ជំនន់ទឹកភ្លៀងនៅក្នុងខេត្តព្រះសីហនុ នៅតែបន្តកើនឡើងខ្លាំង ខណៈ ក្រសួងធនធានទឹក បញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែសីហា នឹងធ្វើអោយ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន
ជំនន់ទឹកភ្លៀងនៅក្នុងខេត្តព្រះសីហនុ នៅតែបន្តកើនឡើងខ្លាំង ដែលមិនធ្លាប់កើតឡើងពីមុនមក ដោយចាប់តាំងពីយប់ម៉ោង ១០;០០ នាទី រហូតដល់ព្រឹកថ្ងៃទី ០៩ នេះ ខណៈ ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែសីហា នឹងធ្វើអោយ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន ដោយលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្យល់ខ្លាំង និងរលកបក់បោកខ្ពស់។
យោងតាមលោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលកំពុងបំពេញបេសកកម្មនៅខេត្តព្រះសីហនុ បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ស្ថានភាពនៃការជន់លិចក្នុងក្រុងព្រះសីហនុ នៅតែបន្តកើនឡើង មិនទាន់ថមថយនោះទេ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់នោះ ។ សំឡេង ៖
លោក ពេជ្រ ស្រស់ បានលើកឡើងថា កត្តាដែលនាំអោយមានការជន់លិចក្រុងព្រះសីហនុនេះ គឺបណ្ដាលមកពីកត្តាអាកាសធាតុ ដោយភ្លៀងបន្តធ្លាក់ជាប់ៗគ្នាជាច្រើនមេ ការរំលោភលើប្រព័ន្ធប្រឡាយឡូ ដែលធ្វើអោយប្រឡាយឡូមានការកកស្ទះ ព្រមទាំងមានក្រុមហ៊ុនមួយចំនួន បានចាក់ដីខ្ពស់ជាងផ្លូវ ជាដើម ។ សំឡេង ៖
ដោយឡែកអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ និងលោក ឳ សារឿន នៅថ្ងៃនេះ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបបាននោះទេ ដោយទូរស័ព្ទរបស់ពួកលោកមិនអាចទំនាក់ទំនងបាន ។
ជាមួយគ្នានេះ អគ្គីសនីខេត្តព្រះសីហនុ បានជូនព័ត៌មានបន្ទាន់មួយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០១:០០នាទីរំលងអធ្រាត្រ ដោយអគ្គិសនីខេត្តព្រះសីហនុ ធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយក្រុងព្រះសីហនុ ដោយតមូលហេតុដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជៀសវាងការឆ្លងចរន្តអគ្គិសនីដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលអោយដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅផ្នែកខ្លះនៃ សង្កាត់លេខ០១ សង្កាត់លេខ០២ សង្កាត់លេខ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
អគ្គិសនីខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជនអោយមានចរន្តប្រើប្រាស់ឡើងវិញ នៅពេលដែលជំនន់ទឹកភ្លៀងបានស្រកចុះ ។
ស្របគ្នានេះដែរ នៅថ្ងៃទី ០៩ ខែសីហា នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី អាកាសធាតុ ដោយក្រសួងបញ្ជាក់ថា អាកាសធាតុរបស់កម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែសីហា នឹងធ្វើអោយ ៖
១. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។ លើផ្ទៃសមុទ្រនឹងមានភ្លៀងខ្យល់ខ្លាំង និងរលកបក់បោកខ្ពស់។
២. ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងរតនគិរី នឹងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។
៣. ខេត្តព្រះវិហារ សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។
៤. ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។
ក្នុងនោះដែរ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះតំបន់សមុទ្រ ដែលមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ កំពុងរងទុកលំបាក ដោយការលិចលុងជាថ្មីនៃជំនន់ទឹកភ្លៀង នាយប់ថ្ងៃ០៨ ខែសីហា ឆ្នាំ២០១៩ ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ។
ភ្លៀងមួយមេធំនេះ បានធ្វើអោយលំនៅដ្ឋានពលរដ្ឋ ដែលនៅតំបន់ទំនាប តាមសង្កាត់នានាក្នុងក្រុងព្រះសីហនុ រងនូវការជន់លិចចូលដល់ក្នុងផ្ទះ ខូចខាតទ្រព្យសម្បត្តិ រថយន្ត ម៉ូតូ និងសម្ភារៈផ្សេងទៀត ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!