ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបើកកិច្ចប្រជុំពិសេស ឆ្លងសេចក្តីព្រាងច្បាប់ ស្តីពី "របបសន្តិសុខសង្គម" និងគោលនយោបាយជាតិស្តីពីភាសាខ្មែរ
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបើកកិច្ចប្រជុំពិសេស ឆ្លងសេចក្តីព្រាងច្បាប់ ស្តីពី "របបសន្តិសុខសង្គម" និងគោលនយោបាយជាតិស្តីពីភាសាខ្មែរ ។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក គង់ មុនីកា ប្រធានប្តូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយលោករដ្ឋមន្ត្រី អ៊ិត សំហេង ប្រធានប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងប្រតិភូរាជបណ្ឌិត្សសភាកម្ពុជា ដឹកនាំដោយលោក សុខ ទូច។
សូមជម្រាបជូនថា សេចក្តីព្រាងច្បាប់ ស្តីពី " របបសន្តិសុខសង្គម " សំដៅលើការកំណត់អំពីគោលការណ៍ទូទៅ បែបបទ យន្តការអនុវត្ត និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានផ្នែក ប្រាក់សោធន ថែទាំសុខភាព ហានិភ័យការងារ និងផ្នែកនិកម្មភាព។
ដោយឡែក សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី " ភាសាខ្មែរ " គឺក្នុងគោលដៅបង្កើតយន្តការ និងកំណត់គោលការណ៍ក្នុងការអភិរក្ស និងការអភិវឌ្ឍភាសាខ្មែរ បង្កើនការប្រើភាសាខ្មែរជាភាសាយាន ដើម្បីទទួលយកចំណេះដឹង និងជំនាញផ្សេងៗអោយបានទូលំទូលាយ ជម្រុញ និងលើកកម្ពស់ការប្រើពាក្យ និងបច្ចេកសព្ទភាសាខ្មែរ ជម្រុញការប្រើពាក្យ និងបច្ចេកសព្ទកម្ចី អោយស្របតាមគោលការណ៍ភាសាជាតិ ជម្រុញ និងលើកកម្ពស់ការប្រើភាសាខ្មែរអោយបានទូលំទូលាយ និងត្រឹមត្រូវ កំណត់ និងត្រួតពិនិត្យអោយមានឯកភាពក្នុងការប្រើភាសាខ្មែរ ព្រមទាំងជម្រុញ និងលើកកម្ពស់ការស្រាវជ្រាវ ការប្រមូល ការចងក្រង ការថែរក្សា និងការផ្សព្វផ្សាយឯកសារទាក់ទងនឹងភាសាខ្មែរ ។
សូមបញ្ជាក់ថា ការប្រព្រឹត្តទៅនៃកិច្ចប្រជុំពិគ្រោះ ឆ្លងសេចក្តីព្រាងច្បាប់នេះ គឺយោងតាមស្មារតីព្រះរាជក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយអនុលោមខ្លឹមសារ មាត្រា១០ វាក្យខ័ណ្ឌ២(ចំណុចទី២)នៃជំពូកទី៤ ស្តីពីតួនាទីដែលចែងថា "ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត មករាជរដ្ឋាភិបាល ហើយនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់នៃដំណើរការនីតិវិធីធ្វើច្បាប់កំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!