សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ច្រានចោលរបាយការណ៍របស់លីកាដូ ស្ដីពី ការរំលោភសិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
អង្គការលីកាដូ និងសមាគមធាងត្នោត បង្ហាញរបាយការណ៍ ស្ដីពី ការរំលោភសិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ខណៈសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ច្រានចោលរបាយការណ៍នេះ ដោយសមាគមមីក្រូហិរញ្ញវត្ថុ ចាត់ទុកថា ជារបាយការណ៍ មួលបង្កាច់លើការផ្តល់ប្រាក់កម្ចី មិនបានបង្ហាញស្ថានភាពជាក់ស្ដែងលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នោះទេ ដោយផ្ដោតតែលើគុណវិបត្តិ ដើម្បីបង្កើតអោយមានរូបភាពអវិជ្ជមាន ប៉ុណ្ណោះ ។
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស ហៅកាត់ លីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍មួយ ដោយបានធ្វើការសិក្សាស្រាវជ្រាវ លើការរំលោភបំពានសិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ដោយបានរកឃើញថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា ជាង២លាននាក់ បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ក្នុងនោះដែរ របាយការណ៍របស់អង្គការទាំង២ បានបង្ហាញដែរថា ប៉ុន្មានឆ្នាំចុងក្រោយ កម្រិតនៃបំណុលរបស់ពលរដ្ឋបានកើនឡើងកាន់តែខ្លាំងឡើងៗ ហើយដើម្បីសងបំណុលនោះ កសិករកំពុងបាត់បង់ដីស្រែចំការសម្រាប់ដាំដំណាំកសិកម្មរបស់ខ្លួន តាមរយៈការលក់ដីដោយបង្ខំ ឬទទួលរងសម្ពាធ ដែលការលក់ដីទាំងអស់នេះ ត្រូវបានធ្វើឡើងដោយសារតែមានសម្ពាធយ៉ាងខ្លាំងពីសំណាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាអ្នកកាន់កាប់ប្លង់ដីរបស់ពលរដ្ឋដែលបានដាក់បញ្ចាំ និងប្រើប្រាស់ប្លង់ដីទាំងអស់នោះ ដើម្បីបង្ខំអោយពួកគាត់សងប្រាក់ទៀតទាត់ ។ មូលហេតុនេះហើយ ដែលបណ្តាលអោយកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន តាមរយៈការបង្ខំអោយលក់ដី ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុល ជាដើម ។
របាយការណ៍ ចាត់ទុកនៃប្រាក់កម្ចីដែលមានសភាពធ្ងន់ធ្ងរនេះ បានជួយបង្កើនប្រាក់ចំណូលយ៉ាងច្រើនសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងដៃគូកម្ចីបរទេសរបស់គ្រឹះស្ថានទាំងនោះ ប៉ុន្តែបានផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សុវត្ថិភាព នៃសិទិ្ធកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសហគមន៍ងាយរងគ្រោះ ។
បន្ទាប់ពី អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយនូវរបាយការណ៍ស្រាវជ្រាវមួយ ស្តីអំពី «ការធ្វើអោយខូចខាតទ្រព្យបញ្ចាំ» នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ភ្លាមៗនោះដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលការស្រាវជ្រាវនេះផងដែរ ដោយសមាគមមីក្រូហិរញ្ញវត្ថុ បានបញ្ជាក់ថា របាយការណ៍ដែលមួលបង្កាច់លើការផ្តល់ប្រាក់កម្ចី បានបង្ហាញពីរូបភាពផ្ទុយគ្នាស្រឡះ មិនបានបង្ហាញស្ថានភាពជាក់ស្ដែងលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នោះទេ ដោយផ្ដោតតែលើគុណវិបត្តិ ដើម្បីបង្កើតអោយមានរូបភាពអវិជ្ជមាន ប៉ុណ្ណោះដែលបានមើលរំលងពីតួនាទីដ៏សំខាន់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងបរិយាប័ណ្ណហិរញ្ញវត្ថុនៅកម្ពុជា ។
សេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់បន្ថែមថា កម្ចីមីក្រូហិរញ្ញវត្ថុភាគច្រើន សម្រាប់បុគ្គលឯកជននីមួយៗ មានចំនួនទឹកប្រាក់ក្រោម ១០០០ លានដុល្លា និងជាឥណទានដែលគ្មានដាក់ទ្រព្យធានា ដើម្បីទទួលបានប្រាក់កម្ចីនោះទេ ។
សូមបញ្ជាក់ថា តាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការលីកាដូ បានបង្ហាញថា កម្ពុជា បានក្លាយជាប្រទេសមួយមានវិស័យមីក្រូហិរញ្ញវត្ថុរីកចម្រើនលឿនជាងគេក្នុងពិភពលោក ។ ដោយក្នុងនោះឆ្នាំ២០១៨ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា២,៣៨លាននាក់ បានខ្ចីប្រាក់ពីឥណទានខ្នាតតូចសរុបជាទឹកប្រាក់ជាង ៨.០០០លានដុល្លារ ហើយជាប្រទេសមួយមានមធ្យមភាគឥណទានខ្ពស់ជាងគេ មានប្រមាណជា ៣.៣៧០ដុល្លារ ក្នុងមួយកម្ចី។ មធ្យមភាគនេះ គឺលើសពីចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងប្រទេសដែលមានចំនួនត្រឹមតែ១.៣៨៤ដុល្លារ ក្នុងឆ្នាំ២០១៧ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!