារធ្វើ ដោយលោកស្រី បានស្នើអោយរដ្ឋាភិបាល គួរបន្ទន់ឥរិយាបទ និងរកដោះស្រាយបន្ទាន់ ដើម្បីរក្សាអោយបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ។
លោកស្រី អ៊ុក ឆាយ៉ាវី បន្តថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់លិខិតជូនសាលារាជធានីភ្នំពេញ រួចហើយ ដើម្បីស្នើសុំប្រមូលផ្ដុំសម្ដែងមតិ ដើម្បីទាមទារអោយមានការដោះលែងលោក កឹម សុខា និងលើកលែងទោសដល់ លោក សម រង្ស៊ី ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ក្នុងគោលបំណងរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ។
ស្រដៀងគ្នានេះ លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានលើកឡើងដែរថា ការទាមទារអោយដោះលែង និងលើកលែងទោសដល់មេដឹកនាំអតីតបក្សប្រឆាំង គឺដើម្បីបន្ធូរបន្ថយស្ថានភាពនយោបាយនៅកម្ពុជា រក្សាអោយបាននូវប្រព័ន្ធអនុគ្រោះពន្ធ បើប្រព័ន្ធអនុគ្រោះបាត់បង់មែននោះ កម្មករ កម្មការនី នឹងជួបវិបត្តិការងារធ្ងន់ធ្ងរជាក់ជាមិនខាន ។
ទាក់ទិននឹងការដាក់កលិខិតស្នើសុំធ្វើការជួបជុំសម្ដែងមតិនេះដែរ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បាននោះទេ នៅថ្ងៃនេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល ។
ដោយឡែកអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន ថា ការជួបជុំសម្ដែងមតិ ដោយទាមទារអោយមានការដោះលែងមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា និងលោក សម រង្ស៊ី នេះ គ្រាន់ឧបករណ៍បម្រើអោយបរទេស ប៉ុណ្ណោះ ក្នុងគោលបំណងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ជារឿងៗ មកហើយ ដូច្នេះលោកមិនមានអ្វីជាការឆ្លើយតបនោះទេ ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចថែរក្សាសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម និងគោរពទៅតាមនីតិរដ្ឋ ដោយរដ្ឋាភិបាលមិនសិទ្ធអ្វីទៅប្រឆាំង និងជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ ។
គួរកត់សម្គាល់ដែរថា នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ សមាគមគ្រូបង្រៀងកម្ពុជាឯករាជ្យ បានដាក់លិខិតដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងស្នើប្រមូលផ្ដុំសម្ដែងមតិ ដើម្បីទាមទារអោយមានការដោះលែងលោក កឹម សុខា និងលើកលែងទោសដល់លោក សម រង្ស៊ី ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ។ ក្នុងលិខិតនោះ បានអោយដឹងដែរថា ការប្រមូលផ្ដុំនេះ នឹងមានមនុស្សចូលរួមយ៉ាងតិច ៧២ នាក់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៨;០០ នាទី ដល់ម៉ោង ១២;០០ នាទីថ្ងៃត្រង់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!