ក្រុមប្រឹក្សាធម្មនុញ្ញ បានបោះឆ្នោតជ្រើសតាំង លោក ប្លង់ ឆ្លាម ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ៥ឆ្នាំ លើកទី២
ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសតាំងឥស្សរជន មួយរូប ក្នុងតំណែងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ ៥ ឆ្នាំ លើកទី ២ ។
នាព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតិភាពរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបោះឆ្នោតជ្រើសតាំងឥស្សរជន ១រូប ក្នុងតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ ៥ឆ្នាំ លើកទី២ ។
ជាលទ្ធផល អង្គប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ បានបោះឆ្នោតជ្រើសតាំង លោក ប្លង់ ឆ្លាម ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ៥ឆ្នាំ លើកទី២ ដោយសំឡេងឆ្នោតយល់ព្រមចំនួន ០៧សំឡេង នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល ដែលមានចំនួន ០៩ រូប ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃដដែរនេះ ។
គូសបញ្ជាក់ដែរថា លោក ប្លង់ ឆ្លាម ជាអតីតប្រធានសាលាដំបូងខេត្តតាកែវ ក្រោយមកត្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញ ជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីឆ្នាំ ២០១៥ លុះដល់ខែ កក្កដា ឆ្នាំ ២០១៩ លោក ប្លង់ ឆ្លាម ត្រូវចប់អាណត្តិ តែនាពេលនេះ លោក ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ៥ឆ្នាំ លើកទី២ ជាថ្មីម្ដងទៀត ។
សូមជម្រាបជូនថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានព្រះមហាក្សត្រ ជាព្រះប្រធាន មានអំណាចតែងតាំង ផ្ទេរ ព្យួរ និងដកចៅក្រម និងព្រះរាជអាជ្ញានៅទូទាំងប្រទេស ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!